Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិម៉ាឡេស៊ី បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា

ម៉ាឡេស៊ី បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាឥស្លាមរដ្ឋ សហព័ន្ធប្រទេសម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យសណ្ឋាគារ ខុនដូ និងផ្សារទំនើបនៅទីក្រុងភ្នំពេញ ដោយសារការក្សាបាននូវសុខសន្តិភាព និងកំនើនសេដ្ឋកិច្ចកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់រដ្ឋន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍមុស្លីមកម្ពុជា នាវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃទី១៥ កក្កដាកន្លងមកនេះ លោក ដាតុ ហាជី ហ្សាណាល់ អាប៊ីឌីន ប៊ីន ចាហ្វា នាយកប្រតិបត្តិក្រុមប្រឹក្សាឥស្លាមរដ្ឋ សហព័ន្ធប្រទេសម៉ាឡេស៊ីបានលើកឡើងថា ក្រៅពីធ្វើកិច្ចការមនុស្សធម៌ក្នុងការ ជួយដល់សហគមន៍ឥស្លាមកម្ពុជាហើយនោះ ខាងភាគីរបស់លោកក៏មានគោលបំណងក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើផ្នែកសណ្ឋាគារ ខុនដូ និងផ្សារទំនើបផងដែរ។

លោកនាយកប្រតិបត្តិក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធប្រទេសម៉ាឡេស៊ីរូប នេះបានបន្ថែមថា អាស្រ័យដោយមើលឃើញពីកត្តាសុខសន្តិភាព និងភាពរីក ចំរើនរបស់ប្រទេសកម្ពុជាបានធ្វើអោយលោកសិក្សាស្វែងយល់ពីឧិកាស នៃការធ្វើវិនិយោគនេះ ស្របពេលដែលនៅកម្ពុជា កំពុងមានការរីកចំរើនខាងផ្នែកអចលនទ្រព្យ ពិសេសការឡើងថ្លៃនៃតម្លៃដីធ្លីបានបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងបោះជំហានទៅមុខ។

ឧកញ៉ាអូស្មាន ហាស្សាន់បានបញ្ជាក់ថា ពិតហើយ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានកំណើនប្រចាំឆ្នាំប្រមាណ៧ភាគរយនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះវិស័យអចលនទ្រព្យ ពិសេសវិស័យ សំណង់ក៏កំពុងមានការលូតលាស់ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួម ចំណែកចំពោះកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយថារាជរដ្ឋាភិបាល តែងស្វាគមន៍ដល់អ្នកវិនិយោគទុនមកពីគ្រប់ទិសទី ដែលពួកគេអាចបណ្តាក់ ទុននៅកម្ពុជាក្រោមលក្ខ័ណ្ឌមួយដ៏សមស្រប និងអាចទទួលយកបានទាំងអស់គ្នា។

តាងនាមសហគមន៍ឥស្លាមកម្ពុជា លោកឧស្មាន់ ហាសាន់បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី ដោយចាប់ពីឆ្នាំ២០១៤ មកបានគាំទ្រ និងបានឧបត្ថម្ភជាថវិកាប្រមាណជាង១លានដុល្លារអាមេរិកសំរាប់ ដំណើរការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា តាមរយៈការសាងសង់សាលារៀន អន្តេវាសឹកដ្ឋានសំរាប់សិស្ស សាងសង់កន្លែងប្រតិបត្តិសាសនា ការបណ្តុះបណ្តាលគ្រូ និងការជួយដល់កិច្ចការមនុស្សធម៌សំរាប់សហគមន៍ឥស្លាមកម្ពុជា ជាដើម។ល។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES