Saturday, June 21, 2025
Homeព័ត៌មានសិល្បៈពេជ្រ ចរណៃ សុំទោសគ្រូតា

ពេជ្រ ចរណៃ សុំទោសគ្រូតា

ភ្នំពេញ ៖ ក្រោយជួបឧបទ្ទវហេតុអគ្គិភ័យឆេះអាហារដ្ឋាន ដែលទើបនឹងជួលទីតាំង រៀបចំត្រៀមបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខ ធ្វើឱ្យខាតបង់អស់ប្រមាណកន្លះលានដុល្លារមក តារាសម្តែង និងជាគ្រូក្បាច់គុនល្បុក្កតោ ខ្មែរ កញ្ញា អ៊ិត កន្និកា ហៅពេជ្រ ចរណៃ បានបង្ហាញពីអារម្មណ៍សោកសៅ និងបានសម្តែងនូវការសុំទោសចំ ពោះលោកគ្រូតា ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលនាងមិនអាចរក្សាបាននូវស្នាដៃ ក្បួនច្បាប់ គម្ពីរដែលលោកគ្រូតា បានចងក្រងដោយផ្ទាល់ដៃ បន្សល់ទុកឱ្យ ដោយត្រូវភ្លើងឆេះខូចខាត ក្នុងហេតុការណ៍អគ្គិ ភ័យ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

កញ្ញា ពេជ្រ ចរណៃ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ថា “បេះដូងរបស់ខ្ញុំស្ទើរប្រេះបែកអស់ហើយ លោកគ្រូតា សាន គឹមស៊ាន ដែលខ្ញុំគោរពដូចឪពុក ទើបតែឃ្លាតចាកឆ្ងាយទៅ គ្មានថ្ងៃត្រឡប់ ឥឡូវនេះ សូម្បីតែ ស្នាដៃលោកគ្រូតា ក៏ខ្ញុំរក្សាមិនបានល្អទៀត…”។

កញ្ញា ពេជ្រ ចរណៃ បានបង្ហោះវីដេអូ បង្ហាញពីសៀវភៅគម្ពីរក្បាច់គុនល្បុក្កតោខ្មែរ ស្នាដៃលោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានប្រគល់ជូននាងថែរក្សា ដែលត្រូវបានភ្លើងឆេះខូចខាត នៅក្នុងទីតាំងហាង រងគ្រោះអគ្គិភ័យរបស់នាង ជាមួយការថ្លែងរៀបរាប់ថា “អ្វីជាគ្រឿងបុរាណដែលខ្ញុំស្រលាញ់ខ្លាំងបំផុត ខ្ញុំរក្សាខ្លាំងបំផុត គឺរក្សាបានព្រះភក្ត្រខ្មុក និងឈុតមេទ័ព តិចតួចទេ ប៉ុន្តែអ្វីដែលខ្ញុំខ្លោចចិត្ត នៅពេលដែលខ្ញុំដើរកាត់ ឃើញនោះ ខ្ញុំជឿជាក់ថា មិនមែនត្រឹមជាអារម្មណ៍ខ្ញុំ សូម្បីតែអារម្មណ៍បងប្អូនទាំងអស់គ្នា ដែលស្រលាញ់នូវវប្បធម៌ ស្រលាញ់នូវក្បាច់គុន ឱ្យតម្លៃ ខ្ញុំជឿជាក់ថា ទទួលបានអារម្មណ៍ក្តុកក្តួលដូចគ្នា សូម្បីតែបង ដែលគាត់ដើរកាត់ យកអីវ៉ាន់ចុះឡើងៗ គាត់ក្រឡេកឃើញមក គឺក្តុកក្តួល មានអារម្មណ៍មួយថាខ្លោចចិត្ត សង្វេគចិត្ត ហើយនេះគឺជាស្នាដៃចុងក្រោយរបស់លោកគ្រូតា ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានគូរ ហើយនៅក្នុងនេះ ក៏បានបង្ហាញអំពីគំនូរដៃរបស់គាត់ ហើយនិងការរៀបរាប់អំពីក្បាច់គុន នៃគុនបុរាណខ្មែរ ល្បុក្កតោ របស់យើង ដែលជាគោលបំណងធំរបស់ខ្ញុំ ដែលខ្ញុំថា រៀបចំកន្លែងនេះ កន្លែងនេះមិនត្រឹមតែជាកន្លែងអា ហារដ្ឋានដែលទទួលជូនអ៊ំពូមីង បងប្អូន មកពិសាអាហារបែបខ្មែរ របស់យើងទេ គឺជាកន្លែងមួយ ប្រៀបដូចជាកន្លែងសារមន្ទីរ ។ សុំទោសដែលយើងប្រើពាក្យនេះ បានន័យថា យើងព្យាយាមដាក់តាំងទាំងសាស្ត្រាស្លឹករឹត ទាំងសៀវភៅក្បាច់គុន ដែលជាស្នាដៃរបស់លោកគ្រូតា ទាំងព្រះភក្ត្រខ្មុក ទាំងល្ខោនស្បែក ទាំងអ្វីដែលជាសិល្បៈ វប្បធម៌បុរាណខ្មែរ គឺខ្ញុំយកមកដាក់រៀបចំនៅកន្លែងនេះទាំងអស់ គឺគោលបំណងលើកបង្ហាញនូវកេរដំណែលដូនតាខ្មែរយើង តែពេលនេះវាបានឆេះខូចខាតអស់ទាំងស្រុងហើយ ហើយស្តាយៗនៅត្រង់ថា ម្ចាស់ស្នាដៃ គាត់ទើបតែអនិច្ចកម្មទៅប៉ុន្មានថ្ងៃមុន ហើយឥឡូវដល់យើងឃើញរូបភាពទាំងអស់ហ្នឹង គឺស្រមៃដល់រូបភាពដែលគាត់នៅ ពេលខ្លះគាត់អង្គុយគូរ ទោះបីថាយើងអត់បានឃើញគាត់អង្គុយគូរ ប៉ុន្តែអារម្មណ៍របស់យើងៗអាចស្រមើស្រមៃដល់រូបភាពទាំងអស់នោះបាន ហើយដល់ពេលយើងឃើញបែបនេះទៀត កាន់តែមានអារម្មណ៍ខ្លោចចិត្ត ត្រង់ថាម្ចាស់ស្នាដៃ គាត់ទើបតែចែកឋាន បែរជាស្នាដៃគាត់ ត្រូវឆេះខ្ទេច ដូចជាការជូនដំណើរគាត់អ៊ីចឹង…”។

