Thursday, May 22, 2025
Homeព័ត៌មានជាតិកែទម្រង់សំខាន់២ កម្ពុជា នឹងក្លាយជារដ្ឋទំនើប ប្រជាធិបតេយ្យពេញលេញ

កែទម្រង់សំខាន់២ កម្ពុជា នឹងក្លាយជារដ្ឋទំនើប ប្រជាធិបតេយ្យពេញលេញ

ភ្នំពេញ ៖ យល់ស្របទៅនឹងសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាចជនកម្ពុជា ដែលបានលើកឡើងថ្មីៗនេះថា ចង់ឱ្យមានការបោះឆ្នោតព្រឹទ្ធសភា មានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភា ដែរនោះ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា នឹងក្លាយជារដ្ឋទំនើប ប្រជាធិបតេយ្យពេញលេញ បើសិនជាធ្វើការកែទម្រង់សំខាន់២ ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា «កែទម្រង់សំខាន់២ កម្ពុជា នឹងក្លាយជារដ្ឋទំនើប ប្រជាធិបតេយ្យពេញលេញ» ទី១ លុបចោលការបោះឆ្នោតព្រឹទ្ធសភា តាមបែបអសកល ហើយប្តូរជាការបោះឆ្នោតតាមបែបសកល ដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ទី២ អភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបោះឆ្នោតសកលផងដែរ ចំណែកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រក្សាប្រព័ន្ធបោះឆ្នោតអសកលដដែល“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បច្ចុប្បន្នយើងអនុវត្តតាមប្រព័ន្ធបោះឆ្នោតអសកល ដែលវាមិនមានតម្លៃគ្រប់គ្រាន់នៅក្នុងដំណើរការប្រព័ន្ធប្រជាធិបតេយ្យទេ ព្រោះវាជាការបោះឆ្នោតមួយ ដែលដឹងលទ្ធផលទុកជាមុន រាំងស្ទះដល់ប្រព័ន្ធពហុបក្ស ។ ដូច្នេះបើសិនជាការបោះឆ្នោតព្រឹទ្ធសភា ប្ដូរទៅជាប្រព័ន្ធបោះឆ្នោតសកល ដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែរនោះ វាពិតជាមានសារសំខាន់សម្រាប់ដំណើរការប្រព័ន្ធប្រជាធិបតេយ្យ ពីព្រោះថា គ្រប់គណបក្សនយោបាយទាំងអស់ ប្រាកដជាមានលទ្ធភាពនៅក្នុងការដណ្ដើមយកអាសនៈនៅព្រឹទ្ធសភា ។ ចំណែកការបោះឆ្នោតជ្រើសរើសអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កម្ពុជា គួរតែចាប់ផ្ដើមធ្វើដែរ ព្រោះយើងឈានចូលដល់សម័យមួយទំនើបហើយ  បើធ្វើតាមប្រព័ន្ធដដែល ហាក់បីដូចជាមានប្រសិទ្ធភាពតិចតួច  ហើយនៅតែធ្វើឲ្យមានអំណាចប្រមូលផ្ដុំ ។        

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ទាក់ទងនឹងចំណុចនេះ ខ្ញុំពិនិត្យមើលឃើញថា ការធ្វើកំណែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យដឹកនាំនៅក្នុងសង្គមកម្ពុជា របស់យើងនេះ គួរតែធ្វើការកែទម្រង់មួយជំហានទៀត ហើយមួយជំហានទៀតនោះ គឺខ្ញុំផ្ដោតទៅលើការកែទម្រង់ពីរ នៅក្នុងប្រព័ន្ធបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ។ ទី១ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ អ៊ីចឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បច្ចុប្បន្នយើងអនុវត្តតាមប្រព័ន្ធបោះឆ្នោតអសកល អ៊ីចឹងវាមិនមានតម្លៃគ្រប់គ្រាន់នៅក្នុងដំណើរការប្រព័ន្ធប្រជាធិបតេយ្យទេ ព្រោះវាជាការបោះឆ្នោតមួយដែលដឹងលទ្ធផលទុកជាមុន ។ អ៊ីចឹងវារាំងស្ទះដល់ប្រព័ន្ធពហុបក្ស អ៊ីចឹងបើសិនជាការបោះឆ្នោតព្រឹទ្ធសភា ប្ដូរទៅជាប្រព័ន្ធបោះឆ្នោតសកល ដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែរនោះ គឺខ្ញុំយល់ថា វាពិតជាមានសារសំខាន់សម្រាប់ដំណើរការប្រព័ន្ធប្រជាធិបតេយ្យ ពីព្រោះថា គ្រប់គណបក្សនយោបាយទាំងអស់ ប្រាកដជាមានលទ្ធភាពនៅក្នុងការដណ្ដើមយកអាសនៈនៅព្រឹទ្ធសភា ។ ដូច្នេះការកែទម្រង់ប្រព័ន្ធផ្សេងៗនៅក្នុងដំណើរការរបស់ព្រឹទ្ធសភានោះ ហៅថាសភាជាន់ខ្ពស់នោះ វាពិតជាដំណើរការល្អជាងបច្ចុប្បន្ន ពីព្រោះបច្ចុប្បន្នយើងឃើញថា ថ្វីត្បិតតែមាន ២គណបក្សមែន ប៉ុន្តែវាដូចជាដំណើរការស្ថាប័នព្រឹទ្ធសភា វាមិនមានលក្ខណៈមួយរស់រវើក ការបែងចែកអំណាច ការត្រួតពិនិត្យដំណើរការសង្គម តាមរយៈអំណាចដែលព្រឹទ្ធសភាមាននោះ គឺដូចជាវាមិនមានប្រសិទ្ធភាព ប៉ុន្តែបើសិនជាយើងមានពហុបក្សនៅហ្នឹង ហើយដំណើរការបោះឆ្នោតជាសកល ប្រជារាស្រ្ត ប្រាកដជាគាត់អាចទទួលបានផលច្រើនជាងបច្ចុប្បន្ន ដែលយើងចាយចោល បីបួនអាណត្តិមកនេះ គឺឃើញថា ដំណើរការស្ថាប័នព្រឹទ្ធសភា ហាក់បីដូចជាវាអត់បានផលអីច្រើននោះទេ គឺហាក់បីដូចជាកន្លែងមួយដែលសម្រាប់តែអ្នកចូលនិវត្តន៍ទៅធ្វើការទេ អ៊ីចឹងវាអត់ចំណេញ ហើយការចុះទៅតាមមូលដ្ឋាន របស់សមាជិកព្រឹទ្ធសភា ទៅទៀត ក៏វាមានលក្ខណៈមួយមិនពេញលេញ ដែលខ្ញុំមើលទៅ វាមិនពេញលេញ វាមិនមានការប្រកួតប្រជែង។ ខ្ញុំចង់និយាយអ៊ីចេះ បើសិនជាមានបក្សចម្រុះគ្នា អាហ្នឹងខ្ញុំគិតថា ការបោះឆ្នោតសកល ដូចតំណាងរាស្រ្ត ប្រាកដជាមានការប្រកួតប្រជែងខ្លាំង ដូច្នេះដំណើរការជាតិយើង ក៏វាល្អទៅតាមហ្នឹងដែរ នេះចំណុចទី១“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយចំណុចទី២ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ កម្ពុជា គួរតែចាប់ផ្ដើមធ្វើដែរ វាដល់ពេលហើយ ព្រោះយើងវាឈានចូលដល់សម័យមួយទំនើបហើយ ។ ដូច្នេះយើងតាមប្រព័ន្ធដដែល យើងវាហាក់បីដូចជាមានប្រសិទ្ធភាពតិចតួច ។ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែង ថ្វីត្បិតបច្ចុប្បន្ន យើងមានសមាជិកក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ អីក៏ដោយ ក៏ប៉ុន្តែសមាជិកទាំងអស់នោះ គ្រាន់តែស្ដាប់ហើយនិងអានរបាយការណ៍ទេ មិនមានអំណាចអ្វីលើសហ្នឹងទេ ។ អ៊ីចឹងវាអត់សូវមានប្រសិទ្ធភាពការងារ អ៊ីចឹងបើមានការបោះឆ្នោត តាមប្រព័ន្ធសកល ដែលយើងធ្វើដូចការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន គណបក្សដែលឈ្នះឆ្នោតនាំមុខ ធ្វើប្រធានាធិបតីទៅ គណបក្សដែលបានសំឡេងបន្ទាប់ ធ្វើអនុប្រធានាធិបតី ។ អ៊ីចឹងបើសិនជាកម្ពុជា យើងអាចអនុវត្តប្រព័ន្ធហ្នឹងបានដែរ គណបក្សនយោបាយជាច្រើន នឹងចូលរួមការបោះឆ្នោត ហើយអ្នកដែលទទួលបានសំឡេងបន្តបន្ទាប់ ដែលមានចំនួនកំណត់ តាមចំនួនអាសនៈនៃគណៈអភិបាលរាជធានី ខេត្តនោះ ខ្ញុំពិនិត្យឃើញថា វាមានប្រសិទ្ធភាពជាង ដោយសារអី? វាចម្រុះ ។ អ៊ីចឹងកាលណាចម្រុះ វាអត់ប្រមូលផ្ដុំដូចរាល់ថ្ងៃទេ រាល់ថ្ងៃអំណាចប្រមូលផ្ដុំ ។ ប្រមូលផ្ដុំយ៉ាងម៉េច? ប្រមូលផ្ដុំគឺខ្ញុំនិយាយឲ្យអស់ វាមិនមែន CPP ចង់ក្ដាប់តែឯងទេ ប៉ុន្តែគ្រាន់តែថា វាអត់មានអ្វីផ្សេងដែលប្លែកជាងហ្នឹង ។ ដល់ពេលអ៊ីចឹង វាពូនគ្នាជាដុំៗ អំណាចពូនគ្នាជាដុំៗ សូម្បីតែថ្នាក់ដឹកនាំរដ្ឋ ក៏ជួបការលំបាកដែរ ក្នុងការកែទម្រង់បញ្ហាផ្សេងៗហ្នឹង គឺជួបការលំបាក តែបើយើងមានបក្សនយោបាយផ្សេងៗគ្នា ដឹកនាំនៅក្នុងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នោះប្រាកដជាមានប្លែកហើយ ការអភិវឌ្ឍ ហើយនិងបញ្ហាផ្សេងៗទៀត គឺពិតជាដំណើរការល្អ ។ អានេះខ្ញុំមើលឃើញយ៉ាងដូច្នេះឯង ហើយខ្ញុំនិយាយនេះ មិនមែនបានន័យថា យើងលុបចោលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទេ យើងបោះឆ្នោតអសកលធម្មតា ដែលយើងធ្លាប់ធ្វើរួចហើយ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្ថែមថា “ហើយមួយទៀត ទាក់ទងនឹងបំណងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលលោកបានលើកឡើងទាក់ទងនឹងការបោះឆ្នោតព្រឹទ្ធសភានេះ ខ្ញុំក្នុងនាមប្រធានគណបក្សសន្តិភាពជាតិ ខ្ញុំសូមប្រកាសគាំទ្រមួយទំហឹងចំពោះបំណងរបស់លោក ដើម្បីធ្វើយ៉ាងណាឲ្យជាតិរបស់យើងសម្រេចបានគោលដៅទៅមុខ ដែលមានលក្ខណៈមួយសេរីពហុបក្សយ៉ាងពិតប្រាកដ ព្រោះការកែទម្រង់នេះ ដូចជាមិនប៉ះពាល់ដល់អំណាចរបស់គណបក្សប្រជាជន ដែលមានទេ ។ មានន័យថា គណបក្សប្រជាជននៅតែរក្សាសក្ដានុពលរបស់ខ្លួនបានដដែលទេ ប៉ុន្តែគ្រាន់តែថា ផ្ដល់ឱកាសដល់គណបក្សផ្សេងៗទៀត ចូលរួមប្រជែងគ្នា ដើម្បីបម្រើជាតិ ជ្រកក្រោមរបបរាជានិយម អាស្រ័យធម្មនុញ្ញ ដែលយើងមានបច្ចុប្បន្ន“ ។

