Saturday, December 28, 2024
Homeព័ត៌មានជាតិសុន​ខ​ស៊ី​ស្មៅ ពពែ​ស៊ី​សាច់

សុន​ខ​ស៊ី​ស្មៅ ពពែ​ស៊ី​សាច់

ស្ថានការណ៍នយោបាយនៅកម្ពុជា កាន់តែស្មុគស្មាញថែមទៀត ក្រោយពេលមានករណីបាញ់ប្រហារលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញ។ ខណៈដែលមេបក្សប្រឆាំង កំពុងរងសម្ពាធពីតុលាការ រីឯរាជរដ្ឋាភិបាល រងការគាបសង្កត់ពី អន្តរជាតិនោះ មិនខុសពីរឿងសុនខស៊ីស្មៅ ពពែស៊ីសាច់ នោះឡើយ ព្រោះសត្វទាំងពីរនេះ ត្រូវមនុស្សសំពងនឹងព្រនង់ ដូចគ្នា ដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ។

នៅក្នុងរឿង មហោសថជាតក បានតំណាលពីសត្វសុនខ (ឆ្កែស្រុក) ១ក្បាល និងសត្វពពែ១ក្បាល ជាសត្វគ្មានម្ចាស់ ពួកវារស់នៅក្នុងបរិវេណមហាកំពែងព្រះបរមរាជវាំង នៃព្រះបាទវិទេហរាជ។ សត្វទាំងពីរនេះមិនត្រូវធាតុគ្នាទេ ដោយ សុនខអាងចង្កូម ឯពពែអាងស្នែងសំប៉ែតខ្លីកំប៉ិត ឈ្លោះគ្នាមិនដែលឈ្នះសុនខ។ ថ្ងៃមួយ ពពែនោះបានទៅលួចស៊ីស្មៅដំរី ព្រះរាជទ្រព្យ ស្រាប់តែគង្វាលដំរីមើលឃើញ ក៏សំពងមួយព្រនង់ចំកណ្តាលខ្នង រងរបួសធ្ងន់ រត់ទៅដេកដួលក្បែរមហាកំពែង។ ក្នុងពេលជាមួយគ្នានោះដែរ សុនខ បានទៅលួចស៊ីសាច់ក្នុងមហារោងចុងភៅ សម្រាប់ធ្វើក្រយាស្ងោយថ្វាយព្រះមហាក្សត្រ ស្រាប់តែនាយពិសេស (ចុងភៅ) ម្នាក់ មើលឃើញ ក៏ទាញដំបងចោលឆ្កែត្រូវជើង រងរបួសយ៉ាងដំណំ វាស្រែកង៉េក!ៗ រត់ទៅដេកដួលក្បែរមហាកំពែង ដែលពពែកំពុងស្រែកថ្ងូរ ដោយឈឺរបួសដូចគ្នា។ លុះទុរន់ទុរាដូចគ្នាយ៉ាងនេះ សត្វទាំងពីរ ក៏ឈប់ទាស់គ្នា សុំយកគ្នាជាមិត្ត ដោយពពែសួរទៅសុនខ ថា បើយើងទាំងពីរទ្រមខ្លួនយ៉ាងនេះ តើទៅរកស្មៅ រកសាច់ឯណា បាន ព្រោះមនុស្សស្គាល់ពួកយើងអស់ទៅហើយនោះ?” សុនខ មានប្រាជ្ញាក៏ឆ្លើយថាត្រូវបងពពែឯងទៅលួចសាច់ នៅ រោងចុងភៅមកឱ្យខ្ញុំស៊ី ចំណែកខ្ញុំត្រូវទៅលួចស្មៅពីរោងដំរី មកឱ្យបងពពែឯងស៊ី ព្រោះបើធ្វើយ៉ាងនេះ មនុស្សមិនសង្ស័យ ទេ!” ស្របយោបល់គ្នា ពពែក៏ប្រឹងដើរទាំងត្រដាបត្រដួស ព្រោះដំបៅខ្នងមិនទាន់ជា ចូលទៅដល់រោងចុងភៅ ទោះជាពួក នាយពិសេសមើលឃើញក៏មិនប្រយ័ត្នដែរ ព្រោះគិតថា ពពែជាសត្វស៊ីស្មៅ វាមិនចេះស៊ីសាច់ទេ ជាឱកាសល្អ ពពែក៏លួច សាច់គោ១ដុំ ពាំយកទៅឱ្យសុនខជាមិត្ត។ រីឯសុនខនោះ ប្រឹងដើរជើង៣ ព្រោះជើង១ត្រូវដំបងមិនទាន់ជា បន្លំខ្លួនចូលដល់ រោងដំរី ទោះជាគង្វាលដំរីមើលឃើញក៏យល់ថា សុនខមិនស៊ីស្មៅទេ ជាឱកាសឱ្យសុនខនោះលួចពាំបានស្មៅខ្ចី១បាច់ យក ទៅឱ្យពពែជាមិត្ត។ សត្វទាំងពីរនេះ រកស៊ីចិញ្ចឹមគ្នាទៅវិញទៅមក រហូតដល់ព្រះបាទវិទេហរាជ ទតឃើញ ក៏ចងជាប្រស្នា សួរទៅអ្នកប្រាជ្ញប្រចាំព្រះនគរថាសត្វជើង៧កន្លះ ស៊ីស្មៅផង ស៊ីសាច់ផង តើជាសត្វអ្វី?” ប្រស្នានេះ មានតែព្រះមហោសថ អ្នកប្រាជ្ញប៉ុណ្ណោះ ដែលដោះរួច បន្ទាប់ពីលោកទៅឃ្លាំចាំមើលក្បែរកំពែងវាំង បានឃើញសុនខ និងពពែ រកស៊ីចិញ្ចឹមគ្នា ជាពិសេសឆ្កែដើរយួរជើង១៘

