Sunday, June 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងបរិស្ថាន ពិន័យកសិដ្ឋានចិញ្ចឹមជ្រូក បំពុលទឹក

ក្រសួងបរិស្ថាន ពិន័យកសិដ្ឋានចិញ្ចឹមជ្រូក បំពុលទឹក

ខេត្តកំពត ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារសុក្រឹតកម្មបរិស្ថានកិច្ច ភាពស្អាត ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ខេត្តកំពត និងលោកមេឃុំកូនសត្វ បានរកឃើញនិងអនុវត្តច្បាប់ លើករណីការបំពុលទឹកអូរធំ បណ្តាលឱ្យមានត្រីងាប់ ដែលបង្កពីសំណល់រាវរបស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានទីតាំងស្ថិននៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយចុះពិនិត្យដល់ទីតាំង លទ្ធផលឃើញថា  ការពិនិត្យខាងក្រៅទីតាំងកសិដ្ឋាន ត្រង់ព្រំប្រទល់កសិដ្ឋានចិញ្ចឹមជ្រូក និងដីឯកជន ឃើញមានទឹកមានសភាពពណ៌ខៀវក្រម៉ៅ មានក្លិនស្អុយតិចៗ ចំណុចទំនប់បង្ហៀរក្នុងដីឯកជន ឃើញមានត្រីងាប់ ទឹកមានពណ៌ក្រមៅ មានក្លិនស្អុយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានផ្តល់ព័ត៌មានថា កន្លងមក ទឹកដៃអូរធំនេះ បានប៉ះពាល់ពីការបង្ហូរសំណល់រាវពីកសិដ្ឋានចិញ្ចឹម ជ្រូកក្បែរនេះ ធ្វើឱ្យទឹកឡើងពណ៌ខ្មៅ និងមានក្លិនស្អុយស្អុយខ្លាំង នៅពេលភ្លៀង និងពេលខ្លះមានត្រីងាប់ផងដែរ។

ជាមួយគ្នានេះការពិនិត្យក្នុងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក តំណាងម្ចាស់កសិដ្ឋាននេះ បានឱ្យដឹងថា មិនមានដាក់ជ្រូកចិញ្ចឹមទេ ដោយបានផ្អាកចិញ្ចឹម រយៈពេល២ខែមកហើយ។

ក្រុមការងារពិនិត្យឃើញថា កសិដ្ឋានមានអាងស្តុកសំណល់រាវ ដែលរៀបចំមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយកសិដ្ឋានបានបូមសំណល់រាវ យកទៅដាក់តាមរងចម្ការដូង ក្នុងកសិដ្ឋាន ដែលជាហេតុធ្វើឱ្យសំណល់រាវទាំងនោះហូរចូលទៅក្នុងដៃអូរធំ ដែលបង្កការមានការបំពុលបរិស្ថាន ធ្វើឱ្យមានត្រីងាប់ និងមានក្លិនស្អុយ។

ក្រុមការងារដាក់ចេញនូវវិធានការចំពោះមុខ ដល់កសិដ្ឋានដូចខាងក្រោម ៖

១- កសិដ្ឋានត្រូវបញ្ឈប់ជាជាបន្ទាន់ការបង្ហូរសំណល់រាវទៅក្រៅកសិដ្ឋាន កុំឱ្យមានការហូរចូលក្នុងអូរធំ ដែលជាអូរសាធារណៈ

២- ត្រូវទទួលរងពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់បង្កឱ្យមានការបំពុលបរិស្ថាន

៣- កសិដ្ឋានត្រូវផ្តល់សំណងផលប៉ះពាល់ចំពោះការខូចខាតបរិស្ថាន និងស្តាសម្អាតឡើងឡើវិញ

៤- កសិដ្ឋានត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

៥- កសិដ្ឋានត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ដាក់ជូនមន្ទីរបរិស្ថានពិនិត្យនិងវាយតម្លៃ

៦- កសិដ្ឋានត្រូវជូនដំណឹងដល់មន្ទីរករណីមានការផ្លាស់ប្តូរទីតាំង ឬផ្អាកសកម្មភាពចិញ្ចឹមជ្រូក។

ក្រុមការងារនឹងបន្តនីតិវិធីច្បាប់ចំពោះករណីនេះ ស្រមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕

RELATED ARTICLES