
ភ្នំពេញ ៖ បន្ទាប់ពីមានការលើកឡើងពីក្រុមប្រឆាំង ថាព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានលក់ទៅឲ្យឯកជន ស្របពេលត្រៀមដំណើរការព្រលានយន្តហោះថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នោះរួចមក សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល មិនមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ ហើយដីព្រលានយន្តអន្តរជាតិភ្នំពេញ នេះ ប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ ជាពិសេស ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ ។
ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ដូចខាងលើនេះ គឺធ្វើឡើងឆ្លើយតប បំភ្លឺចំពោះមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមប្រឆាំង ដែលបានលើកឡើងថា ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានលក់ឲ្យឯកជន យូរមកហើយ ជាមួយគ្នានេះ មជ្ឈដ្ឋានទាំងនោះ បានស្នើឲ្យរាជរដ្ឋាភិបាល រក្សាទុកព្រលានយន្តហោះនេះ កុំលក់ ឬដោះដូរឲ្យឯកជន ដើម្បីកុំឲ្យបាត់បង់ដានប្រវត្តិសាស្ត្រ ជាពិសេសស្នាព្រះហស្តព្រះបរមរតនកោដ្ឋ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានសួរទៅក្រុមប្រឆាំងថា បើក្រុមជ្រុលនិយមលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង នោះ សូមបញ្ជាក់ឯកសារមក ព្រោះរាជរដ្ឋាភិបាល តាំងតែពីការដឹកនាំដោយសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧ នេះ ក្រោមការដឹកនាំដោយសម្ដេច ផ្ទាល់ គឺមិនដែលបានលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង នោះទេ ពោលគឺកាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាល បានមានកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការ មិនមែនសិទ្ធិគ្រប់គ្រងទេ ហើយរដ្ឋ ជាម្ចាស់ដដែល គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលជាអ្នកគ្រប់គ្រង ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “រឿងនេះ តាមពិត ខ្ញុំមិនចង់និយាយនៅពេលនេះ គ្រោងទុកទៅថ្ងៃប្រកាសបើកឲ្យសម្ពោធនូវព្រលានយន្តហោះថ្មី ប៉ុន្តែបើសិនជាមិនបញ្ជាក់ជូនមហាជនទេ គឺអាចជ្រួលច្របល់ ហើយក្រុមអ្នកកេងចំណេញនយោបាយមួយចំនួន យកអានេះទៅបកស្រាយខុស ធ្វើឲ្យប្រជាជនមានការបារម្ភ ជាពិសេសអ្នកនៅភ្នំពេញ តែម្ដង គឺព្រលានយន្តហោះពោធិ៍ចិនតុង ហ្នឹង ដែលប៉ុន្មានថ្ងៃនេះ ឃើញជជែកផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះ គឺថាច្បាស់ណាស់ ព្រលានយន្តហោះនេះ រដ្ឋាភិបាលលក់ឲ្យវិស័យឯកជន ១៥ឆ្នាំមុន។ តើបានមកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង មានគ្រោងទៅព្រលានហោះចាស់? បើមាន សូមឲ្យឯកសារហ្នឹងមក ក្រែងលោខ្ញុំមិនដឹង ព្រោះមានតែ ២នាក់ទេ ដែលមានសិទ្ធិនៅក្នុងការសម្រេចដោះដូរកន្លែង គឺសម្តេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិមុន ហើយរូបខ្ញុំ ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ ហើយយើងទាំងពីរនាក់ អត់ដែលបានដឹងអំពីគម្រោងនៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុង ទៅណា។ អីចឹងអ្នកដែលនិយាយ អ្នកដែលជជែកគ្នា ខ្ញុំសុំឲ្យបញ្ចប់។ ម៉ោងនេះ ថ្មើនេះ គឺគ្មានគោលការណ៍ ហើយពីមុនមក គឺគ្មានគោលការណ៍ កន្លែងណាដែលថា សម្រេចលក់ព្រលានយន្តហោះនេះ ឲ្យទៅឯកជននោះទេ។ សំណួរសួរថា មានអត់? ឆ្លើយខ្លី ថាអត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់ព្រលានយន្តហោះនេះដែរ សូមបញ្ជាក់ឲ្យច្បាស់ខ្លីប៉ុណ្ណឹង ។ ពីមុនមក យើងធ្លាប់មានគណៈកម្មការមួយ នៅអាណត្តិមុន ហើយដឹកនាំដោយឯកឧត្ដម ជា សុផារ៉ា គឺហៅថា គណៈកម្មការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់ លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ ។ គណៈកម្មការនេះ ការងារនេះ គឺដើម្បីចរចាគ្រប់នៅក្នុងសិទ្ធិកិច្ចប្រតិបត្តិ មិនមែនចរចាដើម្បីដោះដូរព្រលាននោះទេ“ ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា “ព្រលានយន្តហោះរបស់យើង តាំងពីឆ្នាំ១៩៩០ ជាងមក គឺយើងមានកុងត្រាផ្ដាច់មុខមួយ ជូនទៅក្រុមហ៊ុនបារាំង សម្បទានបារាំង គឺក្រុមហ៊ុន SCA នៅក្នុងសិទ្ធិនៅក្នុងប្រតិបត្តិ មិនមែនសិទ្ធិជាម្ចាស់ទេ ។ ម្ចាស់របស់ព្រលានយន្តហោះបច្ចុប្បន្ន ពីអតីតកាល គឺនៅតែជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គឺរដ្ឋដដែល ឯកជន ក្រុមហ៊ុន SCA គឺមានសិទ្ធិនៅក្នុងការប្រតិបត្តិទេ ។ អាហ្នឹងដូចជួលផ្ទះអ៊ីចឹង ម្ចាស់ផ្ទះ នៅជាម្ចាស់អគារ និងម្ចាស់ដី យើងជួលឲ្យអ្នកមកបើកជាហាង បើកជាអី មិនមែនអ្នកហ្នឹងមានសិទ្ធិនៅក្នុងការយកដី យកផ្ទះហ្នឹងទេ ។ អ៊ីចឹងដើម្បីបើកកប៉ាល់ហោះថ្មី ព្រលានថ្មីនេះ ត្រូវផ្ទេរសិទ្ធិនេះ ទាល់តែ SCA ឯកភាព មិនអាចលុយមកធ្វើព្រលានថ្មី ហើយប្រតិបត្តិនោះទេ គឺខុសកិច្ចសន្យារវាងរដ្ឋាភិបាល ។ អ៊ីចឹងគណៈកម្មការ គឺបន្ត ហើយអាណត្តិថ្មីនេះ មានឯកឧត្ដម ម៉ៅ ហៅវណ្ណាល់ ដឹកនាំបន្ត គឺដើម្បីចរចាលើកិច្ចព្រមព្រៀងនេះ ដើម្បីយកក្រុមហ៊ុន SCA ទៅឲ្យក្រុមហ៊ុនថ្មីដែលវិនិយោគ កសាងព្រលានយន្តហោះអន្តរជាតិតេជោ ដែលត្រូវសម្ពោធ នាពេលខាងមុខនេះ ដើម្បីផ្ទេរសិទ្ធិនៅក្នុងប្រតិបត្តិតែប៉ុណ្ណឹង ហើយគ្មានចរចារឿងលក់ព្រលាននោះទេ ។ ការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃទី២៨ ខែ០៤ កន្លងទៅនេះ គឺមានពីរចំណុច គឺយើងគ្រោងផ្ទេរប្រតិបត្តិការ តាមផែនការ គឺថ្ងៃទី៩ ម៉ោង១២យប់ ចូលថ្ងៃទី១០ កក្កដា ។ ផ្ទេរនេះ បានន័យថា បិទប្រតិបត្តិការកន្លែងចាស់ កប៉ាល់ហោះ ចុះទៅកន្លែងថ្មី អាកន្លែងបញ្ជាកប៉ាល់ហោះ Air Traffic Controller អីទៅហ្នឹង ដើម្បីកប៉ាល់ហោះកន្លែងនោះ ។ នេះគឺជាការផ្ទេរ មិនមែនការផ្ទេរទៅដល់នោះ ហើយឲ្យឯកជនចូលមកយកនេះទេ ។ ចំណុចក្រោយពីពេលនោះ ពីណាទទួលខុសត្រូវ? ខ្ញុំបានចារឯកភាពពីរចំណុច ដែលរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ស្នើសុំ ។ ទី១ ផ្ទេរការគ្រប់គ្រងព្រលានទាំងមូល ទៅឲ្យការគ្រប់គ្រងរបស់រដ្ឋលេខាធិការការដ្ឋានអាកាសចរណស៊ីវិល ។ ចំណុចទី១ គឺសុំកងកម្លាំងប្រដាប់អាវុធ ដើម្បីជួយការពារសន្តិសុខ ទ្រព្យសម្បត្តិរបស់រដ្ឋ នៅព្រលានចាស់ រួមទាំងការការពារល្បាតជុំវិញហ្នឹង បូកជាមួយនឹងការពារនៅទីតាំង ។ អ៊ីចឹងគឺថា ការពារ ខ្ញុំសម្រេចនៅថ្ងៃទី២៨ ខែ០៤ ថ្មីៗនេះ គឺសម្រេចការផ្ទេរភារកិច្ចមកការគ្រប់គ្រងដាច់ទាំងមូល ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទៅលើទីតាំងទាំងមូល SCA គឺផ្ទេរទៅព្រលានយន្តហោះថ្មី គឺផ្ទេរការគ្រប់គ្រង ហើយដីកន្លែងនេះនៅតែជារបស់រដ្ឋដដែល អត់មានលក់ទៅណាទេ សុំបញ្ជាក់!“ ។

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា “ឥឡូវបើមិនលក់ឥឡូវ លក់ទៅមុខអត់? អត់ទេ ។ គោលការណ៍ដែលយើងគ្រោងបច្ចុប្បន្ន គឺរក្សាកន្លែងនេះ ទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីជាពីសបម្រុង ការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ។ ពិតណាស់ យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅព្រលានយន្តហោះនេះទេ ហើយទី២ ក៏វាពាក់ព័ន្ធទៅនឹងកិច្ចសន្យាជាមួយ SCA នៅក្នុងការគ្រប់គ្រង តែសម្រាប់បច្ចេកទេស កន្លែងនេះ ចុះឧទ្ធម្ភាគចក្របាន ហើយបើសិនជាចាំបាច់ ក្នុងករណីមួយៗ ដែលមានអាសន្នអន្ធក្រ ព្រលានចុះមិនបានពេលណា ទោះបីមិនមានអាកន្លែងបញ្ជា ក៏ពីឡុតដែលឆែកជាមួយបច្ចេកទេ អាចប្រើប្រាស់ជំនាញដែលគាត់ហ្វឹកហ្វឺន តាមភ្នែកដែលគាត់មើលបានអាចចុះបណ្ដោះអាសន្នកន្លែងនេះ ។ អានេះគឺជាការគិតគូរចំពោះមុខ នៅក្នុងការថែរក្សា ។ ខ្ញុំនឹងនិយាយបន្ថែមទៀតទៅខាងមុខ នៅពេលដែលសម្ពោធសមិទ្ធផលជាក់ស្ដែងនៅព្រលានថ្មី តើយើងធ្វើកន្លែងណា? យើងបានសិក្សាមួយជម្រើស ពីរជម្រើសទៀត នៅក្នុងករណីដែលទៅអនាគត យើងមិនអាចទុកវាជាព្រលាន គោលការណ៍ដែលធ្វើនោះ ត្រូវមានបី ។ ទី១ រក្សាតម្លៃប្រវត្តិសាស្រ្តនៃទីតាំងនេះ រក្សាតម្លៃប្រវត្តិសាស្រ្តនៅទីតាំងនេះ គឺមិនឲ្យបាត់កន្លែងនេះដែលជាអតីតព្រលានយន្តហោះដែលជាស្ថាព្រះហស្តរបស់ព្រះបាទបរមរតនកោដ្ឋ ហើយបម្រើដល់វិស័យដឹកជញ្ជូនយើងរាប់សិបឆ្នាំទេ“ ។

ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងតម្លៃប្រវត្តិសាស្រ្ត នៅតែមាន ត្រូវធ្វើបន្ត ។ ទី២ គឺជម្រើសដែលផ្ដល់ដល់ផលប្រយោជន៍ដល់សាធារណជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា អត់ឲ្យឯកជនទេ គឺនឹងប្រែក្លាយទៅជាកន្លែងណាមួយ ឬមួយទ្រព្យសម្បត្តិអ្វីមួយ ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញ អាចប្រើប្រាស់ជាអតិបរមា ។ នេះគឺជាការប្រើប្រាស់ ។ ហើយទី៣ លក្ខខណ្ឌ ដែលត្រូវធ្វើ បីលក្ខខណ្ឌនេះ ត្រូវធានា គឺរូបមន្តនិងជម្រើសនៃការគ្រប់គ្រង ប្រើប្រាស់យ៉ាងណាក៏ដោយ ដែលមានចីរភាព ប៉ុន្តែត្រូវធានាថា ទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវតែនៅជាទ្រព្យសម្បត្តិរបស់រដ្ឋ អត់មានឲ្យឯកជនទេ ។ នេះជាគោលការណ៍ដែលយើងធ្វើ ។ អ៊ីចឹងគោលការណ៍ទាំងអស់នេះ ដែលយើងធ្វើ នឹងពិភាក្សា យើងកំពុងពិនិត្យមើលចំណុចហ្នឹង តែធ្វើយ៉ាងណា កន្លែងនេះ នៅតែជាការរក្សាតម្លៃប្រវត្តិសាស្រ្ត មិនឲ្យបាត់ទៅណាទេ ។ សួរថា គេធ្លាប់និយាយ គេធ្លាប់ Calculate មានតើ! គេគិត ៣០០ហិកតារ ១ការ៉េ តែ១ពាន់ ឡើង៣ពាន់លាន ។ តែ៣លាននេះ គិតជាលុយ មិនស្មើនឹងផលនឹងតម្លៃប្រវត្តិសាស្រ្ត ដែលព្រលានមួយនេះនឹងផ្ដល់ដល់ប្រជាពលរដ្ឋនោះទេ យើងត្រូវរក្សាអានេះ ហើយគោលការណ៍នេះ តាំងពីដើមមក ខ្ញុំធ្លាប់បានជជែក ហើយសុំពិនិត្យមើលកិច្ចការនេះ ជាមួយឯកឧត្ដមម៉ៅ ហៅវណ្ណាល់ ហើយក៏សុំគោលការណ៍ជាមួយសម្ដេចតេជោ គឺមិនដែលមានពេលមួយប៉ប្រិចណាដែលយើងពិចារណាថា លក់ទីតាំងនេះ ឬដោះដូរទីតាំងនេះឲ្យឯកជន យកអភិវឌ្ឍអចលនទ្រព្យអីនោះទេ គឺទុករក្សាដើម្បផលប្រយោជន៍សាធារណៈ ហើយសំខាន់បំផុត នៅតែជាអចលនទ្រព្យរបស់រដ្ឋ ដដែល ទៅថ្ងៃអនាគត សុំបញ្ជាក់ប៉ុណ្ណេះ សុំបញ្ចប់ការជជែកដេញដោលគ្នាទៅ ហើយពីណាថា បើមានកុងត្រា គោលការណ៍ដែលរដ្ឋស៊ីញេ មាន ស.ជ.ណ ឬកន្លែងណាដែលថា រដ្ឋលក់ឲ្យឯកជនណា សុំឲ្យមកខ្ញុំមក ព្រោះបើសិនជាខ្ញុំ សម្ដេចតេជោ មិនស៊ីញេ ផ្ដល់គោលការណ៍ គ្មានពីណាមានសិទ្ធិទេ ក្រែងលោពីណាគេទៅតំណាងឲ្យខ្ញុំអី ទៅធ្វើចរចា ខ្ញុំមិនដឹង តែគ្មានគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើទេ គ្មានពីអតីតកាល គ្មានបច្ចុប្បន្នកាល ហើយអនាគតក៏គ្មានដែរ សុំបញ្ជាក់! ហើយបើឯកជនណាចង់មកចែចូវទីតាំងនេះ ដើម្បីយកទៅអភិវឌ្ឍ ដោះដូរ ខ្ញុំឲ្យទៅរកកន្លែងផ្សេងទៅ កន្លែងនេះទុកជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ទ្រព្យសម្បត្តិសាធារណៈសម្រាប់ទៅអនាគតរបស់យើង ខ្ញុំសុំបញ្ជាក់ប៉ុណ្ណឹងដោយខ្លី អ៊ីចឹងខ្ញុំសុំបិទវង់ក្រចកប៉ុណ្ណឹងចុះ ថាចាំរហូតដល់ខែ៧ ចាំនិយាយ ប៉ុន្តែបើមិននិយាយថ្ងៃនេះទេ ប្រហែលជានឹងដុតពេញហ្វេសប៊ុក ព្រោះបីថ្ងៃនេះ ខ្ញុំឃើញដុតមែនទែន“ ។
សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងខ្ញុំសុំយកឱកាសនេះ បញ្ជាក់ ព្រោះនេះគឺជាឧទាហរណ៍មួយ នៃព័ត៌មានក្លែងក្លាយ ប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានមិនច្បាស់លាស់នៅក្នុងការជជែកវែកញែក ។ សិទ្ធិប្រជាពលរដ្ឋ ខ្ញុំគោរព សិទ្ធិប្រជាពលរដ្ឋនៅក្នុងការព្រួយបារម្ភអំពីការចាត់ចែងអ្វីទៅដែលជាទ្រព្យសម្បត្តិប្រវត្តិសាស្រ្តរបស់យើង ហើយខ្ញុំក៏មានកាតព្វកិច្ចបញ្ជាក់ជាបឋម ជូនប្រជាពលរដ្ឋយើង ដែលជាម្ចាស់ប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញ សុំបញ្ជាក់ថា គ្មានការលក់ដូរ ឬគ្មានការឯកភាព ឬគម្រោងនៅក្នុងការលក់ដូរ ដែលធ្លាប់រាជរដ្ឋាភិបាល បានសម្រេចពីមុនមក ឬទើបសម្រេចឥឡូវនេះ ឬមួយទៅថ្ងៃអនាគតនោះទេ គឺគ្មានប្រែក្លាយកន្លែងនេះទៅជាទ្រព្យសម្បត្តិឯកជនណាទេ គឺទុកទ្រព្យជារបស់រដ្ឋ ។ ការប្រើប្រាស់ដោយចីរភាព ជាផលប្រយោជន៍សាធារណៈ គឺជាទិសដៅសំខាន់ ដែលយើងនឹងអភិវឌ្ឍកន្លែងនេះ ឬបម្រុងទុកទៅជាកន្លែងសម្រាប់ចុះព្រលានយន្តហោះ ក្នុងកម្រិតណាមួយ ប៉ុន្តែសុំបញ្ជាក់ឲ្យច្បាស់ គឺវានឺងនៅតែជាទ្រព្យរបស់រដ្ឋដដែល ។ ខ្ញុំនិយាយបាន នៅពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តី បើសិនជាបក្សផ្សេងឡើង ខ្ញុំមិនដឹងទេ តែបើខ្ញុំជានាយករដ្ឋមន្រ្តី គណបក្សប្រជាជន នៅដឹកនាំប្រទេស យើងនៅធានាកន្លែងនេះ មិនឲ្យមានការប៉ះពាល់ ក្រៅពីគោលការណ៍៣ ដែលខ្ញុំបានលើកហើយនោះទេ គឺមិនមានការលក់ដូរ ដោះដូរអីកន្លែងណាទេ ព្រលានយន្តហោះនេះ សុំបញ្ជាក់ប៉ុណ្ណឹង! សុំបញ្ចប់ការជជែកគ្នាទៅ! ហើយបើកេងបាន ២ថ្ងៃ រឿងបំផុសឲ្យប្រជាជន កាន់តែភ័យ គួរបញ្ឈប់ទៅ!…”។

បន្ថែមលើការថ្លែងបញ្ជាក់ខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសរសេរបញ្ជាក់បន្ថែម តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា «ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានការជជែកដេញដោលអំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យក្រុមហ៊ុនឯកជន។
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដោយខ្លីថា ៖ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយរូបខ្ញុំ គឺមិនដែលមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិ (ពោធិ៍ចិនតុង) ទៅឲ្យក្រុមហ៊ុនឯកជនណានោះទេ។
គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះនេះ ទៅថ្ងៃអនាគត គឺ៖
១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ
២. ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមា ជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញ និង
៣. រៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាព នូវទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ទៅតាមរូបមន្តឬទម្រង់ណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋ លើទីតាំងនេះ»។
គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ដូចខាងលើនេះ គឺធ្វើឡើងឆ្លើយតប បំភ្លឺចំពោះមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមប្រឆាំង ដែលបានលើកឡើងថា ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានលក់ឲ្យឯកជន យូរមកហើយ។ ជាមួយគ្នានេះ មជ្ឈដ្ឋានទាំងនោះ បានស្នើឲ្យរាជរដ្ឋាភិបាល រក្សាទុកព្រលានយន្តហោះនេះ កុំលក់ ឬដោះដូរឲ្យឯកជន ដើម្បីកុំឲ្យបាត់បង់ដានប្រវត្តិសាស្ត្រ ជាពិសេសស្នាព្រះហស្តព្រះបរមរតនកោដ្ឋ។
លោក ផន ផាន់ណា សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន) ដែលជាកូនធម៌លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបានរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិក បានលើកឡើងថា លោកបានដឹងយូរហើយថាព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានលក់ គឺលក់ខ្ទេចខ្ទីអស់ហើយ សូម្បីតែព្រលានយន្តហោះ ក៏មិនទុកដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកចង់ឲ្យរដ្ឋាភិបាល រក្សាទុកព្រលានយន្តហោះនេះ សម្រាប់ជើងហោះហើរនៅក្នុងស្រុកអីទៅ មិនអត់ចង់ឲ្យលក់ទៅក្រុមហ៊ុនឯកជនទេ ដូចនៅស្រុកគេ ទោះគេធ្វើព្រលានថ្មីធំប៉ុនណា ក៏គេទុកព្រលានចាស់ដែរ ។

លោក ផន ផាន់ណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា “លក់ខ្ទេចខ្ទីហើយ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទថ្ងៃទី១០ ខែ០៧ ឆ្នាំ២០២៥ ខាងមុខ គោរពវីរភាពលោកគ្រូ រ៉ុងឈុន“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា ទោះបីជាព្រលានយន្តហោះពោធិ៍ចិនតុង តូចក៏ដោយ ក៏លោកចង់ឲ្យរដ្ឋាភិបាល ទុកសម្រាប់ជាជើងហោះហើរនៅក្នុងស្រុក ដោយអត់ចង់ឲ្យលក់ទៅក្រុមហ៊ុនឯកជនទេ ព្រោះនៅស្រុកគេ ទោះគេធ្វើព្រលានថ្មី ធំប៉ុនណា ក៏គេទុកព្រលានចាស់ដែរ ។
លោក ផន ផាន់ណា បានមានប្រសាសន៍ថា “ព័ត៌មានដែលខ្ញុំទទួលបាន ថាព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានលក់បាត់ហើយ ខ្ញុំទទួលបានយូរហើយ ហើយថ្មីៗនេះ គឺខ្ញុំក៏យកព័ត៌មានពីអ្នកដែលនៅព្រលានហ្នឹង អ្នកធ្វើការនៅព្រលានហ្នឹង នឹងរៀបចំ Transfer អីវ៉ាន់នៅព្រលានហ្នឹង ថ្ងៃទី១០ ខែ០៧ ឆ្នាំ២០២៥ ។ អ៊ីចឹងហើយ ព្រលានហ្នឹង គឺត្រូវបិទ ហើយគេនឹងធ្វើអីផ្សេង អ្វីដែលខ្ញុំទទួលព័ត៌មានបានហ្នឹង ហើយសម្រាប់ខ្ញុំ គឺព្រលានដែលមានស្រាប់ ទោះបីជាព្រលានហ្នឹងតូច គឺចង់ឲ្យរដ្ឋាភិបាលហ្នឹង ទុកសម្រាប់ជាការមានជើងហោះហើរនៅក្នុងស្រុកអីអ៊ីចឹង អត់ចង់ឲ្យលក់ទៅក្រុមហ៊ុនឯកជនទេ ។ អ៊ីចឹងហើយ ដូចនៅស្រុកគេ ទោះគេធ្វើព្រលានថ្មី ព្រលានធំប៉ុនណា ក៏គេទុកព្រលានចាស់ដែរ“ ។
លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ទាំងស្តាតអូឡាំពិកក្តី និងព្រលានយន្តហោះពោធិ៍ចិនតុង ក្តី គួររក្សាទុកជាកន្លែងសារមន្ទីរ ចៀសវាងបាត់ដានប្រវត្តិសាស្រ្ត បើទោះបីជំនួសដោយស្តាតមរតកតេជោ និងព្រលានយន្តហោះតេជោ ក៏ដោយ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បា្រប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ថា “ ខ្ញុំថាយើងដឹងហើយ បើទោះបីរដ្ឋធម្មនុញ្ញ ឬក៏សម្បត្តិភោគទ្រព្យធម្មជាតិរបស់ប្រទេសណាក៏ដោយ គឺគេតែងតែគិតទៅជាសារមន្ទីរ ជារបស់ប្រវត្តិសាស្រ្ត ជារបស់ទុកឲ្យខ្មែរជំនាន់ក្រោយតជំនាន់ជាច្រើនទៅមុខទៀតឲ្យបានដឹងអ្វីជាអត្តសញ្ញាណនៃជាតិ អ្វីជាការរក្សានូវភោគទ្រព្យ រក្សានូវសម្បត្តិជាតិ សេចក្ដីថ្លៃថ្នូរ និងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ការពិតបែបណា គឺថា ត្រូវតែរក្សាទុក