Tuesday, July 1, 2025
Homeសង្គម និងជីវិតលោកឪ ស៊ុច ប្រកាសមកកម្ពុជា ថៃ ដេញចេញពីវត្ត      

លោកឪ ស៊ុច ប្រកាសមកកម្ពុជា ថៃ ដេញចេញពីវត្ត      

ថៃ-កម្ពុជា ៖ លោកឪ ស៊ុច ព្រះសង្ឃសញ្ជាតិថៃ ដើមកំណើតខ្មែរ ដែលហ៊ាននិយាយការពិត ដើម្បីការពារកម្ពុជា ពីការឈ្លានពានរបស់ថៃ ពាក់ព័ន្ធរឿងវិវាទព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានអាជ្ញាធរថៃ រកចាប់ខ្លួន និងដកហូតសញ្ជាតិ ហើយព្រះអង្គបានសុំមកគង់នៅក្នុងប្រទេសកម្ពុជា នោះ ហើយត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍នោះ ពេលនេះត្រូវបានគណសង្ឃថៃ សម្រេចបណ្តេញចេញពីវត្ត ដោយចោទប្រកាន់ថាព្រះអង្គញុះញង់ឱ្យមានការបែកបាក់ជាតិ។

តាមប្រភពបណ្តាញព័ត៌មានថៃ ថៃរ៉ាត់ បានរាយការណ៍នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ថា ចំណាត់ការបណ្តេញលោកឪ ស៊ុច ចេញពីវត្តនេះ បន្ទាប់ពីព្រះអង្គបានសម្តែងធម្មទេសនា ផ្សាយផ្ទាល់តាមបណ្តាញសង្គម រិះគន់ប្រជាជនខេត្តសុរិន្ទ ដែលភ្លេចដើមកំណើតជាខ្មែរ ហើយ​ចង់​ឲ្យ​កម្ពុជា ​បាញ់កាំភ្លើងធំទៅលើ​ខេត្ត​សុរិន្ទ។

ព្រះគ្រូ ថាវ៉ន វិចរៈឆ័យ ព្រះចៅអធិការវត្ត ប៉ាណងក្រែ និងជាព្រះចៅអធិការវត្តក្រសាំង ស្រុកក្រសាំង ខេត្តបុរីរម្យ ជាវត្តដែលលោកឪ ស៊ុច គង់នៅ បានចេញលិខិត​ លេខ ៣១១៦០ ចុះ​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០២៥  សម្រេច​បណ្តេញ​​ចេញពី​វត្ត​ប៉ាណនង​ក្រែ ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ២០២៥ តទៅ​។

សូមបញ្ជាក់ថា មុននេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក មានការផ្សព្វផ្សាយថា លោកឪ ស៊ុច ព្រះសង្ឃសញ្ជាតិថៃ ដើមកំណើតខ្មែរ ត្រូវប៉ូលិសថៃ ចុះទៅដល់វត្ត ក្រោយពីព្រះអង្គទេសនាប៉ះពាល់ខ្មែរសុរិន្ទ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកតានិយាយថា ស្អប់ខ្មែរសុរិន្ទ មួយចំនួន ដើមកំណើតខ្មែរ តែភ្លេចកំណើតជាខ្មែរ ជាហេតុធ្វើឱ្យខ្មែរសុរិន្ទ ដែលភ្លេចកំណើតមួយចំនួន មិនពេញចិត្តលោកឪ ស៊ុច និងមានការរើសអើងចំពោះព្រះអង្គ រហូតទាមទារឲ្យដកសញ្ជាតិថៃ ពីព្រះអង្គ និងបណ្តេញចេញពីប្រទេសថៃ ទើបព្រះ អង្គភៀសព្រះកាយទៅក្រៅប្រទេស និងបានបិណ្ឌបាតសុំមកគង់នៅប្រទេសកម្ពុជា ហើយត្រូវបានសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសស្វាគមន៍លោកឪ ស៊ុច រួមទាំងព្រះសង្ឃ ឬបងប្អូនប្រជាពលរដ្ឋដែលមានដើមកំណើតខ្មែរ រូបណាដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជា បានគ្រប់គ្នា និងពេលវេលា។  ចំណែកសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមអបអរសាទរជាមួយលោកឪ ស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា  ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ហើយសម្តេច ក៏សូមអរគុណនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪ ស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី នឹងទូលថ្វាយស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរ ដល់លោកឪ ស៊ុច ដើម្បីព្រះអង្គបំពេញកាងារក្នុងព្រះនាមជាជនជាតិខ្មែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា “ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪ ស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪ ស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪ ស៊ុច ទេ បើសិនជាមានព្រះតេជគុណ ព្រះថេរានុត្ថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ណាម្នាក់ ដែលទទួលរងនូវការរើសអើងឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូន មករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ស្វាគមន៍ព្រះតេជគុណ និងបងប្អូន គ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើង បញ្ជូនទៅប្រទេសណាផ្សេងនោះទេ…”។

បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍ព្រះអង្គ មកគង់នៅប្រទេសកម្ពុជា ដូចខាងលើ លោកឪ ស៊ុច បានចេញវីដេអូ ថ្លែងអំណរគុណសម្តេច ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរ ដែលបានស្វាគមន៍ព្រះអង្គ និមន្តចូលមករស់នៅកម្ពុជា ហើយលោកឪ ស៊ុច បានប្រកាសថ្វាយនិងបូជាជីវិត ជូនព្រះ មហាក្សត្រខ្មែរ និងបានជូនពររាជរដ្ឋាភិបាលកម្ពុជា សុខសប្បាយ គ្រប់គ្រងប្រទេសក្នុងសន្តិភាព មានសេចក្តីសុខ សេចក្តីចម្រើន។

លោកឪ ស៊ុច បានមានថេរដីកាថា “ក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ជាន់ គ្រប់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា សូមចម្រើនពរដល់រដ្ឋាភិបាលខ្មែរ ព្រមទាំងប្រជាជន ពុទ្ធបរិស័ទខ្មែរ មិនថានៅប្រទេសខ្មែរ ឬនៅបរទេស ក៏ខ្មែរ អាត្មា លោកតាស៊ុច សូមអរគុណដល់រដ្ឋាភិបាលខ្មែរ ដែលបានទទួលរាប់អាន ហើយទទួលអាត្មា ខ្ញុំករុណានេះ បានចូលប្រទេសខ្មែរ ដោយសុវត្ថិភាព។ សូមអរគុណ លើកទឹកចិត្តនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលខ្មែរ ព្រមទាំងប្រជាជនខ្មែរគ្រប់ៗគ្នា ជីវិតនេះ សូមលំឱនកាយថ្វាយជីវិត បូជាថ្វាយព្រះមហាក្សត្រខ្មែរ គ្រប់ៗព្រះ អង្គ  ហើយក៏សូមថ្វាយឧទ្ទិសជីវិតនេះក្នុងទឹកដីខ្មែរ សូមជូនពរឱ្យរដ្ឋាភិបាលខ្មែរ សុខសប្បាយ គ្រប់គ្រងប្រ ទេសដោយសន្តិភាព រហូតដល់ញាតិញោម ពុទ្ធបរិស័ទ គ្រប់គ្នាដែលបានរាប់អាននេះ ឱ្យជោគជ័យ និងមានសេចក្តីសុខ សេចក្តីចម្រើន…”៕ ខៀវទុំ

RELATED ARTICLES