ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក និងប្រកាសឈប់ធ្វើនយោបាយ ងាកមកពន្យល់ធម៌ និងបានបង្អើលរឿងទឹកលិចលោក ប្រកូកប្រកាសហៅសាវ័ករបស់ខ្លួន មកជួបជុំគ្នានៅចម្ការ នាជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នោះ បានបញ្ចេញប្រតិកម្មធ្ងន់ៗ តបទៅភិក្ខុសង្ឃ ប៊ុត ប៊ុនតិញ ដែលមាននិន្នាការប្រឆាំង គាំទ្រលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលបានហៅរូបលោកថា ព្រំរក្សាលោកឡប់សតិ ឬព្រំប្រឡាក់លាមកអណ្ដែតទឹក ក្បែរជើងភ្នំ បោកមនុស្សជាច្រើនពីរឿងទឹកលិចលោក។

លោកខឹម វាសនា បានហៅព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលសព្វថ្ងៃកំពុងគង់នៅសហរដ្ឋអាមេរិក ថា «អាសត្វនរកខ្វាក់ខួរ ឬអាក្របី» ដែលជាសម្តីប្រមាថព្រះសង្ឃ ដូចដែលលោកតែងនិយាយវាយប្រហារព្រះសង្ឃជារឿយៗកន្លងទៅ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ភិក្ខុ ប៊ុត ប៊ុនតិញ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គថា «មានព្រំរក្សាលោកឡប់សតិ ក្បែរជើងភ្នំ «ហ្គេមដណ្ដើមផាសះ ហ្គេមបញ្ញា» អាចនៅបោកបានទៀត ស្រុកសម្បូរគ្រូជោគជ័យ សម្បូរបណ្ឌិតច្រើនដែរ។ សំដីព្រំប្រឡាក់លាមកអណ្ដែតទឹក»។

ភិក្ខុ ប៊ុត ប៊ុនតិញ បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា «អាណិតអ្នកចាញ់បោកព្រំ យំក្បែរជើងភ្នំគូលែន! ប៊្លែកហូល ទឹកលិចលោក ឡប់សតិទេ។ នៅប៉ុន្មានថ្ងៃទៀត ទឹកលិចពូហើយ ឆាប់ប្រមូលលុយឱ្យលឿនឡើងកូន ពុកមិនហ៊ានស្រមៃទេ! ពុកនៅជួយកូន មិនបានផងហ៊ី»។

បន្ទាប់ពីបានឃើញសំណេររបស់ភិក្ខុ ប៊ុត ប៊ុនតិញ ខាងលើនេះ លោកខឹម វាសនា បានបញ្ចេញប្រតិកម្ម ឆ្លើយតបវិញភ្លាមៗនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា «អាសត្វនរក ខួរវានេះខួរអាចម៍ គិតហេតុផលយល់មិនបានទេ។ អានេះខ្វាក់ខួរ វិស័យសត្វដឹងសភាវគតិ តើសំដីដ៏ថោកទាបរបស់វា មានតម្លៃអ្វីអាចកាត់ក្តីរឿងបាននោះ? អាហ្នឹងគេហៅវាថា ក្របីទេតើ! ហាហា»៕ ខៀវទុំ