សូមរំលឹកថា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចទៀ បាញ់ និងសម្ដេចម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបំណងចង់ឱ្យមានការបោះឆ្នោតព្រឹទ្ធសភា មានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភាដែរ និងបានជំរុញឱ្យសិក្សាលទ្ធភាពដើម្បីមានគណនេយ្យភាព ដើម្បីកំណត់ឱ្យបានច្បាស់ថា សមាជិកព្រឹទ្ធសភា ម្នាក់ៗ ត្រូវចុះទៅកាន់នៅភូមិភាគណាឱ្យបានច្បាស់លាស់ ។     

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «យើងក៏កំពុងតែពិនិត្យដែរ តើយើងអាចនឹងរៀបចំគណនេយ្យភាពអំពីសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោតដូចដែលរដ្ឋសភា កំពុងធ្វើទេ?  ព្រោះឥឡូវមិនដឹងថាអ្នកណា ទៅនៅភូមិភាគណាៗ ព្រោះភូមិភាគមួយ មានបួនប្រាំខេត្ត ។ អ៊ីចឹងទេ តើគួររៀបចំជាមណ្ឌលបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវធ្វើការកែទម្រង់ឱ្យទៅជាមួយមណ្ឌល បេក្ខភាពមួយ ប៉ុន្មាននាក់អ៊ីចឹងទៅ រៀប២៥មណ្ឌល ឧទាហរណ៍ទេ អាហ្នឹង យើងសិក្សាអំពីបញ្ហាហ្នឹង ។ ពេលដែលខ្ញុំមកព្រឹទ្ធសភា បានខ្ញុំដឹងថា ឱ! សមាជិកព្រឹទ្ធសភា មិនដឹងថា អ្នកណាចុះទៅត្រង់ណាៗទេ ។ អ៊ីចឹងទេ យើងក៏ត្រូវសិក្សាអំពីអាហ្នឹងដែរ កែប្រព័ន្ធដើម្បីឲ្យសមាជិកព្រឹទ្ធសភា មួយៗ គឺមានគណនេយ្យភាពជាមួយអង្គបោះឆ្នោត ។ បើមិនអ៊ីចឹង អង្គុយស៊ីប្រាក់ខែ អត់មានអីទៅជួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើផ្លូវអីតិចតួច ធ្វើទំនប់បន្តិច ឬក៏ជួយបូមទឹក បូមស្អី អត់! អាហ្នឹងខ្ញុំគិតថា ត្រូវតែធ្វើ“ ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង០៦ (ប្រាំមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាចឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទប្បញ្ញត្តិ មាត្រា១០២ថ្មី នៃរដ្ឋធម្មនុញ្ញ។ កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ។ នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង ។ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភា ចំនួន២(ពីរ)រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ។ សមាជិកព្រឹទ្ធសភា ចំនួន២(ពីរ)រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប ។ សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ និងការបែងចែកអាសនៈ តាមមណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានកំណត់ក្នុងមាត្រា១៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។ មណ្ឌលបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភា មានចំនួន៨ភូមិភាគ។ សមាជិកព្រឹទ្ធសភាក្នុងព្រឹទ្ធសភា គឺជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងឲ្យភូមិភាគរបស់ខ្លួន នោះទេ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមត្ថកិច្ចគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានា ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ រាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំព្រឹទ្ធសភា ជាបន្ទាន់ ដើម្បីសម្រេច ។  ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយ ត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើន បីភាគបួន នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ។ ក្នុងនីតិកាលរបស់ព្រឹទ្ធសភា អាសនៈរបស់សមាជិកព្រឹទ្ធសភា ត្រូវប្រកាសថានៅទំនេរ ក្នុងករណីលាលែង បោះបង់ចោលការងារ មកពីវិសមិតភាព ប្រាសចាកសមាជិកភាព ឬទទួលអនិច្ចកម្ម ។ អាសនៈរបស់សមាជិកព្រឹទ្ធសភា ដែលនៅទំនេរយ៉ាងតិច ៦ខែ មុនចប់នីតិកាល ត្រូវបំពេញជំនួសដោយសមាជិកថ្មី ចេញពីប្រភពដើម ដែលមានអាសនៈទំនេរនោះ ដោយមិនចាំបាច់បោះឆ្នោតសាឡើងវិញ ។ មុខងារជាសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយមុខងារសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងវិសមិតភាពជាមួយនឹងការបំពេញមុខងារសាធារណៈជាសកម្ម រួមទាំងការប្រកបការងារ ក្នុងវិជ្ជាជីវៈសេរីផងដែរ ។

ដោយឡែក ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បង្ហាញពីដំណើរការប្រព្រឹត្តិទៅនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ គណៈអភិបាលរួមមាន ប្រធានមួយរូបដែលហៅថាអភិបាល និងអភិបាលរងមួយចំនួន។ អភិបាលរាជធានី អភិបាលខេត្ត ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរងខណ្ឌ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមមាត្រា ១៤០ ថ្មី គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១ រូប។ គណៈអភិបាលខេត្តមានចំនួនពី ៧ រូប ទៅ ១១ រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ រូប ទៅ ៧ រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមមាត្រា ១៤៣ អភិបាលរាជធានី អភិបាលខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិដូចជា មានឋានន្តរសក្ដិឧត្តមមន្តី មានអាយុចាប់ពីសាមសិបប្រាំ (៣៥) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំពីរ (០៧) ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង  មិនធ្លាប់មានទោសឧក្រិដ្ឋ ឬមជ្ឈិមណាមួយ។

អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវធ្វើការជ្រើសរើសពីក្នុងចំណោម មន្ត្រីទាំងពីរភេទដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណសម្បត្តិ ដូចជា មានឋានន្តរសក្ដិចាប់ពីអនុមន្ត្រីឡើង  មានអាយុចាប់ពីសាមសិប (៣០) ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួនប្រាំ (០៥) ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការក្នុងរយៈពេលនៃការតែងតាំង មិនធ្លាប់មានទោសឧក្រិដ្ឋ ឬមជ្ឈិមណាមួយ ៕ កុលបុត្រ

RELATED ARTICLES