Monday, June 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../រោងចក្រអំពូលសូឡា ខាតបង់១០លានដុល្លារ

ភ្លើងឆេះ…/រោងចក្រអំពូលសូឡា ខាតបង់១០លានដុល្លារ

ខេត្តកំពង់ស្ពឺ ៖ រោងចក្រផលិតអំពូលសូឡា ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតសម្ភារផលិតសូឡា សរុបទឹក ប្រាក់ប្រមាណជា១០លានដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៥៨នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចរោងចក្រផលិតអំពូលសូឡា ១កន្លែង យីហោ វីអ៊ីស៊ិន ស្ថិតក្នុងសួនឧស្សាហកម្ម ជាហូរ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះ គីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា ករណីអគ្គិភ័យឆេះអគាររោងចក្រផលិតអំពូល យីហោវីអ៊ីស៊ិន ស្ថិតក្នុងសួនឧស្សាហកម្ម ជាហូរ ចំនួន១អគារដែលមានទំហំប្រមាណ៦០០០ម៉ែត្រការ៉េ និងបណ្តាលឱ្យខូចខាតសម្ភារៈរួមមាន ឧបករណ៍សម្រាប់ដំឡើងអំពូល ត្រូវបានឆេះអស់ ទាំងស្រុង និងអំពូលដំឡើងរួច គិតជាប្រាក់សរុបប្រមាណចំនួន ១០លានដុល្លារ។

លោកអធិការ បានបញ្ជាក់ទៀតថា មូលហេតុនៃគ្រោះអគ្គិភ័យឆេះរោងចក្រខាងលើនេះ គឺបណ្តាលមកពីករណីឆ្លងអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអគ្គិភ័យ។

ជុំវិញប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង របស់ស្នងការដ្ឋាននគរបាល ខេត្ត និងអធិការដ្ឋាននគរបាលស្រុក ដើម្បីចេញទៅបាញ់ទឹកពន្លត់ភ្លើងភ្លាមៗ ដោយមិនបណ្តាលឱ្យមានការឆេះរាលដាល និងបង្កឱ្យមានអ្នករងរបួសនោះទេ៕

RELATED ARTICLES