Tuesday, June 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូសង្សារ ទៅដឹកប្រុស បុកឡានគេ ហៅសង្សារមកសង

ខ្ចីម៉ូតូសង្សារ ទៅដឹកប្រុស បុកឡានគេ ហៅសង្សារមកសង

ភ្នំពេញ ៖ យុវជនប្រុសស្រី ៤នាក់ (ប្រុស២ ស្រី២) បានជិះម៉ូតូ ម្នាក់១គ្រឿង ដឹកគ្នា ដើរលេងយប់ លុះដល់ចំណុចភ្លើងស្តុបលោតពណ៌ក្រហម មិនព្រមឈប់ នៅតែបំពានបើកទៅមុខ ជ្រុលទៅបុករថយន្តទំនើប ១គ្រឿង បណ្តាលឱ្យយុវតីម្នាក់ រងរបួស ដួលសន្លប់ លុះម្ចាស់រថយន្តទាមទារឱ្យដោះស្រាយសងសំណង ស្រាប់តែធ្លាយរឿងម៉ូតូដែលជិះបុករថយន្តនេះ គឺជាម៉ូតូដែលយុវតីម្នាក់ ខ្ចីសង្សាររបស់ខ្លួន យកមកជិះដឹកប្រុសដើរលេង លុះជួបគ្រោះថ្នាក់ ប្រុសថ្មីរត់បាត់ ទុកឱ្យខាងស្រីទូរស័ព្ទហៅសង្សារជាម្ចាស់ម៉ូតូ មកដោះស្រាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្តុបព្រះសក្យមុនីចេតិយ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ២គ្រឿង ជិះដោយយុវ ជនប្រុសស្រី៤នាក់ (ដឹកគ្នាម្នាក់១គូ) ដោយក្នុងនោះ ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច មិនចាំស្លាកលេខ និងម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KV-5283 ធ្វើដំណើរតាមបណ្តោ យផ្លូវលេខ១០៦ ទិសដៅពីកើត ទៅលិច ខណៈធ្វើដំណើរដល់ឆ្លងផ្លូវបំបែក ឃើញភ្លើងស្តុបលោតពណ៌ក្រហម មិនព្រមឈប់ នៅតែបំពានទៅមុខ ធ្វើឱ្យជ្រុលទៅបុករថយន្តទំនើប ១គ្រឿង ម៉ាក Mercedes ពណ៌ស បើកបរដោយស្ត្រីម្នាក់ ដែលកំពុងបើកបរឆ្លងមហាវិថីព្រះមុនីវង្ស ពីជើង ទៅត្បូង (ឆ្លងស្តុបបៃតង) ពេញទំហឹង បណ្តា លឱ្យនារីម្នាក់ ផ្លោងទៅបុកកញ្ចក់រថយន្ត រងរបួសធ្ងន់ ចំណែកយុវជនជាអ្នកបើកម៉ូតូ រងរបួសស្រាល។ រីឯម៉ូតូ ១គ្រឿងទៀត ម៉ាកស៊ុយស៊ូគី និច ជិះដឹកគ្នា (ប្រុសស្រី១គូ) បានឈប់មើលគ្នីគ្នាផងដែរ។ ស្រាប់តែឆ្លៀតពេលខាងស្រីៗចុះមើលគ្នា ខាងប្រុសឆ្លៀតឱកាសឡើងម៉ូតូបក្ខពួក ជិះដឹកគ្នារត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ភាគីស្ត្រីជាម្ចាស់រថយន្តទំនើប បានចុះមកសួរនាំ ដើម្បីឱ្យខាងយុវតីទាំង២នាក់ (រងរបួសធ្ងន់ម្នាក់) និងសល់ម៉ូតូ ១គ្រឿង នៅកន្លែងកើតហេតុ ដោះស្រាយសំណង ទើបបែកធ្លាយដឹងថា តាមពិត ម៉ូតូ ១ គ្រឿងនេះ មិនមែនជារបស់ពួកគេនោះទេ គឺជារបស់សង្សារនាង ដែលនាងខ្ចីជិះ យកមកដឹកប្រុសថ្មី តែក្រោយកើតហេតុ ខាងប្រុសនោះ បានរត់បាត់ ទើបនាងបានទូរស័ព្ទទៅហៅសង្សារ ជាម្ចាស់ម៉ូតូ ឲ្យមកដោះស្រាយជាមួយម្ចាស់រថយន្ត។

ដោយឡែក យុវជនជាម្ចាស់ម៉ូតូ ក្រោយពេលមកដល់ទីតាំងកើតហេតុ បានបញ្ជាក់ប្រាប់ថា ម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺពិតជាម៉ូតូរបស់ខ្លួនមែន ដោយសង្សារខ្លួនឈ្មោះអាមួយ បានខ្ចីប្រាប់ថា ទៅទិញអីហូប ១ភ្លែត តែបែរជាយកទៅឱ្យមិត្តប្រុសជិះ លុះពេលមានបញ្ហាបុករថយន្តគេ ខាងប្រុសនោះរត់បាត់ ចំណែកមិត្តភក្តិស្រីនាង របួសធ្ងន់ បញ្ជូនទៅពេទ្យ គ្មានអ្នកចេញមុខសង ក៏ហៅខ្លួនជាម្ចាស់ម៉ូតូ ឱ្យមកដោះស្រាយ ធ្វើឱ្យខ្លួនស្រឡាំងកាំង រកអ្វីនិយាយមិនចេញឡើយ ព្រោះខ្លួនខំចិត្តល្អ ឱ្យសង្សារខ្ចីម៉ូតូជិះ មិននឹកស្មានថា នាងបែរជាយកទៅឱ្យប្រុសផ្សេងដឹកដើរលេង ហើយជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES