Saturday, June 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើលក់ថ្នាំញៀន ឲ្យជក់ហ្វ្រី ជា.../ប់ខ្នោះ២

ប្រើលក់ថ្នាំញៀន ឲ្យជក់ហ្វ្រី ជា…/ប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ តែងទិញថ្នាំញៀនពីបក្ខពួក យកមកចែករំលែកទុកលក់ និងប្រើឱ្យដៃគូម្នាក់ទៀត យកទៅលក់ឱ្យ ដោយដោះដូរនឹងការប្រើថ្នាំញៀនឥតគិតថ្លៃ ទីបំផុតក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានទាំង២នាក់ និងដកហូតបានថ្នាំញៀន ចំនួន២កញ្ចប់។

ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង០៥នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមាត់ត្រពាំងទឹក ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះមម សុងហេង ហៅចេវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំបក់ន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល (មានសារធាតុញៀន) និងទី២-ឈ្មោះយឹម គឹមយឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំបក់ន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល (មានសារធាតុញៀន)។

ចំពោះវត្ថុតាងដកហូត រួមមាន ម្សៅក្រាមសថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ទម្ងន់០,៣២ក្រាម។ ទូរស័ព្ទដៃ ២គ្រឿង។ កាំបិតផ្គាក់ ៣ដើម។ ពូថៅ ២ដើម និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀន មួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចំបក់ន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះមម សុងហេង ហៅចេវ និងដកហូតថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ហើយជនសង្ស័យឆ្លើយថាថ្នាំញៀននេះ ជារបស់ឈ្មោះ យឹម គឹមយឿន ប្រើខ្លួនយកទៅលក់ ក្នុងតម្លៃ៣ម៉ឺនរៀល។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ មម សុងហេង ហៅចេវ ទើបកម្លាំងសមត្ថកិច្ចឈានទៅដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម គឹមយឿន នៅចំណុចខ្ទមក្រោយផ្ទះ ដកហូតឧបករណ៍ប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន កាំបិតផ្គាក់ ៣ដើម និងពូថៅ ២ដើម។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយឹម គឹមយឿន បានឆ្លើយសារភាពថា ថ្នាំញៀននៅចំពោះមុខនេះជារបស់ខ្លួន បានប្រើឱ្យឈ្មោះ មម សុងហេង ហៅចេវ យកទៅលក់ តម្លៃ៣ម៉ឺនរៀល ប្រាកដមែន ហើយកន្លង មក ខ្លួនបានទិញថ្នាំញៀន ពីមុខសញ្ញាមិនស្គាល់ យកមកឱ្យ ចល័តតាមផ្លូវ តម្លៃប្រាំម៉ឺនរៀល ទៅ១០ម៉ឺនរៀល ហើយយកមករំលែកទុកប្រើប្រាស់ខ្លះនិងលក់បន្តខ្លះ និងធ្លាប់ប្រើប្រាស់ជាមួយឈ្មោះ មម សុងហេង ហៅចេវ ជាញឹកញាប់នៅតាមព្រៃនិងនៅខ្ទមក្រោយផ្ទះខ្លួន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES