ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីរវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកស្រី បានបញ្ជាក់ថា ករណីនេះ ផ្តើមចេញពីភាគីថៃ ល្មើសកិច្ចព្រមព្រៀងជាមួយកម្ពុជា ដែលថាប្រាសាទតាមាន់ធំ ត្រូវបិទការឡើងនៅម៉ោង ៣រសៀល។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការយកតែមួយជ្រុងរបស់សារព័ត៌មានថៃ និងអ្នកនាំពាក្យទាហានថៃ គឺជាចេតនាអាក្រក់របស់ថៃ មកលើកម្ពុជា។ ក្នុងវីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ បានបង្ហោះថា ទាហានខ្មែរ បានប្រើសំដីខ្លាំងៗ និងចង្អុលមុខទាហានថៃ ផង នៅប្រាសាទតាមាន់ធំ។
លោកស្រីថា ដើមហេតុនៃរឿងដែលឈានដល់ការប៉ះពាក្យសំដីគ្នានៅតំបន់ប្រាសាទតាក្របី គឺផ្តើមឡើងដោយភាគីថៃ បានល្មើសលើកិច្ចព្រមព្រៀងជាមួយកម្ពុជា ដែលថា ប្រាសាទតាមាន់ធំ ត្រូវបិទការឡើងនៅម៉ោង ៣ រសៀល។ លោកស្រីថា នៅវេលាម៉ោង ៣និង១៥នាទី រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ទាហានថៃ បានបើកឱ្យអ្នកទេសចរណ៍ថៃជាង១០០នាក់ ឡើងមកប្រាសាទតាមាន់ធំ ដោយក្នុងនោះមានប្រធានគណ បក្សភូមិចៃថៃ ផងដែរ ដោយមិនមានការជូនដំណឹងនោះទេ។

លោកស្រីថា “ប្រសិនបើកងទ័ពថៃ ពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ”។

លោកស្រីថា កម្ពុជា រក្សាភាពអត់ធ្មត់បំផុត ដោយបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ហើយចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃ មួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ “ជាព័ត៌មានមិនពិត” បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេ គឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានក្រើនរំលឹកជាថ្មីម្តងទៀត ឱ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្ត ជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