កីឡាករ វ៉ែន សុវត្ថិ អ្នកប្រដាល់មកពីក្លឹបកងកេងមានរិទ្ធខេត្តបាត់ដំបង
ជួបកីឡាករថៃឡាយផាយ៉ាត ខណៈកីឡាករពូកែស្នៀតកែង វង្ស ណយ អ្នកប្រដាល់របស់ក្លឹបអាណាចក្រគុនខ្មែរ
ត្រូវជួបជាមួយកីឡាករថៃហ្វាឈៀងស៊ែង នៅក្នុងវគ្គជម្រុះជុំទី៣ នៃខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាម
នៅលើសង្វៀនបាយ័នបឹងស្នោ នាថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧នេះ។
ក្នុងការប្រកួតវគ្គជម្រុះនេះរវាងកីឡាករវ៉ែន សុវត្ថិ និងកីឡាករ វង្ស ណយ
បានឆ្លងកាត់ពីរប្រកួតម្នាក់ហើយ ដោយទទួលបាន៤ពិន្ទុដូចគ្នា ក្នុងនោះគឺឈ្នះ១ចាញ់។ ការជួបគ្នារវាង
វ៉ែន សុវត្ថិ និងកីឡាករថៃ ឡាយផាយ៉ាត នេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា
គូនេះត្រូវបានគេសង្ឃឹមត្រឹម៥០%ម្នាក់ប៉ុណ្ណោះ បើទោះជាកីឡាករទាំងពីរមិនដែលធ្លាប់ជួបគ្នាក៍ដោយ។
កីឡាករវ៉ែន សុវត្ថិ ជាអ្នកប្រដាល់មានចិត្តធំ គេមានដៃវែងជើងវែងដែលអំណោយផលក្នុងការប្រកួតម្តងៗ។
ការវាយម្តងៗវ៉ែន សុវត្ថិ ហ៊ានប្តូរជាមួយគូប្រកួតគ្រប់ស្នៀតមិនថាគូប្រកួតនោះខ្លាំងឫក៍ខ្សោយនោះឡើយ
តែគេវាយមិនសូវមានទិចនិចនោះឡើយ។ ស្នៀតខ្លាំងរបស់វ៉ែន សុវត្ថិ បានទាំងព្រមក៍ប៉ុន្តែកីឡាកររូបនេះ
វាយរាងស្ពឹកស្រពន់បន្តិច។ ចាំមើលរវាង វ៉ែន សុវត្ថិ និងកីឡាករថៃ ឡាយផាយ៉ាត នេះនណាបាន៣ពិន្ទុបន្ថែម?។
ចំណែកកីឡាករ វង្ស ណយ វិញគេល្អស្នៀតជង្គង់ និងកែងដែលអាចប្រើបានគ្រប់ស្ថានភាពប្រកួត
មិនថាវាយគៀកឫប្រយោលនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការប្រកួតរបស់គេរាល់លើក
បើគូប្រកួតបិទកែងជាប់ហើយនោះ វង្ស ណយ គឺច្បាស់ជាយ៉ាប់មិនខាន ហើយការប្រកួតនោះបើមិនស្មើរ
គឺមានតែចាញ់គេតែប៉ុណ្ណោះ ព្រោះណាមួយ វង្ស ណយ គេក៍អន់ខាងកម្លាំងស៊ុហ្វផងដែរ
វាយខ្លាំងបានតែត្រឹម៣ទឹកប៉ុណ្ណោះ ចាប់ពីទឹកទី៤ដល់ទឹកទី៥ គឺមិនអាចធ្វើអ្វីគេកើតឡើយ។
ក្នុងការជួបប្រកួតជាមួយកីឡាករថៃ ហ្វាឈៀងស៊ែង នេះ វង្ស ណយដែលជាជើងខ្លាំងសំបូរដោយ
បទពិសោធន៍លើសង្វៀននេះ ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់
មានសង្ឃឹមថាឈ្នះច្រើនជាងចាញ់ព្រោះថាស្នៀតវាយរបស់
កីឡាករថៃមានចំណុចខ្សោយច្រើនដែលធ្វើឲ្យគេគ្មានបញ្ហាអ្វីដែលគួរឲ្យបារម្ភខ្លាចចាញ់នោះទេ។
ទោះជាយ៉ាងណា វង្ស ណយ មិនអាចវាយមើលស្រាលទៅលើកីឡាករថៃម្នាក់នេះបានឡើយ។ ចាំមើល វង្ស ណយ
ឫហ្វាឈៀងស៊ែង អ្នកណាឈ្នះបាន៣ពិន្ទុ៕ មរកត