កញ្ញាពេជ្រ ចរណៃ បានបន្តថា “ខ្ញុំអត់ដឹងថា ចាប់ផ្តើមនិយាយពីណាទៅណាទេ ព្រោះអ្វីដែលខ្ញុំបានព្យាយាមខំប្រឹងពីចំណុចសូន្យមក រហូតដល់មានធនធានបែបនេះ យើងក៏រំពឹងថា នៅពេលដែលរួចរាល់ វាជាកន្លែងមួយដែលផ្តល់ជាសារៈប្រយោជន៍ និងជាសារសំខាន់សម្រាប់ បងប្អូនដែលគាត់ចូលចិត្តសិក្សានិងស្វែងយល់បន្ថែមអំពីសិល្បៈ វប្បធម៌បុរាណខ្មែរ មិនថាទាំងសាស្ត្រាស្លឹករឹត ដែលនៅក្នុងសាស្ត្រាស្លឹករឹត ដែលយើងព្យាយាមធ្វើម៉េចឱ្យមានទាំងកំណាព្យ ស្នាដៃរបស់បងដែលជាអ្នកនិពន្ធ ដូចជាវីដេអូមួយ ដែលខ្ញុំផុសស្លៀកពាក់ឈុតទាហាន ឈាមខ្មែរ ស្នេហាជាតិហ្នឹង ហើយយើងព្យាយាមដាក់ស្នាដៃកូនខ្មែរយើង នៅក្នុងហ្នឹង គឺយើងគាស់បង្ហាញទាំងអស់ ហើយសង្ឃឹមថា នៅពេលកន្លែងហ្នឹងរួចរាល់មក នឹងមានបងប្អូន មហាជនមក ជាពិសេសអ្នកស្រលាញ់វប្បធម៌ជាតិខ្មែរយើង នឹងមកចូលរួមផ្សព្វផ្សាយកន្លែងនេះច្រើន បើទោះបីជាមិនមកជួយទិញអីញ៉ាំក៏ដោយ ប៉ុន្តែក៏អាចចូលរួមថតបង្ហាញអំពីស្នាដៃសិល្បៈ វប្បធម៌ខ្មែរយើង ដែលដូនតាគាត់បានបន្សល់។ ប៉ុន្តែឥឡូវគឺរលាយអស់ហើយ…”។

កញ្ញាពេជ្រ ចរណៃ បានបបន្តទៀតថា “ពេលនេះ ខ្ញុំមានតែសូមកម្លាំងចិត្តពីអ៊ំពូមីង បងប្អូនទាំងអស់គ្នា ហើយខ្ញុំនឹងចាប់ផ្តើមពីចំណុចសូន្យឡើងវិញ ហើយខ្ញុំក៏ចង់លើកទឹកចិត្តទៅដល់បងប្អូនយើងទាំងអស់គ្នាថា មិនថាយើងស្ថិតនៅក្នុងកាលៈទេសៈណា មិនថាយើងធ្លាក់ដល់ចំណុចណាក៏ដោយ ដួលកន្លែងណា ងើបកន្លែងហ្នឹង ខំប្រឹង ខ្ញុំជឿថា បងប្អូនប្រាកដជាត្រូវការពេលវេលា ដូចខ្ញុំពេលនេះអ៊ីចឹង ខ្ញុំត្រូវការពេលវេលាបន្តិច ដើម្បីសម្រាកខួរក្បាល ហើយនិងគិតថា ដើរទៅមុខបន្ត ដោយរបៀបណា។ ប៉ុន្តែខ្ញុំលើកទឹកចិត្តថា កុំបោះបង់ កុំបាក់ទឹកចិត្ត ទោះបីអ្នកទាំងអស់គ្នាធ្លាក់ប៉ុន្មានដង ដើរដួលប៉ុន្មានដង ដួលកន្លែងណា ងើបកន្លែងហ្នឹងវិញ យើងអាចផ្លាស់ប្តូរយុទ្ធសាស្ត្របន្តិច ប៉ុន្តែគោលដៅរបស់យើងកុំបោះបង់។ អ៊ីចឹងគោលដៅរបស់ខ្ញុំ នៅតែមានដដែល គ្រាន់តែខ្ញុំសុំពេលវេលាបន្តិច ដើម្បីរៀបចំឡើងវិញ ហើយកន្លែងនេះ ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យក្លាយទៅជាសាលាគុនដែលកាន់តែល្អ សម្រាប់ផ្តល់ជាចំណេះដឹង ទៅដល់កូនសិស្សដែលគាត់នៅក្បែរខ្ញុំ ចាំលើកទឹកចិត្តខ្ញុំ…”។

ក្រោយបានឃើញពីស្ថានភាពដ៏លំបាករបស់កញ្ញាពេជ្រ ចរណៃ ខាងលើនេះ លោកឧកញ៉ា ហ៊ួត ជា ដែលជាថៅកែលក់គ្រឿងសំណង់ មួយរូប បានប្រកាសជួយចេញគ្រឿងសំណង់ ដូចជា ការ៉ូ ថ្នាំ ទ្វារ សំភារៈបន្ទប់ទឹក ជូនដល់កញ្ញា ពេជ្រ ចរណៃ។

ឧកញ៉ា ហ៊ួត ជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ថា “ស្តាប់ដំណើររឿងពេជ្រ ចរណៃ ហើយ លើសពីអាណិត បើអាច ខ្ញុំសូមជួយចេញគ្រឿងសំ ណង់ មាន ការ៉ូ ថ្នាំ ទ្វារ សម្ភារៈបន្ទប់ទឹក ជូនប្អូន…”។

លោកឧកញ៉ា ហ៊ួត ជា បានខម្មិនបញ្ជាក់បន្ថែមមថា “បើគាត់ធ្វើហាងឡើងវិញ ខ្ញុំជួយ ៤មុខ នេះ ចន្លោះពី 500 ទៅ 1500$ ណាប្អូនស្រី អាចទាក់ទងមកផេកខ្ញុំបាន…”។

ជាការឆ្លើយតប កញ្ញាពេជ្រ ចរណៃ បានសរសេរថា “ប្អូនសូមអរគុណ នូវទឹកចិត្តបងប្រុសខ្លាំងណាស់…”។

ដោយឡែក តារាចម្រៀង ពេជ្រ សោភា ក៏បានជួយឧបត្ថម្ភដល់កញ្ញា ពេជ្រ ចរណៃ នូវទឹកប្រាក់ចំនួន ៥០០ដុល្លារ ផងដែរ។

 តារាចម្រៀង បេជ្រ សោភា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៥ ថា «ប្អូនជាមនុស្សស្រីពូកែខ្លាំងណាស់ តស៊ូ លះបង់ដើម្បីប្រទេសជាតិ ក៏ជាអ្នកតែងតែផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ កន្លង មក ប៉ុន្តែកាលពីយប់មិញ ប្អូនបានជួបនូវរឿងដ៏អាក្រក់មួយ ជាការឆេះកន្លែងស្នាក់នៅ ក៏ជាកន្លែងបង្ហាត់គុនខ្មែរ របស់ប្អូន។ នាងខ្ញុំមានទឹកចិត្តបន្តិចបន្តួចជូនដល់ប្អូនស្រី»។

គួររំលឹកថា អាហារដ្ឋានមួយកន្លែង ជារបស់តារាសម្តែង និងជាគ្រូក្បាច់គុនល្បុក្កតោ កញ្ញា អ៊ិត កន្និកា ហៅ ពេជ្រ ចរណៃ ដែលទើបនឹងជួលទីតាំងរៀបចំត្រៀមបើកដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខ បែរជាជួបរឿងអកុ សល ត្រូវអគ្គិភ័យឆាបឆេះ បំផ្លាញអស់ទាំងស្រុង ត្រឹមតែមួយប៉ប្រិចភ្នែក ធ្វើឱ្យតារាសម្តែងរូបនេះ ត្រូវខាតបង់គិតជាទឹកប្រាក់អស់ប្រមាណ កន្លះលានដុល្លារ ដែលហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចអាហារដ្ឋាន “ពេជ្រ ចរណៃ ល្បុក្កតោ” មានទីតាំងស្ថិតនៅក្បាលដីលេខ៧៤ តាមបណ្តោយផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀម និងមានផ្សែងចេញពីក្នុងហាង «ពេជ្រ ចរណៃ ល្បុក្កតោ» ភ្លាមៗមានពលរដ្ឋបានរត់ស្ទុះមកមើល ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏ប្រញាប់រាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះអន្ត រាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដើម្បីបាញ់ទឹកពន្លត់ ដោយក្នុងនោះ កម្លាំងជំនាញបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃដដែល។ ចំពោះមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី និងបង្កឱ្យខូចខាតសម្ភារៈក្នុងអាហារដ្ឋានខាងលើ អស់ស្ទើរទាំងស្រុងតែម្តង។

ក្រោយកើតមានករណីអគ្គិភ័យនេះ កញ្ញាអ៊ិត កន្និកា ហៅពេជ្រ ចរណៃ បានចេញមុខបញ្ជាក់ថា ទីតាំងហាងដែលត្រូវបានអគ្គិភ័យឆេះ គីជាហាងរបស់នាងប្រាកដមែន តែជាទីតាំងដែលនាងជួលគេ ដើម្បីបើកហាង ហើយពេលកើតហេតុ នាងទើបនឹងចេញផុតប្រមាណតែ ១០នាទីប៉ុណ្ណោះ ក៏កើតមានគ្រោះអកុសលនេះឡើងតែម្តង។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនៅហាងរបស់នាងនោះ គឺផ្តើមចេញពីការទុស្សេខ្សែភ្លើង ឆេះពិតានដែលបំពាក់នូវអេប៉ុងសាឡីកែវ ដើម្បីកាត់បន្ថយកម្តៅ កាត់បន្ថយសំឡេង កុំឱ្យឮសំឡេងរំខានខ្លាំង ដែលធ្វើឱ្យមានការឆាបឆេះយ៉ាង លឿន រួចក៏ធ្លាក់មកលើសាឡុង ដែលសុទ្ធតែជាគ្រឿងពូក គ្រឿងងាយឆាបឆេះ ហេតុនេះទើបត្រឹមតែរយៈពេលប្រមាណ ១០នាទីប៉ុណ្ណោះ ភ្លើងបានឆេះបំផ្លាញទីតាំងហាងនាងអស់ស្ទើរទាំងស្រុង។

ជាមួយនេះ កញ្ញាពេជ្រ ចរណៃ ក៏បានធ្វើការសុំទោស និងសុំចិត្តម្ចាស់ទីតាំង ឱ្យមានការយោគយល់ចំពោះរូបនាងផង ដោយនាងបានថ្លែងថា “នាងខ្ញុំមានតែម្រាមដៃដប់ សំពះសុំទោស និងអរគុណទៅដល់ម្ចាស់ទីតាំង និងសុំឱ្យម្ចាស់ទីតាំង មានការយោគយល់មកដល់នាងខ្ញុំ នាងខ្ញុំមានទំនួលខុសត្រូវច្បាស់លាស់ នាងខ្ញុំនឹងជួសជុលរៀបចំហាងឡើងវិញ។ ប៉ុន្តែនាងខ្ញុំសូមទុកពេលឱ្យនាងខ្ញុំមួយរយៈ ដើម្បីឱ្យនាងខ្ញុំធ្វើការរៀបចំនិងជួសជុលហាងនេះឡើងវិញ…”៕

RELATED ARTICLES