ដូចជានៅសហភាពអឺរ៉ុប ដូចជានៅសហរដ្ឋអាមេរិក បើទោះបីសហរដ្ឋអាមេរិក គេមានអាយុកាលកើតជាប្រទេស ២៤៩ឆ្នាំ ប៉ុន្តែជាប្រវត្តិសាស្រ្ត គឺគេអត់លាក់បាំងទេ ហើយកន្លែងណាដែលជាអំណោយផល គឺថា គេទុកកន្លែងហ្នឹងជាឱកាស ជាសក្ដានុពលសម្រាប់បែបធម្មជាតិ គេអត់មានគិតខ្លីក្នុងការអភិវឌ្ឍ ហើយចេះតែបំផ្លាញអត្តសញ្ញាណជាតិទេ ។ អ៊ីចឹងងាកទៅប្រទេសកម្ពុជា យើងគិតថា ក្រោយពីចេញពីអនានិគមបារាំងមក គឺគ្មានប្រទេសណានៅក្នុងអាស៊ានដើរលឿនជាងប្រទេសកម្ពុជាទេ ។ អ៊ីចឹងប្រទេសកម្ពុជា នៅក្នុងរបបសង្គមរាស្រ្តនិយម គឺ១៦ឆ្នាំ ជាប្រទេសសន្តិភាព ជាប្រទេសជឿនលឿន ប្រទេសរីកចម្រើន ប្រទេសដ៏អស្ចារ្យ ទាំងសម្បត្តិធម្មជាតិ ទាំងភោគទ្រព្យ ទាំងការដឹកនាំ ទាំងការរៀបចំក្រុងនៅរាជធានីភ្នំពេញ កន្លែងជាប្រវត្តិសាស្រ្ត ក្រោយអាណានិគមបារាំងមក សូម្បីប្រទេសសាំងហ្គាពួរ ដែលជាប្រទេសមួយដែលមានទ្រព្យធន ប្រទេសដែលគោរពច្បាប់ អនុវត្តច្បាប់គ្រប់សព្វបែបយ៉ាង គេរីកចម្រើនមកដល់ឥឡូវ គេអត់ជំពាក់បំណុលបរទេស ដូចសម័យសង្គមរាស្រ្តនិយម ដែលអតីតនាយករដ្ឋមន្រ្តីលី ក្វាន់យូ កូ ចឹកតុង ក្រោយមក ដល់កូនលី ក្វាន់យូ ទៀត លី សេងលៀង អីហ្នឹង គឺគាត់បានទៅយករូបមន្តមកកសាងប្រទេសសាំងហ្គាពួរ ដែលប្រទេសស្មើនឹងកោះត្រល់ ដែលយួនយកក្នុងសម័យអាណានិគម “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងងាកមកវិញ អ្វីដែលយើងទុកបាន ធ្វើជាសារមន្ទីរទៅ យើងកុំបំបាត់ដានប្រវត្តិសាស្រ្ត នៃការពិត វាអត់បាត់ទេ វាបាត់នៅក្នុងការសរសេរប្រវត្តិសាស្រ្តក្នុងស្រុក តែប្រវត្តិសាស្រ្តនៅអន្តរជាតិ នៅតាមបណ្ណាល័យនៃប្រទេសមហាអំណាច ដូចជានៅសហភាពអឺរ៉ុប នៅអាមេរិក នៅអូស្រ្តាលី នៅបារាំង កាណាដា ញូវហ្សេឡែន វាអត់បាត់ទេ ប្រវត្តិសាស្រ្ត គឺប្រវត្តិសាស្រ្ត ការពិត គឺការពិត កុំបន្លំប្រវត្តិសាស្រ្ត ។ អ៊ីចឹងអ្វីជាសក្កានុពល ជាអត្តសញ្ញាណ យើងចែកគ្នាដើម្បីឲ្យមានការបន្តវេន បន្តជំនាន់ បន្តប្រវត្តិសាស្រ្ត ពីអ្នកដឹកនាំពីមួយជំនាន់ទៅមួយជំនាន់ទៅ ហើយកុំជំនាន់ថ្មីមក បំផ្លាញជំនាន់ចាស់ ។ អ៊ីចឹងខ្ញុំមើលកន្លែងព្រលានយន្តហោះពោធិ៍ចិនតុង ដែលដូរឈ្មោះមកព្រលានយន្តអន្តរជាតិភ្នំពេញ អាចទុកឲ្យទ័ពអាកាស ឲ្យគាត់ហោះហើរ រៀនបើកយន្តហោះ ឲ្យភ្ញៀវជាតិ អន្តរជាតិទៅមើលព្រលានហ្នឹងទៅ យើងគូរគំនូរ យើងដាក់រូបភាព ពីជំនាន់មួយទៅជំនាន់មួយ ព្រលានយន្តហោះហ្នឹងតើបានបម្រើសេវាកម្មសាធារណជាតិ និងអន្តរជាតិបែបណាៗ? យើងធ្វើជាសារមន្ទីរ មនុស្សទៅមើលទៅ ធ្វើឲ្យលេចធ្លោ អ្នកណាអ្នកកសាង មានគំនិតថ្មី មានអី កងទ័ពអាកាសហ្នឹង ជាជាងទុកយន្តហោះចោល អ៊ីចឹងបានដីហ្នឹងរាប់រយហិកតារដែរ តើយើងអាចធ្វើយ៉ាងម៉េច ដើម្បីទាក់ទាញ? ក្នុង១ថ្ងៃ ភ្ញៀវចូលទៅទស្សនា បានចំណូល១ពាន់ ពីរពាន់ដុល្លារ ក៏យើងបានគ្រប់សម្រាប់យកលុយហ្នឹងមកបង់ភ្លើង បង់ទឹក ទីស្ដីការគណៈរដ្ឋមន្រ្តី ឬក៏ធ្វើនេះ ធ្វើនោះអីអ៊ីចឹងទៅ បានជាបទពិសោធន៍ បានជាការចងចាំនៃអតីតកាលពីរបបមួយ ទៅរបបមួយ គឺព្រលានយន្តហោះហ្នឹង សូម្បីរដ្ឋាភិបាលសហរដ្ឋអាមេរិក យួនខាងជើង យួនខាងត្បូង ឬក៏របបបន្តបន្ទាប់មក ក៏សុទ្ធតែមានការឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ គឺដោយសារព្រលានយន្តហោះពោធិ៍ចិនតុង ។ អ៊ីចឹងយើងកុំឲ្យបាត់ដាន អារឿងដែលយើងបំពេញបន្ថែម គឺជារឿងអភិវឌ្ឍ កសាង យើងត្រេកអរ យើងឲ្យតម្លៃហើយ តែរឿងអតីតកាលហ្នឹង យើងអាចធ្វើបាន ធ្វើទៅ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ហើយយើងធ្វើសួនច្បារ រៀបជាអន្តរជាតិ ឬក៏នៅក្នុងចំណោម៤០០ហិកតារហ្នឹង យើងធ្វើអីឲ្យប្លែក តាមរបៀបគិតថ្មី ធ្វើថ្មី ដូចជាធ្វើកន្លែងសមាធិ ឬធ្វើកន្លែងណាជាផលរីកចម្រើននៃជាតិ យើងធ្វើឲ្យទៅជាការអភិវឌ្ឍផ្នត់គំនិត ឲ្យគេចូលមកឃើញថា អតីតព្រលានយន្តហោះពោធិ៍ចិនតុងនៅតើ! នៅស្លាកស្នាមប្រវត្តិសាស្រ្ត នៅមានយន្តហោះសម័យអាណានិគមបារាំង យន្តហោះសម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ សម័យខ្មែរក្រហម សម័យដែលយួនចូលមក សម័យអតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា មកដល់សម័យព្រះរាជាណាចក្រកម្ពុជា ប្រទេសមានស្ដេច ប្រទេសមានសេរីពហុបក្ស ក្រោយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ។ អ៊ីចឹងយើងគូសផ្ទៃដីហ្នឹងទៅ យើងធ្វើកន្លែងនេះទ័ពអាកាស អ្នកណាចង់មកឃើញទ័ពអាកាស ចង់មកជិះយន្តហោះទម្លាក់ឆត្រយោង ដូចសម័យសាធារណរដ្ឋ ហើយតំបន់នេះដែលខ្មែរក្រហមចូលមកត្រួតត្រាកាន់ព្រលានយន្តហោះ ហើយទ័ពអាគាំងមករំដោះស្ថានទូតគេ យកពលរដ្ឋគេទៅតាមបែបណាៗ យើងធ្វើសារមន្ទីរប្លែកៗអ៊ីចឹង ដូចនៅហូលីវូដអ៊ីចឹង ស្ទូឌីយោគេថតកុន សម័យសង្រ្គាមលោកលើកទី២ហ្នឹង គេថតកុនរបៀបអ៊ីចេះ ហើយសម័យជប៉ុនចូលទៅត្រួតត្រាប្រទេសចិន និងប្រទេសកូរ៉េហ្នឹង ដោយរបៀបដាវសាំមួរ៉ៃអ៊ីចេះ ហើយទៅចាប់រំលោភស្រីកូរ៉េ ស្រ្តីចិន ការឈឺចាប់បែបណាៗ វាអត់ខ្វល់ទេពិភពលោក យើងកែច្នៃទៅ ។ អ្វីសំខាន់មួយទៀត ព្រលានយន្តហោះពោធិ៍ចិនតុងហ្នឹង ក៏យើងអាចធ្វើព្រលានយន្តហោះក្នុងស្រុក ឬក៏គេទៅជិះលេងក្នុងរង្វង់ហ្នឹងអ៊ីចឹងទៅ ក្នុងកម្រិតអតិបរមានៃកម្ពស់ទាបអីអ៊ីចឹងទៅ យើងមានក្រុមហ៊ុនធានារ៉ាប់រង ទិញសំបុត្រជិះអីអ៊ីចឹង ហោះឡើងហើយចុះវិញអ៊ីចឹងទៅ ហើយហោះហើរក្នុងស្រុកនេះដែរ បើយើងធ្វើមិនបាន២៥រាជធានីខេត្ត យើងអាចធ្វើប្រចាំភូមិភាគបាន ក្នុងស្រុកតម្លៃតែសាបសែសិបដុល្លារ យ៉ាងហោចណាស់ក៏គេចង់ជិះទៅកម្សាន្តនៅភូមិឥសាន ដែលមានក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ទៅភូមិភាគឧត្ដរ មានកំពង់ធំ មានព្រះវិហារ មានសៀមរាប មានឧត្ដរមានជ័យ នៅភូមិភាគពាយ័ព្យ មានពោធិ៍សាត់ មានបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ នៅភូមិភាគកណ្ដាល វាមានកំពង់ឆ្នាំង កំពង់ស្ពឺ ហើយនិងខេត្តកណ្ដាល នៅឯភូមិភាគនីរតី វាមានតាកែវ កំពត កែប កោះកុង ព្រះសីហនុ អីអ៊ីចឹងទៅ ។ អាហ្នឹងវាជាទិដ្ឋភាពដែលយើងអាចទុកជាប្រវត្តិសាស្រ្ត“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ជាក់ស្ដែង យើងតាមដានអតីតកាលប្រវត្តិសាស្រ្ត ដូចស្តាតអូឡាំពិកហ្នឹង គឺជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ ប្រទេសពេលហ្នឹង គឺមានតែ៥-៦ប្រទេសទេ តែសម័យព្រះកូណាហ្នឹង គឺថា នៅអាស៊ី ក៏ដូចជាអាស៊ីអាគេ្នយ៍ គ្មានលើសស្តាតអូឡាំពិកទេ ហើយស្តាតអូឡាំពិកនេះ ស្នាដៃវណ្ណ មូលីវណ្ណ ហ្នឹង គឺថា គាត់ជានិស្សិត វិស្វករមកពីស្រុកបារាំង ជាមនុស្សជិតដិតបំផុតរបស់ព្រះបរមរតនកោដ្ឋ ។ អ៊ិចឹងឲ្យតែឃើញស្ពាន ឃើញស្ដាតជាសញ្ញា W គឺថា ពិភពលោក គេគោរពស្នាដៃវណ្ណ មូលីវណ្ណ ហ្នឹង ។ អ៊ីចឹងហើយយើងត្រូវរក្សាទុកទៅ ពិភពលោក គេឲ្យតម្លៃប្រទេសកម្ពុជា ដោយសារអត្តសញ្ញាណជាតិ ហើយបើយើងបាត់អត្តសញ្ញាណជាតិ អាហ្នឹងយើងគ្រោះថ្នាក់ហើយ ។ យើងខុសពីយួន សៀម ។ ថៃលួចស្នាដៃវប្បធម៌ អរិយធម៌ ប្រពៃណីយើង ។ យួនលួចដី លួចសេដ្ឋកិច្ច បំផ្លាញជាតិសាសន៍យើង ។ អ៊ីចឹងយើងត្រូវមើលប្រទេសជិតខាង ហើយនិងឲ្យតម្លៃខ្លួនយើង ។ បើយើងអត់ឲ្យតម្លៃខ្លួនយើង គ្មានអ្នកណាគេឲ្យតម្លៃទេ ។ ប្រទេសជាតិរស់ទៅបាន រឹងមាំទៅបាន គឺដោយសារអត្តសញ្ញាណជាតិ ប្រពៃណី សេដ្ឋកិច្ច សន្តិសុខ នយោបាយ ហើយនិងសាសនាហ្នឹងឯង ។ អ៊ិចឹងនិយាយជារួម គឺថា យើងកុំបំផ្លាញជាប្រយោជន៍រួម ជាប្រយោជន៍អនាគតអ្នកជំនាន់ក្រោយ ជាកិត្តិយស សេចក្ដីថ្លៃថ្នូរ កិត្យានុភាពនៅលើឆាកអន្តរជាតិ ពិភពលោក ។ យើងកុំចង់មានបានតែក្រុមគ្រួសារ បក្ខពួកយើង ថាយើងអស្ចារ្យ ម្ចាស់ប្រទេស ។ យើងឲ្យតម្លៃពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ។ យើងកុំគិតថា យើងខ្លាំង ហើយគិតថាយើងខ្លាំងជារៀងរហូត គ្មានអីអមតៈទេ ។ អ៊ីចឹងយើងរៀនរស់ដោយស្នាមញញឹម ដោយក្ដីសង្ឃឹម ហើយយកខ្មែរគ្នាឯងជាអត្តសញ្ញាណ ជាមិត្តភក្ដិ ជាញាតិសន្ដាន កុំយកខ្មែរគ្នាឯងជាសត្រូវ“ ។
ស្រដៀងគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាល គួរតែបន្តរក្សាទុកនូវកេរមរតករបស់សម្ដេចព្រះនរោត្តម សីហនុ ទាំងស្តាតអូឡាំពិក ទាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ហើយគួរតែបន្តអភិរក្ស ព្រោះការរក្សាទុកស្នាដៃរបស់សម្ដេចព្រះនរោត្តម សីហនុ តាមរយៈមេដឹកនាំបច្ចុប្បន្ន វានឹងក្លាយទៅជាគំរូ និងមេរៀនល្អ ដែលអ្នកដទៃផ្សេងទៀតនឹងបន្តអភិរក្សនិងការពារនូវស្នាដៃរបស់មេដឹកនាំបន្តបន្ទាប់គ្នាផងដែរ ។ ដូច្នេះវាជាគឺជាមេរៀនដ៏ល្អដែលគួរធ្វើ ហើយក៏គួរតែបណ្ដុះនៅក្នុងបរិបទកម្ពុជា នាពេលបច្ចុប្បន្ន ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ការពិតទៅ ការបិទព្រលានយន្តហោះភ្នំពេញ ដែលយើងហៅថា ពោធិ៍ចិនតុង នោះ គឺជាការគួរឲ្យសោកស្ដាយមួយ ពីព្រោះវាបានដំណើរផ្ដល់សេវាដឹកជញ្ជូនតាមផ្លូវអាកាស តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ រហូតមកដល់ពេលបច្ចុប្បន្ន ។ ប៉ុន្តែដោយសារតែការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយទីក្រុងវាកាន់តែមានការរីកធំទៅ ដូច្នេះយន្តហោះដែលឆ្លងកាត់កណ្ដាលទីក្រុង ហើយមានប្រជាពលរដ្ឋច្រើន វាគឺជាហានិភ័យមួយធំ ដែលខ្ញុំយល់ថា រដ្ឋាភិបាលបានគិតគូរ ហើយបានរៀបចំទីកន្លែងថ្មី ដើម្បីអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលនៅឆ្ងាយពីទីក្រុងភ្នំពេញបន្តិច វាជារឿងមួយល្អ ហើយក្រោយពីការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ ខ្ញុំគិតថា រាជរដ្ឋាភិបាលគួរតែបន្តរក្សាទុកនូវកេរមរតករបស់សម្ដេចព្រះនរោត្តម សីហនុ ទាំងស្ថាតអូឡាំពិក ទាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬក៏ពោធិ៍ចិនតុងហ្នឹង ហើយគួរតែបន្តអភិរក្ស ដូចជាករណីស្តាតអូឡាំពិក ត្រូវតែបន្តអភិរក្ស ពីព្រោះវាមិនមានផលជះអវិជ្ជមានណាមួយដល់ទៅដល់ប្រជាពលរដ្ឋ ឬក៏សង្គមទេ ហើយវាក៏នៅតែជាមជ្ឈមណ្ឌលកីឡាដ៏ធំ និងជាប្រវត្តិសាស្រ្តនៅក្នុងតំបន់អាស៊ី ពីព្រោះយើងក៏ជាកីឡដ្ឋានដែលបានបង្កើតមុនគេ ហើយមានទំហំធំជាងគេនៅតំបន់អាស៊ាន នៅសម័យកាលមុនផងដែរ “ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ រីឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ខ្ញុំគិតថា អគារព្រលានយន្តហោះដែលកំពុងតែមានវត្តមានសព្វថ្ងៃនេះ គួរតែបង្កើតជាមជ្ឈមណ្ឌល ឬគួរតែប្រែក្លាយទៅជាសារមន្ទីរបេតិកភណ្ឌរបស់សម្ដេចព្រះនរោត្តម សីហនុ ដោយផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋ ហើយនិងអ្នកដែលស្រលាញ់ និងចូលចិត្តការអាន ក៏ដូចជាការសិក្សាស្រាវជ្រាវ អាចចូលទៅកន្លែងហ្នឹងបាន ហើយខ្ញុំគិតថា ការបង្កើតមជ្ឈមណ្ឌលបណ្ណាល័យ មជ្ឈមណ្ឌលស្រាវជ្រាវរបស់សម្ដេចព្រះនរោត្ត សីហនុ នេះ វាបានផ្ដល់ប្រយោជន៍ច្រើនទៅដល់សង្គម ហើយក៏អាចជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងហ្នឹងដែរ ហើយចំពោះដីដែលមានទំហំធំផ្សេងទៀត ដែលខុសពីអគារហ្នឹង ខ្ញុំគិតថា អាចប្រើប្រាស់នៅក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាតិ និងលំនៅឋានមួយចំនួន ក៏ប៉ុន្តែសុំឲ្យការរៀបចំនោះ គឺជាការរៀបចំមួយដែលគ្រប់គ្រងដោយរដ្ឋ ហើយអាចថា បង្កើតជាចំណូលថវិកាជាតិសម្រាប់បម្រើទៅដល់ផលប្រយោជន៍ផ្សេងៗ ក៏ដូចជាជួយទៅដល់ផ្នែកផ្សេងៗដែលបានរៀបចំនៅក្នុងតំបន់នោះ ដូចជាមជ្ឈមណ្ឌលបណ្ណាល័យសម្ដេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាស្ថាបនិកនៅតំបន់នោះអីអ៊ីចឹងជាដើម ហើយគួរតែរៀបចំឲ្យសួនច្បារដែលមានទំហំធំ ហើយបង្កើតជាមជ្ឈមណ្ឌលវប្បធម៌សម្រាប់កម្ពុជា ហើយបើកផ្លូវឲ្យគ្រប់ភាគីពាក់ព័ន្ធអាចចូលរួមចំណែកនៅក្នុងការអភិរក្សទាំងអស់ហ្នឹង ហើយក៏អាចក្លាយទៅជាសូចនាករមួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ក៏ដូចជាការបង្កើតឱកាសងារ ហើយនិងធ្វើឲ្យសោភណភាពទីក្រុងមានការរីកចម្រើន ហើយចំពោះលំនៅឋាន គួរតែរៀបចំជាអាផាតមែន ហើយមានបរិស្ថានល្អប្រសើរ និងមានហាងលក់ទំនិញ ក៏ដូចជាករិយាល័យពាណិជ្ជកម្មទំនើបផ្សេងទៀត ដើម្បីលើកកម្ពស់តំបន់ហ្នឹងឲ្យក្លាយទៅជាតំបន់ពិសេសមួយ ហើយការអភវិឌ្ឍនោះគួរតែស្ថិតនៅក្នុងការអភិវឌ្ឍន៍របស់រដ្ឋ ដែលអាចថា ប្រើប្រាស់អ្នកគ្រប់គ្រងឯកជន ដែលមានសមត្ថភាពនៅក្នុងការអភិវឌ្ឍន៍តំបន់កន្លែងហ្នឹង ហើយមិនធ្វើឲ្យមានអំពើពុករលួយ ដែលធ្វើឲ្យខាតបង់ ឬក៏ប៉ះពាល់ទៅដល់ការងារធំៗរបស់សង្គម ហើយក៏ដើម្បីកុំឲ្យមានការរិះគន់មកលើរដ្ឋាភិបាល អំពីការលុបបំបាត់សម្បត្តិបេតិកភណ្ឌរបស់សម្ដេចព្រះនរោត្ដម សីហនុ ដែលជាស្ថាបនិកនៃការបង្កើតតំបន់អស់ហ្នឹងផងដែរ ។ ដូច្នេះការរក្សាទុកស្នាដៃរបស់សម្ដេចព្រះនរោត្តម សីហនុ តាមរយៈមេដឹកនាំបច្ចុប្បន្ន វានឹងក្លាយទៅជាគំរូ និងមេរៀនល្អ ដែលអ្នកដទៃផ្សេងទៀតនឹងបន្តអភិរក្សនិងការពារនូវស្នាដៃរបស់មេដឹកនាំបន្តបន្ទាប់គ្នាផងដែរ ។ ដូច្នេះវាជាគឺជាមេរៀនដ៏ល្អដែលគួរធ្វើ ហើយក៏គួរតែបណ្ដុះនៅក្នុងបរិបទកម្ពុជា នាពេលបច្ចុប្បន្ន“ ។

ចំណែកលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះដែរថា ក្នុងនាមជាពលរដ្ឋខ្មែរ លោកមានការព្រួយបារម្ភ នៅពេលដែលឮថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ គឺព្រួយបារម្ភខ្លាចបានដានប្រវត្តិសាស្រ្ត បាត់ស្នាដៃរបស់អ្នកជំនាន់មុន ព្រោះរដ្ឋាភិបាល ច្រើនតែកាត់ឆ្វៀលទៅធ្វើនេះ ធ្វើនោះ ដូចករណីពហុកីឡដ្ឋានជាតិអូឡាំពិក កាត់ឆ្វៀលលក់ស្ទើរតែអស់ខ្ទេចខ្ទីទៅហើយ ។ ដូច្នេះជាយោបល់ លោកមិនជំទាស់នឹងការអភិវឌ្ឍន៍ទេ តែរដ្ឋាភិបាល មិនគួរណាកាត់ឆ្វៀលទេ ត្រូវតែរក្សាទុកទ្រង់ទ្រាយដើម ដើម្បីរក្សាជាបេតិកភណ្ឌ ជាកេរដំណែលរបស់ជាតិយើង ឬយ៉ាងហោចណាស់ទុកជាសម្បត្តិឲ្យកូនខ្មែរយើងមើលដែរ និងបង្រៀនកូនខ្មែរ ឲ្យចេះដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ខ្ញុំក៏អ៊ីចឹង បងប្អូនខ្មែរយើងដទៃៗទៀតក៏អ៊ីចឹងដែរ យើងមានការបារម្ភរឿងថា រដ្ឋាភិបាល អាជ្ញាធររដ្ឋហ្នឹងកន្លងទៅ ច្រើនតែកាត់ឆ្វៀលទៅធ្វើនេះ ធ្វើនោះអ៊ីចឹងទៅ ។ ឧទាហរណ៍ដូចស្តាតអូឡាំពិកហ្នឹងកាត់ឆ្វៀលអស់ហើយ លក់អស់ហើយ ជុំវិញហ្នឹង មិនដឹងថាយ៉ាងណាទេ កាត់ឆ្វៀលក់ខ្ទេចខ្ទីរអស់ហើយ សល់តែតួស្ដាតបន្តិចទេ ។ អាហ្នឹងជាការបំបាត់ដានប្រវត្តិសាស្រ្តជាតិមួយ ដែលធ្វើឲ្យបញ្ហាហ្នឹង វាមានការបារម្ភ ។ រីឯព្រលានយន្តហោះពោធិ៍ចិនតុង ថ្ងៃក្រោយ ចាប់ពីខែ០៧ទៅ គេបិទ លែងឲ្យប្រើប្រាស់ ដោយសាររដ្ឋាភិបាលគេបើកឲ្យដំណើរការព្រលានយន្តហោះនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជាយោបល់ខ្ញុំមិនគួរណាកាត់ឆ្វៀលទេ មែនទែននោះ ត្រូវតែរក្សាទុករបស់អស់ហ្នឹង ទំហំពីមុនប៉ុន្មាន ទុកវាប៉ុណ្ណឹងទៅ ដើម្បីរក្សាជាបេតិកភណ្ឌ ជាកេរតំណែលរបស់ជាតិយើង ហើយម្យ៉ាងវិញទៀត ដូចជាព្រលានយន្តហោះពោធិ៍ចិនតុងអីនេះ គួរណាស់រក្សាវាទុកទៅ ជួសជុលវាឲ្យស្អាតទៅ អាចយន្តហោះតូចចុះបាន ពីព្រោះព្រលានយន្តហោះនៅកណ្ដាលស្ទឹង វាឆ្ងាយ ។ អ៊ីចឹងយន្តហោះធំៗអាចចុះនៅហ្នឹង ប៉ុន្តែយន្តហោះមួយចំនួន អាចចុះនៅភ្នំពេញបានដែរ វាកៀកក្នុងក្រុង ។ ខ្ញុំលើកឧទាហរណ៍នៅប្រទេសន័រវេយ៍ ទីក្រុងអូស្លូ ដែលខ្ញុំរស់នៅហ្នឹង ព្រលានយន្តហោះតូចហ្នឹងក៏គេប្រើ អាធំថ្មីហ្នឹងក៏គេប្រើ គឺគេថែរក្សាទុកអ៊ីចឹងទៅ “ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាធ្វើឲ្យចរន្តពាណិជ្ជកម្ម ចរន្តទេសចរណ៍ហ្នឹងវាមានដំណើរការដដែល ហើយដល់ខ្មែរយើង បើកអាថ្មី ចោលអាចាស់ អាហ្នឹងវាបញ្ហា ហើយបន្តិចទៀតហ្នឹង ខ្ញុំជឿថា អ្នកដំណើររអ៊ូ ដូចជាព្រលានយន្តហោះថ្មីនៅកណ្ដាលស្ទឹងអ៊ីចឹង គ្នាត្រូវជិះឡានក្រុង ជិះនេះ ជិះនោះ ឬជិះតាក់ស៊ីមកដេកនៅភ្នំពេញនេះ វាត្រូវប្រើពេលច្រើន ព្រោះចម្ងាយវាម្ភៃសាមសិបគីឡូពីទីក្រុង វាឆ្ងាយដែរ អ៊ីចឹងវាពិបាកធ្វើដំណើរ អស់លុយ អស់កាក់ទៀត តែបើសិនជាចុះនៅពោធិ៍ចិនតុង វាអាចសម្រួលដល់ការចំណាយខ្លះដែរ ។ អ៊ីចឹងគួរណាស់តែរដ្ឋាភិបាលហ្នឹងទុកវាទាំងអស់ទៅ ពោធិ៍ចិនតុង អាចខ្នាតតូចៗហោះចុះបាន ហើយព្រលានយន្តហោះនៅកណ្ដាលស្ទឹងដំណើរការ ក៏ដំណើរការទៅ អត់មានបញ្ហាអីទេ ដូចខ្ញុំបញ្ជាក់ជូន ជួយសម្រួលអ្នកដំណើរដែរ កុំឲ្យធ្វើដូចរឿងនៅស្ដាតអូឡាំពិក ។ ករណីស្តាតអូឡាំពិក ឃើញស្រាប់ កាត់ឆ្វៀលអស់ទៅហើយ នៅសល់តែតួខាងក្នុងទេ ។ អ៊ីចឹងទៅ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលហ្នឹងហាក់ដូចជាមានបំណងបំបិទដានប្រវត្តិសាស្រ្តជាតិ ស្នាដៃរបស់អ្នកដឹកនាំមុនៗអីអ៊ីចឹង ។ អាហ្នឹងវាមិនជាល្អទេ ធ្វើអ៊ីចឹងវាមិនកើតទេ គួរណាស់តែថែរក្សាវា យ៉ាងហោចណាស់ទុកជាសម្បត្តិឲ្យកូនខ្មែរយើងមើលដែរ ហើយបើយើងចង់ធ្វើអី ធ្វើទៅ ចង់អភិវឌ្ឍនៅតំបន់ផ្សេង ក៏អភិវឌ្ឍទៅ ប៉ុន្តែអ្វីដែលមានកន្លងទៅហ្នឹង យើងទុកវាទៅ តម្កល់ទុកវាជាសម្បត្តិជាតិទៅ ហើយប្រាប់អ្នកជំនាន់ក្រោយថា អ្នកជំនាន់មុនបានធ្វើអ៊ីចេះៗ អ្នកណាជាអ្នកកសាងអីជាដើម បង្រៀនកូនខ្មែរហ្នឹងឲ្យចេះដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនអ៊ីចឹងទៅ“ ។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានសាងសង់ជាលើកដំបូងដោយបារាំង នៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ដោយមានឈ្មោះថា “អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង” ។ ដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស អាកាសយានដ្ឋាននេះ ត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញ នៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l’Aéroport)។ អាកាសយានដ្ឋាននេះ ដែលត្រូវបានសាងសង់បន្ថែមរួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាពទទួលអ្នកដំណើរបាន ៥លាននាក់ ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ៕ កុលបុត្រ