Saturday, June 7, 2025
Homeសង្គម និងជីវិតគ្រូវិបស្សនាថា ព្រះអង្គចន្ទមុនី     គង់ធ្វើធុតង្គ នៅព្រៃភ្នំក្រវាញ

គ្រូវិបស្សនាថា ព្រះអង្គចន្ទមុនី     គង់ធ្វើធុតង្គ នៅព្រៃភ្នំក្រវាញ

ខេត្តកំពង់ឆ្នាំង ៖ គ្រូវិបស្សនា ថោង នីដាមុនី ដែលគោរពជឿយ៉ាងមុតមាំទៅលើព្រះធម្មវនវាសី ចន្ទមុនី រហូត បានលើកជើងព្រះអង្គដាក់លើកក្បាល ធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជន រហូតធ្វើឲ្យព្រះអង្គ ចន្ទមុនី ត្រូវបានពុទ្ធបរិស័ទផ្អើលគោរពជឿភ្លូកទឹកភ្លូកដីនោះ បានឲ្យដឹងថា បន្ទាប់ពីព្រះអង្គ ចន្ទមុនី និមន្តចូលក្នុងព្រៃវិញបាត់ មក ពុទ្ធបរិស័ទនឹកនាដល់ព្រះអង្គ និងចង់ដឹងថា បច្ចុប្បន្នព្រះអង្គគង់នៅទីណាយ៉ាងណា?

លោកគ្រូវិបស្សនា ថោង នីដាមុនី បានបង្ហើបថា រហូតមកដល់ពេលនេះ លោកក៏មិនដឹងថា ព្រះអង្គ ចន្ទមុនី និមន្តទៅគង់នៅព្រៃឯណាទេ តែលោកបានឮព្រះអង្គប្រាប់លោក មុនពេលព្រះអង្គនិមន្តចូលព្រៃនោះថា ព្រះ អង្គមិនទៅគង់ឯណាឆ្ងាយទេ គឺត្រឹមព្រៃភ្នំក្រវាញ ហើយព្រះអង្គ នឹងមកធ្វើបុណ្យឆ្លងចេតិយសមរាត្រី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នាពេលខាងមុខ ។

 លោកវេជ្ជបណ្ឌិត ថោង នីដាមុនី ដេលបច្ចុប្បន្នជាគ្រូវិបស្សនាល្បីឈ្មោះ បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លំនឹកដួងចិត្តខ្មែរ ! ព្រះវីរសង្ឃខ្មែរ ក្នុងសម័យសម្តេចតេជោសន្តិភាព កាន់ផ្លិតបក់ផាត់កម្ចាត់ទុក្ខសោករោគភ័យជូនរាស្ត្រស្លូតត្រង់ប្រុសស្រី គឺព្រះភិក្ខុ វនវាសី បណ្ឌិត ចន្ទមុនី ជាតំណក់ឈាមកុលបុត្រខេមរា ដែលមានពួជពង្សជាខ្មែរថ្លៃថ្នូរខ្ពង់ខ្ពស់ ជាកូនមានពួជពង្សឧត្តុង្គឧត្តម ជាគំរូក្នុងបេះដូងខ្មែរ រាប់លាននាក់ ។ មានស្មារតីស្នេហាជាតិមាតុភូមិ គោរពជំនឿដូនតា និងព្រះពុទ្ធសាសនា លោកមិនប្រើផ្លិតបក់បោកប្រាស់រាស្ត្រប្រជាដែលកំពុងតែមានទុក្ខ មិនប្រើផ្លិតបក់តម្កើងកិលេសឲ្យកើតប្រពន្ធកូន បោកពុទ្ធបរិស័ទ យកផ្ទះសម្បែង ឬក្រុមហ៊ុនអ្វីសោះឡើយ ។ «នៅឲ្យគេស្រឡាញ់ បាត់ឲ្យគេអាល័យ» រាស្រ្តហូរទឹកភ្នែក នឹកព្រះអង្គសឹងគ្រប់គ្នា ប្រវត្តិព្រះអង្គ ស័ក្តិសមនឹងកត់ត្រាជាប្រវត្តិសាស្ត្រជាតិ នឹងចារឆ្លាក់ទុកក្នុងបេះដូងកូនខ្មែរ តជំនាន់ ។ សូមព្រលឹងដូនតា មហានគររបស់ខ្មែរ ទេវតារក្សាស្វេតច្ឆត្រ រុក្ខទេវតារក្សាជ្រោះជ្រងជ្រលងដងអូរ គិរីបព្វតា និងសច្ចំបង់បត់តាមភ្នំនានា តាមបីបាច់រក្សាព្រះអង្គ មានក្តីសុខគ្រប់ទិសទី កុំបីខាន ! បងប្អូន កូនចៅ ទន្ទឹងរង់ចាំមើលផ្លូវ ទាំងដួងចិត្តក្រៀមក្រំខ្លោចផ្សាគ្រប់គ្នា  សូមព្រះអង្គ វិលវិញ ក្នុងកាលដ៏ខ្លី កុំបីខានឡើយ“ ។

លោកវេជ្ជបណ្ឌិត ថោង នីដាមុនី បានសរសេរបន្ថែមថា “ព្រះសក្យមុនីចេតិយ សមរាត្រី តម្កល់ព្រះសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង នៅវត្តលោកតាសុត គឺជាទីគោរពសក្ការៈបូជាដ៏ក្រៃលែង របស់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាទីគោរពរបស់លោកម្ចាស់ វនវាសី បណ្ឌិត ចន្ទមុនី ព្រោះហេតុនេះពេលប្រារព្ធពិធីឆ្លងព្រះចេតិយ ព្រះអង្គ មុខជានិមន្តមកចូលរួមឆ្លងជាមិនខាន។ មួយទៀត គឺសាលាវិបស្សនា ដែលមិនអាចអវត្តមានព្រះអង្គ ក្នុងការជួយប្រោសយាយតាបាននោះទេ ។ សាធុ!ៗ សូមព្រះអង្គសម្រាកព្រះកាយមួយរយៈ ដោយក្តីស្ងប់សុខចុះ ! សូមផ្សាយមេត្តាចិត្តទៅគ្រប់ទិសទី សន្តិៗ ! សុខស្ងប់ៗ!“ ។

 បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោកវេជ្ជបណ្ឌិត ថោង នីដាមុនី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា រហូតមកដល់ពេលនេះ លោកមិនដឹងថា ព្រះអង្គចន្ទមុនី និមន្តទៅគង់នៅព្រៃឯណាទេ លោកគ្រាន់តែបានឮព្រះអង្គប្រាប់លោក នៅមុនពេលព្រះអង្គនិមន្តទៅព្រៃនោះថា ព្រះអង្គ មិនទៅគង់ឯណាឆ្ងាយទេ ត្រឹមព្រៃភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ យើងនេះឯង ។

លោកវេជ្ជបណ្ឌិត ថោង នីដាមុនី បានមានប្រសាសន៍ថា “ដោយសារខ្ញុំជជែកជាមួយលោក លោកថា ឆ្លងចេ តិយ លោកមកឆ្លង ហើយសមិទ្ធផលនានា លោកមកចេញចូលមើល ។ និយាយគ្នាតែប៉ុណ្ណឹងឯង ដោយថ្ងៃ ពេលវេលាដែលលោកចេញចូល លោកអត់ប្រាប់ ខ្ញុំក៏មិនសួរដែរទេ ។ ថ្ងៃហ្នឹង ស្ដាប់លោក លោកនិយាយថា ចូលព្រៃភ្នំក្រវាញ ហើយឆ្លងចេតិយ អាត្មាមក ហើយក្នុងវត្តហ្នឹង ក៏លោកចេញចូលមើល ។ និយាយទៅ ខ្ញុំបានជួបលោក មុនពេលលោកនិមន្តចូលព្រៃ ប៉ុន្តែមិនមែនជួបភ្លាមៗទេ ជួបពីរបីថ្ងៃ មុនលោកចូលព្រៃ លោកថា ចូលព្រៃ ហើយខ្ញុំថា កុំទៅព្រៃឆ្ងាយពេក លោកថា ចូលត្រឹមភ្នំក្រវាញ ហើយខ្ញុំសុំឲ្យពេលឆ្លងចេតិយ សុំនិមន្តមកឆ្លងវិញ ប៉ុណ្ណឹងឯង។ លោកគង់នៅព្រៃណា អីព្រៃណា លោកអត់ឲ្យដឹងផង“ ។

 ចំពោះការដែលថា ព្រះអង្គចន្ទមុនី បក់ផ្លិតកម្ចាត់ទុក្ខសោករោគភ័យ មិនមែនបោកប្រាស់រាស្ត្រនោះ លោកវេជ្ជបណ្ឌិតថោង នីដាមុនី គ្រូវិបស្សនា បញ្ជាក់យ៉ាងខ្លីថា នេះជាការពិត ចំពោះអ្នកជឿ ឬមានជំនឿលើព្រះអង្គ ៕ កុលបុត្រ  

    

RELATED ARTICLES