បើយករឿងជាតកនេះមកប្រៀបធៀបនឹងរឿងនយោបាយ យើងឃើញថា សត្វទាំងពីរនោះមុនដំបូងមិនត្រូវធាតុ គ្នាទេ លុះត្រូវដំបងព្រនង់របស់មនុស្ស ទើបចងមិត្តភាព។ យ៉ាងណាមិញ សុនខដែលមានចង្កូមខាំឈ្នះពពែ ប្រៀបបាន នឹងបក្សកាន់អំណាច ចំណែកពពែ មានតែស្នែងខ្លីកំប៉ិត ជល់មិនឈ្នះសុនខនោះ ប្រៀបបាននឹងបក្សប្រឆាំង។ បក្សទាំងពីរ នេះ ទាស់ទែងខ្វែងគំនិតគ្នា មើលមុខគ្នាមិនត្រង់ តែងប្រើយុទ្ធសាស្ត្រកាច់កុងគ្នា ជាអកុសល ស្រាប់តែបក្សប្រឆាំង រងការ គាបសង្កត់ពីតុលាការ មិនខុសពីព្រនង់របស់គង្វាលដំរី សំពងស្ទើរបាក់ខ្នងពពែ។ ចំណែកបក្សកាន់អំណាច ក៏ត្រូវសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គាបសង្កត់ ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេស បន្ទាប់ពីមានឃាតកម្មលើលោកបណ្ឌិត កែម ឡី ក៏ត្រូវគេទម្លាក់កំហុសលើរាជរដ្ឋាភិបាល សូម្បីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទទួលស្គាល់ថា ឃាតកម្មនេះ ធ្វើឱ្យខូចមុខមាត់រាជរដ្ឋាភិបាល។ ដូច្នេះ គំនាបអន្តរជាតិនេះ មិនខុសពីដំបងរបស់ចុងភៅស្តេច ចោលទៅត្រូវជើងសុនខ ឱ្យដើរជើង៣នោះឡើយ។

ដូច្នេះ កាលបើបក្សកាន់អំណាច និងបក្សប្រឆាំង ត្រូវដំបងព្រនង់យ៉ាងនេះ យើងមានជំនឿថា អនាគតដ៏ខ្លីខាងមុខ បក្សទាំងពីរ នឹងស្រុះស្រួលចាប់ដៃគ្នាភ្ជាប់មិត្តភាពវិញមិនខាន។ ឥឡូវតុលាការកម្ពុជា និងអាមេរិក អឺរ៉ុប កំពុងគាបបក្ស ទាំងពីរនេះធ្ងន់ទៅៗ ជាពិសេស តុលាការ បានចេញដីកាសម្រេចហាមលោកកឹម សុខា ចេញទៅក្រៅប្រទេស និងដាក់ឱ្យ នៅក្រោមការពិនិត្យពីបទបដិសេធការចូលខ្លួន។ ចំណែកសភាអាមេរិក បានចេញសេចក្តីសម្រេចលេខ២២៧ មានខ្លឹមសារ គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជា ឱ្យដើរត្រង់គន្លងប្រជាធិបតេយ្យ ជាពិសេសការគោរពសិទ្ធិមនុស្ស។ សម្ពាធបញ្ច្រាសទិសគ្នា នេះនគរធំមានទស្សនៈថា កាលបើទ្រាំមិនបាន បក្សទាំងពីរនឹងស្រុះស្រួលបបួលគ្នាជល់កែវមិនខានឡើយ ព្រោះសារជាតិរបស់ខ្មែរ ពូជសាងអង្គរវត្ត ដូចគ្នានេះ ឈ្លោះគ្នាមិនដែលបានយូរទេ តែបើខ្មែរឈ្លោះជាមួយប្រទេសជិតខាង ទើបបាន យូរអង្វែង។

រួចមកហើយយើងឃើញថា របបប៉ុល ពត គ្មានការបែងចែកវណ្ណៈអ្វីទេ ប៉ុន្តែ ឥទ្ធិពលមនោគមន៍វិជ្ជា បានធ្វើឱ្យប្រជាជន មូលដ្ឋាន (អ្នកចាស់)ចាត់ទុកប្រជាជន១៧មេសា (អ្នកថ្មី) ជាខ្មាំងសត្រូវ។ ពួកមូលដ្ឋានបានក្លាយជាឧបករណ៍សម្លាប់មនុស្ស តាមបញ្ជាអង្គការ បណ្តាលឱ្យពួកថ្មីស្លាប់វាល់វាល ប៉ុន្តែ ក្រោយមក ពួកចាស់ក៏ត្រូវគេសម្លាប់ដែរ។ លុះដល់កងទ័ពវៀតណាម វាយរុញច្រានឱ្យរត់ឡើងភ្នំ ស្រាប់តែពួកចាស់និងពួកថ្មី ស្រឡាញ់រាប់អានគ្នា ចែកគ្នារស់ ក្នុងពេលរត់លូនស៊ីអត់ស៊ី ឃ្លានជាមួយគ្នា ដោយចាត់អ្នកថ្មីទៅរកក្តាម ឯអ្នកចាស់ទៅរកបន្លែ មកស្លចែកគ្នាហូប។ ដោយឡែក ចលនាត្រីភាគី និង រដ្ឋអំណាចក្រុងភ្នំពេញ ក៏ចាត់ទុកគ្នាជាសត្រូវដែរ ប៉ុន្តែ ក្រោយមានគំនាបពីអន្តរជាតិ រហូតមានកិច្ចព្រមព្រៀងថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ តម្រូវឱ្យភាគីតស៊ូក្នុងព្រៃធ្វើសមាហរណកម្មនោះ យើងឃើញទាហានប៉ារ៉ា ទាហានខ្មែរក្រហម និងទាហានរដ្ឋាភិបាល ចាប់ដៃឱបរឹតគ្នា ចែកបុណ្យស័ក្តិគ្នា បាត់អស់រលីងនូវភាពអមិត្ត ដែលសរុបទៅជនជាតិខ្មែរ ឈ្លោះគ្នាមិនដែលបាន យូរទេ ព្រោះកាលបើមានគំនាបសង្កត់ពីអន្តរជាតិ ក៏ដូចជាគំនាបក្នុងប្រទេស ក៏បាក់ធ្មុងរៀងៗខ្លួន។

ក្រោយការបោះឆ្នោតអាណត្តិទី១ នាឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ យើងឃើញអ្នកនយោបាយខ្មែរឈ្លោះត្រូវៗ ក្លាយជាវប្បធម៌ទៅហើយ ជួនកាលជម្លោះនោះជ្រុលជ្រួសរហូតផ្ទុះអាវុធ បណ្តាលឱ្យអ្នកបម្រើនយោបាយបាត់បង់ជីវិត ចំណែក អ្នកនយោបាយកំពូលមិនដែលរងគ្រោះអ្វីទេ ច្រើនណាស់ត្រឹមរត់ចោលស្រុកប៉ុណ្ណោះ។ ឥឡូវជំងឺចាស់វារើទៀតហើយ ខណៈ ដែលអ្នកនយោបាយពាក់មុខយក្សដាក់គ្នា ផ្អើលដល់ពិភពលោក ជាពិសេសការបាត់បង់ជីវិតអ្នកវិភាគសង្គមដ៏ល្បីល្បាញនោះ កំពុងក្លាយជាប្រធានបទក្តៅគគុក តម្រូវឱ្យអ្នកនយោបាយដោះស្រាយ។ បក្សកាន់អំណាច និងបក្សប្រឆាំង កំពុងត្រូវព្រនង់ ស្របគ្នា ដូចរឿង សុនខស៊ីស្មៅ ពពែស៊ីសាច់។ កាលបើភាគីទាំងពីរមានរបួសទុរន់ទុរា គ្មានលទ្ធភាពឈ្លោះគ្នាទៀតទេ ចាំបាច់ត្រូវតែចាប់ដៃគ្នាជាភាតរភាព រកស៊ីចិញ្ចឹមគ្នាទៅវិញទៅមក និងចូលរួមធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ជាតិ។

សរុបទៅសុនខស៊ីស្មៅ ពពែស៊ីសាច់ មានន័យយ៉ាងនេះឯង សំដៅដល់ភាគីបក្សកាន់អំណាច និងបក្សប្រឆាំង កំពុង មានអរិភាពជាមួយគ្នា លុះរងសម្ពាធធ្ងន់ បើមិនចាប់ដៃគ្នាច្បាស់ជារងផលវិបាកដល់ប្រជាពលរដ្ឋ។ ជម្លោះនយោបាយ មិន មែនស្លាប់អ្នកនយោបាយនោះទេ ប៉ុន្តែ វាអាចពាក់ព័ន្ធដល់សណ្តាប់ធ្នាប់សង្គម អសន្តិសុខ អតិផរណាប្រាក់រៀល ធ្វើឱ្យអ្នកក្រ លៀនអណ្តាត…៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES