Thursday, May 22, 2025
Homeព័ត៌មានជាតិផ្តល់សច្ចាប័នច្បាប់សមុទ្រ ក្រុមសម រង្ស៊ី ជំរុញនាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋសភា

ផ្តល់សច្ចាប័នច្បាប់សមុទ្រ ក្រុមសម រង្ស៊ី ជំរុញនាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋសភា

ភ្នំពេញ ៖ ក្រុមសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលពេលនេះបានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានជំរុញនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត ស្នើរដ្ឋសភា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) និងបានព្រមានថា បើនាយករដ្ឋមន្រ្តី មិនដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្រ និងដែនដីកោះ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងនេះទេ ជនជាតិខ្មែរ ជុំវិញពិភពលោក នឹងធ្វើបាតុកម្មឥតឈប់ឈរ ហើយនឹងធ្វើញត្តិស្នើទៅសហគមន៍អន្តរជាតិ ជាពិសេសអង្គការសេហប្រជាជាតិ ឲ្យជួយអន្តរាគមន៍ ។

នេះបើតាមលិខិតចំហ របស់លោកទេព មនោរម្យ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង (CAMBODIA NATIONAL RESCUE PARTY – FRANCE) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ផ្ញើជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានលោកសម រង្ស៊ី យកមកបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

លិខិតចំហ របស់លោកទេព មនោរម្យ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង ផ្ញើជូនសម្តេចហ៊ុន ម៉ាណែត មានខ្លឹមសារថា “ជម្លោះព្រំដែនសមុទ្រ និងការបញ្ហាមិនឯកភាពគ្នាចំពោះដែនដីកោះ ជាមួយប្រទេសជិតខាង ដែលកំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក ក្នុងរយៈពេលចុងក្រោយនេះ នឹងអាចធ្វើឲ្យមានជម្លោះការទូត ឬការប្រឈមមុខដាក់គ្នា តាមរយៈកងទ័ពប្រដាប់អាវុធ ជាយថាហេតុ ។ ដោយមើលឃើញហេតុផលនេះ សាខាគណបក្សសង្គ្រោះជាតិ ប្រទេសបារាំង ជំរុញឲ្យរដ្ឋអំណាចលោកហ៊ុន ម៉ាណែត ដាក់ស្នើឲ្យរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS)។ សូម្បីតែលោកចៅក្រមអន្តរជាតិ ដែនសមុទ្រ លោក ហ៊ីៅដេហ៊ីសា ហូរីនូឈី (Hidehisa Horinouchi) និងឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺលលេ (Jacques Pellet) ក៏បានជំរុញឲ្យកម្ពុជា ផ្តល់សច្ចាប័នដល់ច្បាប់សមុទ្រ (UNCLOS) នេះផងដែរ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងដែនដីកោះ ជាមួយប្រទេសជិតខាង» ។

លិខិតចំហ របស់លោកទេព មនោរម្យ បន្តថា «សូមរំលឹកផងដែរថា ជម្លោះព្រំដែនសមុទ្រ បញ្ហាមិនឯកភាពគ្នាចំពោះដែនដីកោះ ជាមួយប្រទេសជិតខាងនេះ ធ្វើឲ្យមានការរធ្វើបាតុកម្ម តាមប្រទេសនានាជុំវិញពិភពលោក ពីសំណាក់ជនជាតិខ្មែរ ទាមទារឲ្យរដ្ឋអំណាចទីក្រុងភ្នំពេញ ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ប្តឹងករណីកោះគុត ទៅកាន់តុលាការអន្តរជាតិ។

ច្បាប់អន្តរជាតិនេះ ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ប្រទេសកម្ពុជា ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិខ្មែរ ដែលមានចែងក្នុងសន្ធិសញ្ញាទីក្រុងបារីស ស្តីពីកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ ច្បាប់អន្តរជាតិនេះទៀតសោត ក៏ជាមូលដ្ឋានដ៏រឹងមាំមួយ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ និងដែនដីកោះ ជាមួយប្រទេសជិតខាង យ៉ាងមានប្រសិទ្ធភាព ដោយសន្តិវិធី និងយុត្តិធម៌ តាមគោលការណ៍អន្តជាតិ»។

លិខិតចំហ របស់លោកទេព មនោរម្យ បន្តថា «សូមបញ្ជាក់ផងដែរថា បើយោងតាមការស្រាវជ្រាវបស់អ្នកជំនាញផ្នែកព្រំដែន របស់គណបក្សសង្គ្រោះជាតិ និងអ្នកជំនាញផ្នែកព្រំដែនផ្សេងទៀត មើលឃើញថា ប្រសិនបើកម្ពុជា ផ្ដល់សច្ចាប័ន ដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់‌សមុទ្រ (UNCLOS) នោះកម្ពុជា និងទទួលបានកោះគុត ដែលកំពុងមានបញ្ហាជាមួយប្រទេសថៃ និងកោះត្រល់ ដែលជាកោះរបស់ខ្មែរ ហើយដែលវៀតណាម កំពុងតែកាន់កាប់ ដោយសារសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលអន្តរជាតិមិនទទួលស្គាល់ ។

ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង និងជនជាតិខ្មែរ នៅជុំវិញពិភពលោក មើលឃើញ និងយល់យ៉ាងច្បាស់ថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងផ្តល់ផលប្រយោជន៍ជាច្រើន មកដល់កម្ពុជា ជាពិសេសដែនទឹកសមុទ្រ និងដែនដីកោះ ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើនអនេក»។

លិខិតចំហ របស់លោកទេព មនោរម្យ បន្តទៀតថា «សាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង សូមបញ្ជាក់ថា ប្រសិនបើរដ្ឋអំណាចរបស់លោក ហ៊ុន ម៉ាណែត ពិតជាគិតដល់ប្រយោជន៍ជាតិជាធំពិតមែន នោះគ្មានមូលហេតុអ្វីដែលលោក ហ៊ុន ម៉ាណែត មិនដាក់ស្នើឲ្យរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សច្ចាប័នពេញលេញ ដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នោះទេ។

ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង និងជនជាតិខ្មែរ នៅជុំវិញពិភពលោក សូមព្រមានថា ប្រសិនបើរដ្ឋអំណាចលោក ហ៊ុន ម៉ាណែត នៅតែរកលេសមិនស្នើដល់រដ្ឋសភាជាតិ ឲ្យផ្តល់សច្ចាប័ន ដល់អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នោះទេ ជនជាតិខ្មែរ ជុំវិញពិភពលោក នឹងធ្វើបាតុកម្មឥតឈប់ឈរ ហើយនឹងធ្វើញត្តិស្នើទៅសហគមន៍អន្តរជាតិ ជាពិសេសអង្គការសេហប្រជាជាតិ អន្តរាគមន៍ចំពោះបញ្ហាជម្លោះព្រំដែនសមុទ្រ និងដែនដីកោះ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាងនេះ“ ។

គួរបញ្ជាក់ថា លិខិតចំហ របស់សាខាគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសបារាំង ខាងលើនេះ បានធ្វើឡើងក្រោយ១ថ្ងៃ ដែលគណបក្សកម្លាំងជាតិ បានធ្វើលិខិតគោរពជូនសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំបញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ទៅរដ្ឋសភាជាតិ ដើម្បីផ្តល់សច្ចាប័នផងដែរ ។

នៅក្នុងលិខិតរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោក ជា មុនី ប្រធានគណបក្ស បានជម្រាបជូនសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាជ្រាបថា«ដោយប្រទេសកម្ពុជា កំពុងមានបញ្ហាមិនឯកភាពគ្នា ចំពោះដែនដីកោះ និងព្រំដែនសមុទ្រជាមួយប្រទេសជិតខាង ដែលអាចប្រឈមនឹងជម្លោះការទូត ឬហិង្សាជាមួយប្រទេសទាំងនោះជាយថាហេតុ គណបក្សកម្លាំងជាតិ ស្នើឲ្យរាជរដ្ឋាភិបាល ដាក់បញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ជូនរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់សច្ចាប័ន“ ។

