ខេត្តកំពត ៖ រថយន្តធុនធំ ប្រភេទសណ្តោងរ៉ឺម៉ក ដឹកជី ១គ្រឿង បានបើកឆ្លងកាត់ផ្លូវដែក ស្របពេលដែលរថភ្លើង ១ខ្សែ បើកមកដល់ បុកកន្ទុយរថយន្តដឹកជី បណ្តាលឱ្យរងការខូចខាតទាំងរថភ្លើង និងរថយន្ត។

ករណីគ្រោះថ្នាក់ចរចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវវាងសាលាស្រុកបន្ទាយមាស ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។
តាមប្រភពមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា រថភ្លើង ១ខ្សែ បើកពីត្បូង ឆ្ពោះទៅទិសខាងជើង តាមបណ្តោយផ្លូវដែក។ ចំណែករថយន្តដឹកជី បើកមកពីជើង ទៅត្បូង។ រីឯបារ៉ាស់បានបិទទាំងសងខាងរួចរាល់ហើយ តែរថយន្តបានបើកបំពាន ដោយព្យាយាមបើឆ្លងកាត់ផ្លូវដែក ទើបកើតមានគ្រោះថ្នាក់ បណ្តាលឱ្យខាងរថយន្ត របួស២នាក់ និងរថយន្តខូចផ្នែកខាងក្រោយ និងរថភ្លើង ក្រពឹតក្បាលម៉ាស៊ីន។

តាមសម្តីអ្នកបើករថយន្ត បានឱ្យដឹងថា រថយន្តរបស់ខ្លួន ហ្រាំងមិនស៊ី តែបើកចង់ផុតទៅហើយ ស្រាប់តែរថភ្លើងបានមកបុកពីក្រោយតែម្តង។ ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកបន្ទាយមាស ដើម្បីធ្វើការដោះស្រាយជាមួយខាងរថភ្លើង ដែលរងការខូចខាត ។
តាមប្រភពព័ត៌មានថា នៅដើមឆ្នាំនេះ ចំណុចដែលមានការបុករថយន្តនេះ ក៏ធ្លាប់កើតមានការបើករំលោភបំ ពានបារ៉ាស់ឆ្លងកាត់ផ្លូវដែក បណ្តាលឱ្យបុកស្លាប់មនុស្សច្រើននាក់ផងដែរ ។ ចំណុចនេះ មានបុគ្គលិកចាំដាក់បារ៉ាស់ ពេលមានខ្សែរថភ្លើងបើកឆ្លងកាត់ម្តង៕