Wednesday, June 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងដេក ឡានដឹកដីចូលស៊ីសាច់ពពែ

តៃកុងដេក ឡានដឹកដីចូលស៊ីសាច់ពពែ

ខេត្តកណ្តាល ៖ បុរសម្នាក់ បើករថយន្តធុនធំដឹកខ្សាច់ ១គ្រឿង ទាំងស្ថានភាពងងុយដេក ងោក១ភាំង ធ្វើឱ្យរេចង្កូតពេញដងផ្លូវ បុករះតូបលក់កាហ្វេ ១កន្លែង និងបន្តទៅបុកបង្គោលភ្លើងរុញបុកផ្ទប់ចូលផ្ទះប្រជាពលរដ្ឋលក់សាច់ពពែ ១កន្លែងទៀត បង្កឱ្យខូចខាតធ្ងន់ និងបណ្តាលឱ្យមនុស្សចំនួន២នាក់ រងរបួស ចំណែកអ្នកបើក បររថយន្តដឹកខ្សាច់ ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវ១១៥ (ជិតស្តុបA9) ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2298 ជាប្រភេទរថយន្តធុនធំដឹកខ្សាច់ បើកបរដោយឈ្មោះចែម សុខណា ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល) បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងស្ថានភាពងងុយដេក រេពេញដងផ្លូវ លុះជិតដល់កន្លែងកើតហេតុ រថយន្តនោះបើករេធ្លាក់ផ្លូវ ម្តងរួចហើយ ប៉ុន្តែនៅបន្តដំណើរទៅ មុខទៀត ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំ បុកតូបលក់កាហ្វេយ៉ាងពេញទំហឹង បន្តទៅបុកបង្គោលភ្លើង និងបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង បណ្តាលឱ្យម្ចាស់ផ្ទះ ឈ្មោះសន ថារិន ភេទប្រុស អាយុ៤៩ឆ្នាំ រងរបួសស្រាល ដៃខាងឆ្វេង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនអ្នកបើកបររថយន្ត យកធ្វើការសាកសួរ និងធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី។

ចំពោះមូលហេតុ សមត្ថកិច្ចជំនាញលោកបានបញ្ជាក់ថា បណ្តាលមកពីអ្នកបើករថយន្ត បើកបរខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងបើកបររថយន្តក្នុងស្ថានភាពងងុយដេក៕

RELATED ARTICLES