Saturday, May 24, 2025
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ថាខ្មែរ ចាញ់គេគ្រប់យ៉ាង តែឈ្នះរាស្រ្តក្រវេទនា

បក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ថាខ្មែរ ចាញ់គេគ្រប់យ៉ាង តែឈ្នះរាស្រ្តក្រវេទនា

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) កំពុងរស់និរទេសនៅប្រទេសបារាំង ដែលបច្ចុប្បន្នបានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ ដែលបានលើកឡើងថា បើប្រៀបធៀបជាមួយប្រទេសជិតខាង ខ្មែរយើងចាញ់គេគ្រប់យ៉ាង តែខ្មែរយើងឈ្នះគេរឿងរាស្ត្រក្រវេទនា។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ថា តាំងពីដើមមក ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម សម រង្ស៊ី មិនដែលនិយាយល្អពីលទ្ធផលនៃការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ទេ គឺមហិច្ឆតារបស់គេ ចង់ឡើងកាន់អំណាច ទើបព្យាយាមខ្ចីដៃប្រជាពលរដ្ឋ សកម្មជន ប្រើក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ប៉ុន្តែកុំភ្លេចថា មកដល់ពេលនេះ មានសកម្មជនអតីតបក្សប្រឆាំង មួយថ្ងៃៗ រាប់សិបនាក់ បានមកចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។ ម្យ៉ាងទៀត រឿងមានក្រនេះ សូម្បីនៅអាមេរិក ក៏មានដែរ មិនដែលប្រទេសណាមានអ្នកមានទាំងអស់ និងអ្នកក្រទាំងអស់នោះទេ ។ អ្វីដែលសំខាន់ ការរីកចម្រើនសម្រាប់ប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល បង្ហាញជារៀងរាល់ថ្ងៃ អំពីសមិទ្ធផលលើគ្រប់វិស័យ ដែលពលរដ្ឋបានឃើញទាំងអស់គ្នា ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “សរុបមក តាំងពីដើម ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ គឺមិនដែលនិយាយល្អពីលទ្ធផលនៃការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ទេ ។ អ៊ីចឹងការដែលគាត់និយាយអ៊ីចឹង វាជារឿងធម្មតាទៅហើយ សម្រាប់អ្នកប្រឆាំងផ្ដាច់មុខនេះ អាហ្នឹងយើងមិនបាច់ចាប់អារម្មណ៍អីទេ ។ ប៉ុន្តែយ៉ាងណា ការរីកចម្រើន ត្រូវបានរាជរដ្ឋាភិបាលបង្ហាញជារៀងរាល់ថ្ងៃ អ្វីទៅដែលជាសមិទ្ធផលលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា យើងឃើញទាំងអស់គ្នាហើយ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលបានកសាងឡើងនេះ គឺថាអត់មានលាក់លៀមចំពោះមហាជន ប្រជាជន ជាពិសេសប្រជាជនកម្ពុជាទូទាំងប្រទេសទេ ។ អ៊ីចឹងប្រជាជនទូទាំងប្រទេស លោកយល់បាន លោកដឹងបាន ហើយលោកទទួលផលបានហើយ ។ ដូច្នេះទោះបីទណ្ឌិតមេឧទ្ទាមជ្រុលនិយម និយាយយ៉ាងម៉េចក៏ដោយ ក៏វាអត់បានការអីដែរ ហើយអារឿងមានក្រនេះ វាមិនដែលទូទាំងប្រទេសហ្នឹង វាមានក្រទាំងអស់គ្នាទេ បើមាន មានទាំងអស់គ្នា ឬក្រ ក្រទាំងអស់គ្នាទេ ទោះបីនៅអាមេរិក ក៏ដោយ ដែលជាង ៣០០លាននាក់ហ្នឹង សួរថាតើអ្នកមានប៉ុន្មាន? សេដ្ឋី មិនមែនមាន៣០០លាននាក់ហ្នឹងទេ សេដ្ឋី មានតែប៉ុន្មានសិបនាក់តែប៉ុណ្ណោះទេ សេដ្ឋីនៅអាមេរិក ។ ដូច្នេះហើយ វាសបញ្ជាក់ឲ្យឃើញថា គ្រប់សង្គមនៅលើពិភពលោកនេះ មិនមែនមានៗទាំងអស់ ហើយក្រៗទាំងអស់ទេ វាមានអ្នកមាន វាមានអ្នកក្រ ស្របទៅតាមលក្ខណសម្បត្តិរបស់បុគ្គល ឬក្រុមគ្រួសារនីមួយៗ ។ និយាយទៅ រឿងជីវភាពប្រជាពលរដ្ឋខ្មែរ យើងយកតួលេខជាមូលដ្ឋាន នៅក្នុងឆ្នាំ២០២៤-២០២៥នេះ គឺថាចំណូលរបស់ពលរដ្ឋកម្ពុជា ម្នាក់ វាឡើងដល់ ៣០០០ដុល្លារ ក្នុង១ម្នាក់ទៅហើយ ដែលពីមុនមក តាំងពីឆ្នាំ១៩៩០ ប្លាយមក វាបានតែ ៤០០ទេ ឥឡូវវាឡើង ១០ដងហើយ វាលើសពីមុនមក ។ អ៊ីចឹងអានេះ សបញ្ជាក់ថា មានការរីកចម្រើនហើយ ហើយការវាយតម្លៃនេះ គឺថាសុទ្ធតែចេញអំពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ មិនមែននិយាយលេងៗដូចជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះទេ“។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះអ្វីដែលគាត់អំពាវនាវដោយប្រយោលថា ត្រូវតែផ្លាស់ប្តូររបបនេះចេញ តាមរយៈការរួបរួមគណបក្សនយោបាយទាំងអស់ ដើម្បីអនាគត ដើម្បីជីវិតកាន់តែប្រសើរឡើងសម្រាប់កូនចៅខ្មែរ ទៅថ្ងៃមុខអីនោះ គឺថា នយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ វាមានតែមួយទេ គឺថាចង់មកកាន់អំណាចនៅកម្ពុជា ក៏ប៉ុន្តែគាត់ធ្វើអីវាមិនបាន ។ អ៊ីចឹងទេ គាត់ប្រើដៃប្រជាជន ដើម្បីឲ្យដណ្ដើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជា យកទៅឲ្យគាត់ សួរថាពីណាភ្លើខ្លះ? ដោយសារអាភ្លើ កន្លងទៅនេះហើយ គឺថាដោយសារលុះដោយការញុះញង់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលកំពុងតែរត់គេចខ្លួននៅប្រទេសបារាំង ហ្នឹងហើយ បានជាជាប់គុក ខ្លួនឯងជាប់គុកជំនួសពួកហ្នឹង ហើយសួរថា ក្រុមឧទ្ទាមក្រៅច្បាប់ មានដែលទៅដោះស្រាយ ឬឈឺក្បាលដោយសារខ្លួនឯងវេទនានៅក្នុងគុកឯណា? អត់ទេ ។ អ៊ីចឹងទេ អានេះជាមេរៀនសម្រាប់សកម្មជន ។ ឥឡូវនេះសកម្មជនរបស់បក្សប្រឆាំងហ្នឹង មួយថ្ងៃៗហ្នឹង ចូលរាប់សិបនាក់ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។ ដូច្នេះមហិច្ឆតាចង់បានអំណាច ដោយប្រើដៃប្រជាជន ឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលហ្នឹង វាអត់ផ្លូវទេ គ្រាន់តែជាការយល់សប្ដិ ក៏មិននឹកយល់សប្ដិផង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ការញុះញង់របស់ទណ្ឌិតក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម គឺថាវាមានរាប់សិបឆ្នាំមកហើយ យើងដឹងហើយថា ទណ្ឌិតសម រង្ស៊ី ប្រើនយោបាយញុះញង់ហ្នឹង តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ មក ឥឡូវវា ២០២៥ ទៅហើយ ។ ដូច្នេះហើយ ប្រជាជនក៏ដូចជាសកម្មជនរបស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វាជោកជាំទៅដោយការញុះញង់ទៅហើយ ។ អ៊ីចឹងទេ គ្មានអ្នកណាជឿការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ ។ អ៊ីចឹងទេ ការលើកឡើង ការញុះញង់របស់ទណ្ឌិតសម រង្ស៊ី ពីក្រៅប្រទេសមក វាគ្រាន់តែការសម្ដែងឲ្យឃើញថា ជាក្ដីអស់សង្ឃឹមរបស់ពួកហ្នឹងតែប៉ុណ្ណោះទេ“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានលើកឡើងថា បើប្រៀបធៀបជាមួយប្រទេសជិតខាង ខ្មែរយើងចាញ់គេគ្រប់យ៉ាង តែខ្មែរយើងឈ្នះគេរឿងរាស្ត្រក្រវេទនា និងបានលើកឡើងថា ត្រូវតែផ្លាស់ប្តូររបបនេះចេញ តាមរយៈការរួបរួមគណបក្សនយោបាយទាំងអស់ ដើម្បីអនាគតជីវិតកាន់តែប្រសើរឡើង សម្រាប់កូនចៅខ្មែរ។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា “ បើប្រៀបធៀបជាមួយប្រទេសជិតខាង យើងចាញ់គេគ្រប់បែបយ៉ាង តែបើប្រៀបធៀបរឿងរាស្ត្រវេទនាវិញ ខ្មែរយើងឈ្នះគេហើយ“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “ខ្ញុំដឹងថា សព្វថ្ងៃនេះ រាស្រ្តខ្មែរយើងកំពុងរងទុក្ខវេទនាខ្លាំងណាស់ ទោះជាអ្នកនោះជាអ្នកគាំទ្រគណបក្សណាក៏ដោយ។ ទាំងគណបក្សប្រឆាំង ទាំងគណបក្សប្រជាជន រាស្រ្តខ្មែរយើងទាំងអស់គ្នា កំពុងប្រឈមមុខនឹងបញ្ហាលុយកាក់ បញ្ហាបំណុល បញ្ហាសេដ្ឋកិច្ច បញ្ហាលំនៅឋាន បញ្ហាកាងារ បញ្ហាសុខភាព និងកំពុងប្រឈមមុខនិងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ កាស៊ីណូ បនល្បែងស៊ីសង គ្រឿងញៀន អំពើបោកប្រាស់ ចាប់ជំរិត បានកើនឡើងពាសពេញប្រទេស តែរដ្ឋាភិបាលកម្ពុជា មិនដែលខ្វល់ពីប្រជាពលរដ្ឋឡើយ ពួកគេបែរជារួមប្រព្រឹត្តបទឧក្រិដ្ឋជាមួយក្រុមម៉ាហ្វីយ៉ា ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជារៀងរាល់ថ្ងៃ។ មេដឹកនាំសព្វថ្ងៃនេះ ជាមនុស្សអសមត្ថភាព មិនចេះជួយ មិនចេះដោះស្រាយបញ្ហាសង្គម តែបែរជាបន្ទោសជនរងគ្រោះ បន្ទោសកសិករដែលខំប្រឹងប្រែងចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារទៅវិញ។ យើងជាប្រជាពលរដ្ឋខ្មែរ យើងអាចរួបរួមគ្នា រួបរួមគណបក្សនយោបាយទាំងអស់ យើងនឹងផ្លាស់ប្តូររបបនេះចេញ ដើម្បីអនាគត ដើម្បីជីវិតកាន់តែប្រសើរឡើង សម្រាប់កូនចៅខ្មែរយើង ទៅថ្ងៃមុខ។ យើងត្រូវតែផ្លាស់ប្តូររបបនេះចេញ“ ៕ កុលបុត្រ

RELATED ARTICLES