ខេត្តសៀមរាប ៖ លោកស្រីឧកញ៉ា កែវ មុំ ដែលជាពុទ្ធសាសនិក ចូលចិត្តធ្វើបុណ្យដាក់ទាន ថ្មីៗនេះ គឺកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកស្រីបានភ្លេចកាបូបលុយ នៅក្នុងបន្ទប់ទឹក នៃស្ថានីយប្រេង កាល់តិច ស្គន់ ខេត្តកំពង់ចាម លុះឆែកកាមេរ៉ា ឃើញមុខអ្នករើសបាន ជាស្ត្រីម្នាក់ ធ្វើឲ្យលោកស្រីត្រូវធ្វើដំណើរដល់ខេត្ត សៀម រាប ដោយមិនមានលុយមួយរៀលតាមខ្លួន។ ជាមួយគ្នានេះ លោកស្រីបានផ្ញើសារទៅកាន់ស្ត្រីដែលរើសបានកាបូបរបស់លោកស្រី សូមយកមកប្រគល់ជូនលោកស្រីវិញផង ព្រោះលោកស្រីបានស្គាល់មុខមាត់ និងរថយន្តដែលស្ត្រីនោះជិះទៀតផង។

លោកស្រីឧកញ៉ា កែវ មុំ បានបង្ហោះរូបភាពកាបូប ដែលលោកស្រីដែលបាត់នោះ និងរូបស្ត្រីដែលរើសបានកាបូបលោកស្រី រួមទាំងរថយន្តដែលស្ត្រីនោះជិះ (រូបពីកាមេរ៉ាសុវត្ថិភាព) ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ជាមួយសំណេរថា «ខ្ញុំសូមប្រកាសរកប្អូនស្រីដែលរើសបានកាបូបខ្ញុំ នៅវេលាម៉ោង 8.25នាទីព្រឹក ថ្ងៃទី 23/06/25 នៅក្នុងបន្ទប់ទឹកស្ថានីយប្រេងកាល់តិច ស្គន់ ផ្លូវ 6A ។


– ខ្ញុំបានធ្វើដំណើរពីភ្នំពេញ ទិសដៅទៅសៀមរាប ដើម្បីបើកវគ្គបណ្ដុះបណ្ដាលសមាធិព្រះធម៌ ឬសមាធិចក្រា នៅរសៀលថ្ងៃនេះ ។

– ពេលមកដល់ស្គន់ ក៏ចូលប្រើបន្ទប់ទឹក ខ្ញុំបានព្យួរកាបូបលុយ នៅជញ្ជាំង ពេលចេញមក ក៏ចូលញ៉ាំអាហារពេលព្រឹក នៅក្នុងស្ថានីយប្រេងកាល់តិច ស្គន់ នេះ។ ពេលញ៉ាំរួច ហៅគេគិតលុយ ទើបដឹងថា ភ្លេចកាបូបនៅក្នុងបន្ទប់ទឹក។ ខ្ញុំរត់ទៅដល់បន្ទប់ទឹក ក៏មិនឃើញដែរ។ ខ្ញុំសួរអ្នកអនាម័យ គាត់ថា ឃើញមនុស្សស្រីម្នាក់ ជិះឡានហ្វដ FORD ពណ៌ស ចូលតាមក្រោយខ្ញុំ ពេលគាត់ចូល ឃើញស្ពាយកាបូបតែមួយទេ តែពេលចេញមកវិញ ឃើញគាត់មានយួរកាបូបមួយទៀត គាត់ក៏ឆ្ងល់ថា ហេតុអីទើបមានកាបូបដល់ទៅ២ ? តែដោយសារគាត់ជាអ្នកអនាម័យ គាត់មិនហ៊ានសួរគេ ។

– ឥឡូវធ្វើដំណើរផ្លូវឆ្ងាយ ដល់ខេត្តសៀមរាប មិនមានលុយមួយរៀលតាមខ្លួនទេ ធ្វើម៉េចទៅ ?
– ចូលហូបបាយ គេមិនឱ្យជំពាក់ទៀត មានតែទៅសុំបាយអ្នកសៀមរាប ហូបហើយ ។ មានបងប្អូនណាស្ម័គ្រចិត្តទទួលបាយខ្ញុំទេ ?

– សូមបងប្អូនជួយស៊ែរបន្ត ដើម្បីអាចដឹងដល់ប្អូនស្រីដែលរើសបាន គាត់អាចទំនាក់ទំនងយកមកជូនខ្ញុំវិញ តាមរយៈទូរស័ព្ទរបស់ខ្ញុំ លេខ 086288388 ។
សូមអរគុណទុកជាមុន និងសង្ឃឹមថា អាចយកកាបូបខ្ញុំមកវិញបាន»។

ជុំវិញការប្រកាសរកអ្នករើសបានកាបូប របស់លោកស្រីឧកញ៉ា កែវ មុំ ខាងលើនេះ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅមិនទាន់មានដំណឹងថា លោកស្រីឧកញ៉ា កែវ មុំ បានទទួលកាបូបដែលបាត់នោះ ត្រឡប់មកវិញនៅឡើយ៕ ខៀវទុំ