លិខិតរបស់គណបក្សកម្លាំងជាតិ បន្តថា «ច្បាប់អន្តរជាតិនេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពារបូរណភាពព្រំដែនសមុទ្រ ព្រមទាំងជាបទដ្ឋានគតិយុត្តអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី និងយុត្តិធម៌តាមគោលការណ៍ជាមួយប្រទេសជិតខាងទៀតផង។ ជាងនេះទៅទៀត ចៅក្រមអន្តរជាតិដែនសមុទ្រ លោក ហឺរីនូស៊ី (អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា) និងលោក ហ្សាក់ ប៉ឺលឡេ (ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា) ក៏បានជំរុញឲ្យកម្ពុជា ផ្តល់សច្ចាប័ន (UNCLOS) នេះឲ្យបានឆាប់ផងដែរ “ ។

លិខិតរបស់គណបក្សកម្លាំងជាតិ បន្តទៀតថា «ដើម្បីរក្សាបាននូវអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងចំណងមិត្តភាព ស្មើភាពជាមួយប្រទេសជិតខាង គណបក្សកម្លាំងជាតិ ស្នើសុំសម្តេចមហាបវរធិបតី មេត្តាពន្លឿនបញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ UNCLOS ទៅរដ្ឋសភាជាតិ ដើម្បីផ្តល់ស្ថាប័នឲ្យបានឆាប់រហ័ស។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចមហាបវរធិបតី មេត្តាជួយអន្តរាគមន៍ឲ្យកម្ពុជាទទួលបាននូវច្បាប់អន្តរជាតិការពារដែនសមុទ្រខាងលើ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយអនុគ្រោះ» ។

