Thursday, May 15, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល អំពាវនាវឱ្យប្រុងប្រយ័ត្ន កូវីដបំប្លែងថ្មី ឆ្លងរាលដាលកម្រើកឡើងវិញ

ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រុងប្រយ័ត្ន កូវីដបំប្លែងថ្មី ឆ្លងរាលដាលកម្រើកឡើងវិញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីបានសង្កេតឃើញថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ វីរុសកូវីដ អូមីក្រុង បានបំប្លែងខ្លួនជាបន្តបន្ទាប់ ដោយអូមីក្រុងបំប្លែងថ្មី ប្រភេទជេអិន១ (JN.1) ដែលរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣ បានកម្រើកឡើងវិញ ដោយបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ជាច្រើន នៅទូទាំងពិភពលោក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបង្កើនការការ ពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បានបញ្ជាក់ថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុង ដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេស ពពួកអូមីក្រុងបំប្លែងថ្មី ប្រភេទជេអិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើន នៅទូទាំងពិភពលោក។ បច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជាវីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មី ប្រភេទជេអិន១ (JN.1) ត្រូវបានរកឃើញមានជាង ១៥ភាគរយ នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មី ជេអិន១ (JN.1)  នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញា មានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អក មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភ័ស្តុតាងជាសកល បច្ចុប្បន្នមិនបង្ហាញថា ជេអិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុង ពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអិន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនបង្គោល របស់វីរុស (mutations in the spike protein)។ ថ្វីត្បិតតែជេអិន១ (JN.1)  មានហានិភ័យសុខភាពសាធារណៈជាសកល នៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្ន គឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺ រួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនោះ នៅក្នុងប្រទេសកម្ពុជាយើង នាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ ជាប់ជានិច្ច ជាពិសេស នារដូវវស្សា ខាងមុខនេះ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នាក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ក្នុងនោះពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ។

វិធានការបង្ការការឆ្លង ៖

-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល៤០វិនាទី ឬជាមួយអាល់កុល ដែលក្នុងរយៈពេល ២០វិនាទី។

-ពាក់ម៉ាស ក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬទាញម៉ាស់ដាក់ក្រោមចង្កា និង ត្រូវដូរម៉ាសថ្មី នៅពេលវាសើម។

-ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល។

 -ត្រូវខ្ទប់មាត់និងច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ប្រើផ្នត់កែងដៃ ក្រមា កន្សែង ឬក្រដាសអនាម័យ រួចខ្ទប់បោះចោលក្នុងធុងសំរាមបិទជិត។

-ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺ ឱ្យបានត្រឹមត្រូវ។

-រក្សាគម្លាតសុវត្ថិភាព ពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ។

-បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។

-ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាស់ដើម្បីបង្កាការឆ្លងទៅអ្នកដទៃ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ  របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES