ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើករួចមកហើយ ពីបទលួច លុះបានចេញមកវិញ មិនរាងចាល បែរជាធ្វើសកម្មភាពគាស់ដំបូលផ្ទះ ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទីបំផុតអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាន ចាប់វាយខ្នោះ នាំយក ទៅចាត់ការតាមច្បាប់។

ការបង្ក្រាបនេះ ធ្វើទ្បើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ចំណុចផ្លូវ២១ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោមស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនសង្ស័យរូបនេះ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ដង រួចមកហើយ ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យក រួមមាន ១-នាឡិកាម៉ាក Seiko ១គ្រឿង ខ្សែស្បែកពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។ ២-នាឡិកាម៉ាក Seiko ១គ្រឿង ខ្សែដែកអ៊ីណុក (ជារបស់ជនរងគ្រោះ)។ ៣-ចិញ្ចៀនដាំត្បូង ពណ៌លឿង ១វង់ (ជារបស់ជនរងគ្រោះ)។

ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះស៊ុយ សែនសករាជ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរបើកវីង មានលំនៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (បាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន) និងទី២-ឈ្មោះឆាក់ កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្រូពេទ្យ មានលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំពោះសម្ភារៈបាត់បង់ រួមមាន កាបូបស្ពាយ៣ ប្រាក់ ចំនួន៦០០ដុល្លារ ចិញ្ចៀនពេជ្រ ចំនួន១វង់ នាឡិកា ចំនួន៤គ្រឿង ម៉ាស៊ីនថត ចំនួន១គ្រឿង កង្ហារ ចំនួន១គ្រឿង ម៉ូទ័រស្វាន ចំនួន១គ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួន។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឡើងតាមដើមឈើ មុខផ្ទះរបស់ជនរងគ្រោះ រួចដើរតាមដំបូលផ្ទះខាងមុខ ធ្វើសកម្មភាពគាស់ដំបូលផ្ទះរបស់ជនរងគ្រោះ ចូលលួចយកសម្ភារៈមួយចំនួន រួចគេចខ្លួនបាត់។

លោកអធិការ បន្តថា ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យ។ លុះរហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងនគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះរិន សម្បត្តិ ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនរបស់ជនរងគ្រោះ បញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរិន សម្បត្តិ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះ ២នាក់ខាងលើ យកទ្រព្យសម្បត្តិប្រាកដមែន។ ចំណែកឯកសារផ្សេងៗ គេបានយកទៅបោះចោល ក្នុងទឹកទន្លេបាត់អស់ហើយ រីឯសម្ភារៈ មួយចំនួនទៀត បានចែកឱ្យទៅមិត្តភក្តិរស់នៅក្រោមស្ពាន យកទៅលក់ យកលុយចាយអស់ហើយ។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