ជាចំណាប់អារម្មណ៍ជុំវិញការជំរុញរបស់អតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស និងគណបក្សកម្លាំងជាតិ ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ថា ជារឿងល្អ ក្នុងការស្នើឲ្យសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បញ្ជូនច្បាប់សមុទ្រ UNCLOS នេះ ទៅឲ្យសភា ដើម្បីផ្ដល់សច្ចាប័ន ព្រោះរឿងនេះគឺជារឿងអាយុជីវិតរបស់ជាតិ ក្នុងការការពារដែនសមុទ្រ និងកោះរបស់យើងកុំឲ្យបាត់បង់ទៅប្រទេសវៀតណាម និងប្រទេសថៃ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ បាទ! ខ្ញុំមានការចាប់អារម្មណ៍ ហើយក៏គាំទ្រដែរ ដែលគណបក្សកម្លាំងជាតិ ស្នើឲ្យនាយករដ្ឋមន្រ្តី លោកហ៊ុន ម៉ាណែត ហ្នឹង បញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ UNCLOS ហ្នឹងទៅរដ្ឋសភា ដើម្បីផ្ដល់សច្ចាប័ន ព្រោះយើងដឹងហើយ កម្ពុជា យើងបានចុះហត្ថលេខាទៅលើច្បាប់សមុទ្រហ្នឹង កាលពីឆ្នាំ១៩៨៣ ប៉ុន្តែអត់ទាន់ពេញលេញទេ ត្រូវការឲ្យរដ្ឋសភា ផ្ដល់សច្ចាប័នទៀត ទើបវាពេញលេញ ហើយកាលណាយើងអាចយកច្បាប់សមុទ្រហ្នឹង ដើម្បីការពារដែនសមុទ្ររបស់យើង ហើយនិងដើម្បីរុករករ៉ែ ប្រេង ឧស្ម័ន នៅបាតសមុទ្រអីហ្នឹង ហើយដោះស្រាយជម្លោះព្រំដែនយើងជាមួយប្រទេសវៀតណាម ប្រទេសថៃ ហើយអាចប្ដឹងថៃ ករណីកោះគុត ហើយនិងដែនសមុទ្រត្រួតស៊ីគ្នា ទៅកាន់តុលាការអន្តរជាតិ ព្រោះបើយើងអត់បានផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រទេ គឺយើងមិនអាចប្ដឹងទៅកាន់តុលាការអន្តរជាតិបានទេ ករណីកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នាអី ហើយបើសិនជាយើងផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រហើយ យើងប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ យើងប្រាកដជាបានយ៉ាងហោចពាក់កណ្ដាលនៃកោះគុត មកវិញ ហើយនិងដែនសមុទ្រត្រួតស៊ីគ្នា ទំហំ២៦០០០គីឡូម៉ែត្រការ៉េ មកវិញ ហើយនិងប្រេង ហើយនិងឧស្ម័ន តម្លៃប្រហែលជា ៣០០ពាន់លានដុល្លារហ្នឹង ក៏មិនត្រូវចែកគ្នាជាមួយថៃ ដែរ ហើយបើប្ដឹងវៀតណាម ទៅកាន់តុលាការអន្តរជាតិ យើងប្រាកដជាបានកោះត្រល់ មកវិញ កោះក្រចកសេះ មកវិញ ហើយនិងសមុទ្រដែលវៀតណាម យកពីយើង ចំនួន៣០០ពាន់គីឡូម៉ែត្រការ៉េ មកវិញ ហើយនិងសមុទ្រដែលដាក់រួមជាមួយវៀតណាម ហៅថា តំបន់ទឺកប្រវត្តិសាស្រ្តហ្នឹង ចំនួន១០ពាន់គីឡូម៉ែត្រការ៉េ ពីវៀតណាម មកវិញ ព្រោះសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ហ្នឹង លោកហ៊ុន សែន ក៏បានកាត់កោះត្រល់ និងកោះក្រចកសេះ ឲ្យទៅយួន ហើយនិងដែនសមុទ្រខ្មែរយើង ៣០ពាន់គីឡូម៉ែត្រការ៉េ ឲ្យទៅយួន ហើយនិងដាក់សមុទ្រខ្មែរយើង រួមជាមួយយួន ហៅថាតំបន់ទឹកប្រវត្តិសាស្រ្តហ្នឹង ចំនួន១០ពាន់គីឡូម៉ែត្រការ៉េ ។ ដូច្នេះជារឿងល្អ ដែលគណបក្សកម្លាំងជាតិ ស្នើឲ្យលោកហ៊ុន ម៉ាណែត បញ្ជូនច្បាប់សមុទ្រ UNCLOS ហ្នឹង ទៅឲ្យសភា ដើម្បីផ្ដល់សច្ចាប័ន យើងគាំទ្រពេញទំហឹងតែម្ដង ហើយក៏ស្នើលោកហ៊ុន ម៉ាណែត ហ្នឹង ពន្លឿនដាក់សំណើទៅរដ្ឋសភាហ្នឹង ដើម្បីឲ្យផ្ដល់សច្ចាប័នរឿងនេះ ព្រោះរឿងនេះគឺជារឿងអាយុជីវិតរបស់ជាតិ ហើយការពារដែនសមុទ្ររបស់យើង កុំឲ្យបាត់បង់ទៅប្រទេសជិតខាង ហើយនិងកោះរបស់យើងកុំឲ្យបាត់បង់ទៅប្រទេសវៀតណាម និងប្រទេសថៃ“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា កម្ពុជា យើងធ្លាប់បានចុះហត្ថលេខាហើយ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ គឺទទួលស្គាល់ច្បាប់សមុទ្រម្ដងហើយ ក៏ប៉ុន្តែមិនទាន់បានផ្ដល់សច្ចាប័នផ្លូវការពីសភាកម្ពុជា ។ ម្ល៉ោះហើយការជំរុញបន្ថែមទៅលើខ្លឹមសារនេះ វាជារឿងកាន់តែល្អថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា គួរគប្បីពិចារណា ហើយធ្វើសេចក្ដីព្រាងច្បាប់ ភ្ជាប់ជាមួយនឹងច្បាប់សមុទ្រនេះ ដើម្បីបញ្ជូនទៅរដ្ឋសភា ផ្ដល់សច្ចាប័ន ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “មុននេះ ខ្ញុំបានអានលិខិតរបស់គណបក្សកម្លាំងជាតិ ស្ដីអំពីច្បាប់សមុទ្រ ស្នើបញ្ជូនតាមនាយករដ្ឋមន្រ្តី ទៅកានរដ្ឋសភា សុំផ្ដល់សច្ចាប័នលើច្បាប់ហ្នឹង ។ ច្បាប់សមុទ្រ ឬហៅកាត់ម្យ៉ាងទៀតថា UNCLOS ឬក៏ភាសាខ្មែរ ហៅថា អនុសញ្ញាសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ដើម្បីអី? ការពារប្រទេសដែលជាប់នៅលើដែនសមុទ្រហ្នឹង ។ អ៊ីចឹងកម្ពុជា យើងធ្លាប់បានចុះហត្ថលេខាហើយ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិហ្នឹង ទទួលស្គាល់ច្បាប់សមុទ្រម្ដងហើយ ក៏ប៉ុន្តែមិនទាន់បានផ្ដល់សច្ចាប័នផ្លូវការពីរដ្ឋសភាកម្ពុជា ។ ម្ល៉ោះហើយគណបក្សកម្លាំងជាតិ ជំរុញបន្ថែមទៅលើខ្លឹមសារនេះ វាល្អ ។ ពួកយើងធ្លាប់ជំរុញហូរហែហើយ កន្លងទៅ យើងតវ៉ារឿងតំបន់ត្រួតស៊ីគ្នា កោះគុត រឿងកោះត្រល់ កោះក្រចកសេះអីហ្នឹង គឺយើងជំរុញឲ្យកម្ពុជា ហ្នឹងផ្ដល់សច្ចាប័នលើច្បាប់សមុទ្រ ។ ឥឡូវហ្នឹងគណបក្សកម្លាំងជាតិ ហ្នឹងក៏ជំរុញបន្ថែម វាជារឿងកាន់តែល្អថែមទៀត ហើយរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានចូលរួមសិក្ខាសាលាស្ដីអំពីច្បាប់សមុទ្រដែរ កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ ក៏បានជំរុញឲ្យមានការអញ្ជើញមេធាវី ចៅក្រមតុលាការអន្តរជាតិ ហើយមានអតីតរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ខ្មែរហ្នឹង ដើម្បីចូលរួមធ្វើវាគ្មិន ស្ដីអំពីអត្ថន័យស៊ីជម្រៅទៅលើច្បាប់សមុទ្រហ្នឹង ។ អ៊ីចឹងបន្ថែមពីនេះ មានការជំរុញថែមទៀត យើងកាន់តែមានលក្ខណៈស៊ីជម្រៅ លក្ខណៈជំរុញបន្ថែម ។ ម៉្លោះរដ្ឋាភិបាលកម្ពុជា គួរគប្បីពិចារណា ហើយធ្វើសេចក្ដីព្រាងទៅ គណៈរដ្ឋមន្រ្តី អាចធ្វើសេចក្ដីព្រាងច្បាប់ ប៉ុន្មានមាត្រាទៅ ភ្ជាប់ជាមួយនឹងច្បាប់សមុទ្រហ្នឹង ដើម្បីបញ្ជូនទៅរដ្ឋសភា ផ្ដល់សច្ចាប័ន ចំណុចទី១ ឬមួយចំណុចទៀត អាចរដ្ឋសភា ធ្វើសេចក្ដីស្នើច្បាប់ ក៏បានដែរ ដើម្បីឲ្យសភា ប្រជុំពេញអង្គ អនុម័តផ្ដល់សច្ចាប័នអ៊ីចឹងទៅ ហើយនីតិវិធីបន្តបន្ទាប់ហ្នឹង បញ្ជូនទៅព្រឹទ្ធសភា ទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ រួចចុងក្រោយ គឺផ្ដល់ឲ្យព្រះមហាក្សត្រ ឬបើអវត្តមានព្រះមហាក្សត្រ ប្រមុខរដ្ឋស្ដីទី អាចចុះហត្ថលេខា ឬឡាយព្រះហស្ត ដើម្បីព្រះរាជក្រម ប្រើប្រាស់ច្បាប់សមុទ្រហ្នឹងផ្លូវការ ។ អ៊ីចឹងសរុបសេចក្ដីមក បើកម្ពុជា សម្រេចចិត្តផ្ដល់សច្ចាប័នទៅលើច្បាប់សមុទ្រហ្នឹង ហើយយើងប្រើប្រាស់ច្បាប់សមុទ្រហ្នឹង ដើម្បីតវ៉ា ឬភាពមិនប្រក្រតីទាំងឡាយណាដែលប្រទេសជិតខាងយើងបានបំពានលើបូរណភាពដែនសមុទ្រកម្ពុជា ហ្នឹង ឲ្យប្រទេសជិតខាងហ្នឹងដកខ្លួនថយទៅ ហើយបើកម្ពុជា មានឯកសារមិនប្រក្រតី ដែលធ្លាប់បានធ្វើជាមួយប្រទេសវៀតណាម ប្រទេសថៃអី ក៏លុបចោលទៅ ។ ម្ល៉ោះហើយអាចប្រើប្រាស់ច្បាប់សមុទ្រហ្នឹង តវ៉ាគ្នាជាមួយប្រទេសជិតខាងហ្នឹង លើដែនកោះ ទាំងកោះគុត ទាំងកោះត្រល់ ទាំងកោះក្រចកសេះ ជាដើម ។ល។ ហ្នឹង ប្ដឹងទៅតុលាការអន្តរជាតិ ហើយតុលាការអន្តរជាតិហ្នឹង វាមានពីរ យើងអាចប្ដឹងទៅតុលាការ ICJ ក៏បានដែរ ឬក៏តុលាការយុត្តិធម៌អន្តរជាតិហ្នឹង ឬមួយក៏យើងអាចប្ដឹងទៅតុលាការមជ្ឈិតការអន្តរជាតិ ឬក៏តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដែលហៅថា PCA បានដែរ” ។

