Monday, July 14, 2025
Homeព័ត៌មានជាតិរថយន្ត​ដឹក​សាំង​ថយប៉ះ​បង្គោល​ភ្លើង ឆាប​ឆេះទាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ

រថយន្ត​ដឹក​សាំង​ថយប៉ះ​បង្គោល​ភ្លើង ឆាប​ឆេះទាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ

ខេត្តកំពង់ចាម ៖ រថយន្តដឹកសាំងមួយគ្រឿង បើកថយក្រោយចូលកន្លែងស្តុកប្រេងក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង តែដោយអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន ក៏ថយទៅប៉ះនឹងបង្គោល ភ្លើង ធ្វើឱ្យទុស្សេឆេះឆ្លងមករថយន្តដឹកសាំង ព្រមទាំងស្ថានីយប្រេងឥន្ធនៈយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្សារផ្អាវ ស្ថិតក្នុង ភូមិសំរោង ឃុំផ្អាវ ស្រុកបាធាយ។

ស្ថានីយប្រេងឥន្ធនៈ ដែលទទួលរងការ ឆាបឆេះជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះឃាង ស្រីណោ អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ដឹកប្រេងឥន្ធនៈមួយគ្រឿង ក្បាលពណ៌សលាយ ផ្ទៃមេឃ ស៊ីទែនប្រេងពណ៌ទឹកប្រាក់ បានបើក ដឹកប្រេងយកទៅដាក់នៅក្នុងស្ថានីយប្រេងឥន្ធនៈខាងលើ។ លុះទៅដល់ រថយន្តដឹកប្រេង បានបើកថយក្រោយបំណងចូលទៅកន្លែងស្តុក ប្រេងនៅក្នុងស្ថានីយ ប៉ុន្តែដោយអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យរថយន្តដឹក ប្រេងបានថយទៅប៉ះនឹងបង្គោលភ្លើង បណ្តាល ឱ្យកើតមានការទុស្សេឆេះរាលមកដល់រថយន្ត ដឹកប្រេង និងបន្តរាលឆេះស្ថានីយប្រេងបន្ថែមទៀត បង្កបានជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងមានផ្សែហុយខ្មួលខ្មាញ់ចេញទៅលើអាកាស តែម្តង។

ប្រភពដដែលបន្តថា នៅពេលកើតមាន គ្រោះអគ្គិភ័យភ្លាមៗ ប្រជាពលរដ្ឋក្បែរខាងបាន ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ជាបន្ទាន់ ដើម្បីសុំឱ្យរថយន្តពន្លត់អគ្គិភ័យចេញ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ព្រោះស្ថានភាពភ្លើងកំពុងឆាបឆេះពេញបន្ទុក និងមិនងាយ ពន្លត់ឡើយ ព្រោះជាស្ថានីយប្រេងឥន្ធនៈ និង រថយន្តដឹកប្រេងសាំង។

លោកវរសេនីយ៍ឯក សំ ណាល់ អធិការ នគរបាលស្រុកបាធាយ បានបញ្ជាក់ថា ក្រោយ ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានករណីគ្រោះអគ្គិភ័យភ្លាម លោកក៏បាន ចាត់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ចេញ អន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបាន ធ្វើឱ្យភ្លើងដែលកំពុងឆាបឆេះរថយន្តដឹកប្រេងឥន្ធនៈបានថមថយមួយកម្រិត។

លោកអធិការ បន្តថា បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាល ខេត្ត បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យស្រុក ជើងព្រៃ និងស្រុកព្រៃឈរ ចេញមកជួយអន្តរាគមន៍បន្ថែម២គ្រឿងទៀត ព្រមទាំងមាន ការជួយយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋ រហូតដល់អគ្គិភ័យ ដែលឆាបឆេះរថយន្តដឹក ប្រេងឥន្ធនៈ ព្រមទាំងស្ថានីយប្រេងឥន្ធនៈ បាន រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៧និង ៣០នាទីយប់ថ្ងៃដដែល បន្ទាប់ពីសមត្ថកិច្ចប្រើ ទឹកបាញ់ពន្លត់អស់ចំនួន៧រថយន្ត។

ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ច បានបញ្ជាក់ថា តាមការស្រាវជ្រាវ របស់សមត្ថកិច្ច អគ្គិភ័យនេះកើតឡើងដោយសារតែរថយន្តដឹកប្រេងសាំងថយក្រោយមិន ប្រយ័ត្នប៉ះនឹងបង្គោលភ្លើង ទើបធ្វើឱ្យកើត មានការឆាបឆេះរាលដល់រថយន្តដឹងប្រេង និង ស្ថានីយប្រេងបែបនេះ។ ចំណែកទំហំនៃការ ខូចខាតនៅមិនទាន់អាចបូកសរុបបាននៅឡើយ រីឯការខូចខាតជាក់ស្តែង រួមមាន រថយន្តដឹក ប្រេងត្រូវភ្លើងឆាបឆេះតែស៊ីទែនដឹកសាំង ប៉ុណ្ណោះ ចំណែកក្បាលរថយន្តមិនខូចខាតនោះ ទេ ចំណែកស្ថានីយប្រេងឥន្ធនៈ ត្រូវភ្លើងឆាប ឆេះអស់ប្រមាណ៥០ភាគរយ។ យ៉ាងណា អគ្គិភ័យនេះមិនបង្កឱ្យមានមនុស្សណាម្នាក់ទទួល រងរបួសនោះទេ និងមិនមានការឆេះឆ្លងរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដែលនៅក្បែរៗ នោះដែរ៕

RELATED ARTICLES