ខេត្តកំពង់ចាម ៖ បុរសម្នាក់ ព្រោះតែពិបាកចិត្តនឹងរឿងគ្រួសារ ដែលប្រពន្ធកំពុង ដេកឈឺធ្ងន់គ្មានប្រាក់ទិញថ្នាំសង្កូវព្យាបាល ម៉្យាង ជាប់ជំពាក់បំណុលគេច្រើនផង ក៏ចងកបញ្ចប់ ជីវិតខ្លួនឯង ដើម្បីគេចចេញពីបញ្ហាតែម្តង។
ករណីបុរសចងកសម្លាប់ខ្លួន ព្រោះតែ ប្រពន្ធឈឺអត់លុយព្យាបាលនោះ បានកើតមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដើមអម្ពិលខាងក្រោយភូមិពោធិ៍ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះផា ហឿន អាយុ៤៨ឆ្នាំ មានប្រពន្ធ និងកូនប្រុសស្រីក្នុងបន្ទុក ចំនួន៤នាក់ សព្វថ្ងៃ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា ក្រុមគ្រួសារជនរងគ្រោះខាងលើ មាន ជីវភាពទីទ័លក្រខ្លាំងណាស់។ ចំណែកស្ត្រីជា ប្រពន្ធជនរងគ្រោះ ក៏កើតមានជំងឺធ្ងន់ ព្យាបាល មិនជា ហើយកន្លងមក ជនរងគ្រោះធ្លាប់ដើរ ខ្ចីបុលគេនៅក្នុងភូមិ ដើម្បីយកមកទប់ទល់ ការចំណាយព្យាបាលប្រពន្ធផង រកស៊ីចិញ្ចឹម គ្រួសារផង រហូតដល់ជំពាក់បំណុលគេ ជុំទិស គ្មានលទ្ធភាពសង។ ចំណែកស្ថានភាពជំងឺប្រពន្ធ ចេះតែដុនដាបឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើប ធ្វើឱ្យជនរងគ្រោះពិបាកចិត្តពេក គិតអ្វីលែង ចេញក៏រើសយកវិធីសម្លាប់ខ្លួន ដើម្បីគេចវេះពី បញ្ហាតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានចូលសម្រាកនៅក្នុងផ្ទះដូចសព្វ មួយដង ស្រាប់តែមកដល់វេលាព្រលឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធ ជនរងគ្រោះ ភ្ញាក់ពីដេកមិនឃើញប្តីនៅក្បែរ ក៏ហៅកូនៗឱ្យ ដើរតាមរក ស្រាប់តែប្រទះឃើញ ឪពុកចងក ស្លាប់នៅលើដើមអម្ពិលខាងក្រោយភូមិយ៉ាង អាណោចអាធ័ម។
ក្រោយកើតហេតុ អ្នកភូមិបានរាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់កន្លែងកើត- ហេតុ លុះក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើ អត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅ នឹងករណីអ្វីផ្សេងនោះទេ។
សពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។
អ្វីដែលជារឿងគួរឱ្យសង្វេគបំផុតនោះ គឺ ស្ត្រីជាប្រពន្ធកំពុងមានជំងឺធ្ងន់ ក្រោកពីកន្ទេល មិនរួច និងគ្មានប្រាក់ព្យាបាលខ្លួនផង។ ចំណែក កូនៗក៏នៅតូច មិនទាន់អាចជំនួសដៃជើង ឬ ជួយរកស៊ីចិញ្ចឹមគ្រួសារបានពេញលេញនៅឡើយ រីឯបំណុលក៏ជំពាក់គេច្រើនទៀត ស្រាប់តែពេល នេះបុរសជាប្តីដែលជាបង្គោលបង្អែកគ្រួសារ បានចងកស្លាប់បាត់ទៅហើយ មិនដឹងថា វាសនា ក្រុមគ្រួសារមួយនេះ នឹងក្លាយទៅជាយ៉ាងណា នោះឡើយ៕ សុភ័ណ្ឌ