ជុំវិញការជំរុញរបស់អតីតគណបក្សសង្រ្គោះជាតិនៅប្រទេសបារាំង និងការស្នើគណបក្សកម្លាំងជាតិ ក៏ដូចជាការលើកឡើងរបស់អតីតតំណាងរាស្រ្តគណបក្សប្រឆាំង និងឃ្លាំមើល ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ ឆ្លើយតបពីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអ្នកនាំពាក្យអង្គភាពរាជរដ្ឋាភិបាល បានទេ កាលពីម្សិលមិញ ។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ការស្នើសុំ ការទាមទារ ជាសិទ្ធិរបស់អ្នកស្នើសុំ អ្នកទាមទារ ប៉ុន្តែចំពោះការអនុវត្ត ឬមិនអនុវត្ត អាស្រ័យទៅលើការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំប្រទេស ។ ម្យ៉ាងទៀត ការព្រមានធ្វើបាតុកម្ម របស់ក្រុមប្រឆាំង មិនមែនទើបតែមានពេលនេះទេ គឺមានតាំងពីឆ្នាំ១៩៩៣ មក ។ ដូច្នេះវាគ្មានអីចម្លែកទេ ចង់ធ្វើម៉េចក៏ធ្វើទៅ ឲ្យតែប្រទេសដែលខ្លួនរស់នៅអនុញ្ញាត តែត្រង់ថា បានផលយ៉ាងណា វាទៅតាមករណីជាក់ស្ដែងនីមួយៗ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អារឿងសំណើរបស់គាត់ មិនមែនត្រឹមតែគណបក្សនយោបាយនៅក្នុងរដ្ឋសភា ឬក៏ក្រៅរដ្ឋសភាទេ គឺជាសិទ្ធិរបស់ពលរដ្ឋទូទៅ ។ អ៊ីចឹងទេ បានជាច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាល មានតួនាទីភារកិច្ចក្នុងការដោះស្រាយរាល់បញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ។ អ៊ីចឹងទេ ការស្នើរបស់គាត់ អាហ្នឹងយើងចាត់ទុកថា ជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែការសម្រេចយ៉ាងណា វាអាស្រ័យទៅលើសំណូមពរចាំបាច់ ដែលរាជរដ្ឋាភិបាល លោកត្រូវធ្វើ ឬមិនត្រូវធ្វើ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ ។ ចំពោះការធ្វើបាតុកម្ម យើងមិនអាចទុកថាព្រមានឬមិនព្រមានទេ ព្រោះការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលគណបក្សប្រជាជននោះ វាមានតាំងពីឆ្នាំ១៩៩៣ មក បើគិតរហូតមកដល់សព្វថ្ងៃនេះ ជាង៣០ឆ្នាំហើយ ។ អ៊ីចឹងវាមានអីរឿងចម្លែក? វាអត់អីរឿងចម្លែកទេ ជាសិទ្ធិរបស់គាត់ ឲ្យតែប្រទេសជាម្ចាស់ផ្ទះហ្នឹង គេអនុញ្ញាត អ្នកឯងធ្វើម៉េចធ្វើទៅ ក៏ប៉ុន្តែត្រង់ថា បានផលយ៉ាងណា វាទៅតាមករណីជាក់ស្ដែងនីមួយៗ ។ យ៉ាងណា រឿងច្បាប់សមុទ្រ អាហ្នឹងវាជាច្បាប់ដែលមាននៅអង្គការសហប្រជាជាតិ អាហ្នឹងគ្រប់ប្រទេសដែលជាសមាជិកអង្គការសមាជិកសហប្រជាជាតិ ត្រូវតែគោរពនិងអនុវត្តហើយ ក៏ប៉ុន្តែនៅលើពិភពលោក ដែលមានប្រទេសជាង ២០០ប្រទេសនេះ មិនមែនសុទ្ធតែអនុវត្តគ្រប់តែប្រទេសទេ ។ អ៊ីចឹងបើប្រទេសណាមានបញ្ហាព្រំដែន មានសមុទ្រ អាហ្នឹងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប្រទេសនោះ ជាអ្នកគិតគូរ ។ អ៊ីចឹងចំពោះយើងនេះ វាមានដំណាក់កាលឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើន ដែលបន្សល់ទុកឲ្យយើងដោះស្រាយ ដែលជាអ្នកជំនាន់ក្រោយ ។ អ៊ីចឹងខ្ញុំយល់ថា ទី១ ការស្នើសុំ ការទាមទារ អាហ្នឹងជាសិទ្ធិរបស់អ្នកស្នើសុំ អ្នកទាមទារ ទី២ ចំពោះការអនុវត្តឬមិនអនុវត្ត អាស្រ័យទៅលើការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំប្រទេស អាហ្នឹងរឿងតែប៉ុណ្ណឹងទេ“ ។

សូមបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឬហៅថា អនុសញ្ញាច្បាប់សមុទ្រ ឬច្បាប់នៃសន្ធិសញ្ញាសមុទ្រ គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់រាល់សកម្មភាពសមុទ្រ និងដែនសមុទ្រ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ប្រទេសចំនួន១៦៨ និងសហភាពអឺរ៉ុប គឺជាភាគី។ អនុសញ្ញានេះ បានមកពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ លើកទីបី (UNCLOS III) ដែលបានប្រព្រឹត្តទៅ ចន្លោះឆ្នាំ១៩៧៣ និង១៩៨២។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានជំនួសសន្ធិសញ្ញាចំនួនបួន នៃអនុសញ្ញាឆ្នាំ១៩៥៨ ស្តីពីសមុទ្រខ្ពស់។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានចូលជាធរមាន ក្នុងឆ្នាំ១៩៩៤ មួយឆ្នាំបន្ទាប់ពីប្រទេសហ្គីយ៉ាណា បានក្លាយជាប្រទេសទី៦០ ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ។ នៅឆ្នាំ២០២៣ កិច្ចព្រមព្រៀងត្រូវបានសម្រេចលើសន្ធិសញ្ញាសមុទ្រខ្ពស់ ដែលត្រូវបន្ថែមជាឧបករណ៍នៃអនុសញ្ញា ដើម្បីការពារជីវិតមហាសមុទ្រ នៅក្នុងដែនទឹកអន្តរជាតិ។ នេះនឹងផ្តល់នូវវិធានការរួមទាំងតំបន់ការពារសមុទ្រ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន។ ខណៈពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបានឧបករណ៍ផ្តល់សច្ចាប័ន និងការចូលជាសមាជិក ហើយអង្គការសហប្រជាជាតិ ផ្តល់ការគាំទ្រសម្រាប់កិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញានោះ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ មិនមានតួនាទីប្រតិបត្តិការផ្ទាល់ក្នុងការអនុវត្តអនុសញ្ញានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ អង្គការដែនសមុទ្រអន្តរជាតិ មានតួនាទី ក៏ដូចជាស្ថាប័នផ្សេងទៀត ដូចជា គណៈកម្មការត្រីបាឡែនអន្តរជាតិ និងអាជ្ញាធរបាតសមុទ្រអន្តរជាតិ (ISA) ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញាខ្លួនឯង ។

ដោយឡែក សច្ចាប័ន (Ratification) គឺជាដំណើរការដែលប្រទេសមួយយល់ព្រមជាផ្លូវការក្នុងការចូលរួម និងគោរពតាមសន្ធិសញ្ញាអន្តរជាតិ។ ការធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS គឺរដ្ឋសភា អនុម័តក្នុងការផ្តល់សច្ចាប័នលើច្បាប់សមុទ្រ និងជាដំណើរការដែលប្រទេសមួយ យល់ព្រមជាផ្លូវការក្នុងការចូលរួមនិងគោរពតាមច្បាប់សមុទ្រ UNCLOS ដើម្បីទទួលបានអត្ថប្រយោជន៍នៅដែនសមុទ្រ ព្រមទាំងអាចដោះស្រាយដែនសមុទ្រ និងកោះដែលកំពុងមានជម្លោះជាមួយប្រទេសជិតខាង។  សារៈសំខាន់នៃការផ្តល់សច្ចាប័ន UNCLOS គឺការដោះស្រាយនិងការកំណត់ព្រំដែនសមុទ្រ ព្រមទាំងកោះ ៖ UNCLOS កំណត់ព្រំដែនសមុទ្រដូចជា សមុទ្រដែនដី (១២ម៉ៃល៍ = ២៤គីឡូម៉ែត្រ) តំបន់តភ្ជាប់ (២៤ម៉ៃល៍ = ៤៤គីឡូម៉ែត្រ) តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ – ២០០ម៉ៃល៍ = ៣៧០គីឡូម៉ែត្រ) ខ្ពង់រាបបាតសមុទ្រ (មិនលើសពី២០០ម៉ៃល៍=៣៧០គីឡូម៉ែត្រ) និងឧបទ្វីបដែលជួយកាត់បន្ថយជម្លោះរវាងប្រទេស។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ មាន ១៧០ភាគី បានផ្តល់សច្ចាប័នលើ UNCLOS ដែលរួមមាន ៖ ១៦៦ប្រទេស ជាសមាជិកនៃអង្គការសហប្រជាជាតិ ១រដ្ឋ ជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ (ប៉ាឡេស្ទីន) ២ប្រទេស មិនមែនជាសមាជិក (កោះឃុក និងនីអ៊ូ) និងសហភាពអឺរ៉ុប (EU)។ លើសពីនេះ មាន១៤ប្រទេស ជាសមាជិកអង្គការសហប្រជាជាតិ បានចុះហត្ថលេខា ប៉ុន្តែមិនទាន់ផ្តល់សច្ចាប័ន ដែលក្នុងនោះ មានកម្ពុជា និង១៦ប្រទេសផ្សេងទៀត មិនបានចុះហត្ថលេខា ឬផ្តល់សច្ចាប័ន ៕ កុលបុត្រ

RELATED ARTICLES