ខេត្តស្ទឹងត្រែង ៖ រថយន្តប្រភេទវ៉រអង ១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រចាំការគោលដៅត្រើយម្ខាង គល់ស្ពានសេកុងឃាត់ និងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដើម្បីត្រួតពិនិត្យទៅលើឯកសារក្នុងការដឹកជញ្ជូនឈើផ្ទះចាស់ ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តកំពង់ចាម។

ក្នុងលិខិតកិច្ចសន្យាលក់ផ្ទះចាស់ និងលិខិតសំណើសុំដឹកឈើផ្ទះចាស់ ចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកសា ស៊ូ មេភូមិកញ្ចាញទឹក និងលោកស៊ីង ម៉ាន់ មេឃុំស្រែសំបូរ ឈ្មោះធិ ឆាយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានព្រមព្រៀងលក់ផ្ទះចាស់សាង សង់ពីឈើមានទំហំ៧ម៉ែត្រែ គុណ១១ម៉ែត្រ ឱ្យទៅឈ្មោះចាន់ វណ្ណា ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅ ភូមិជីតុក ឃុំក្រែកនស្រុកពញាក្រែក ខេតកំពង់ចាម ក្នុងតម្លៃព្រមព្រៀងមួយទឹកចំនួនសរុប ៧លាន ៨សែនរៀល។

លោកចាន់ វណ្ណា ដែលជាអ្នកទិញឈើផ្ទះចាស់ខាងលើ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាម២០២៥ ថា មូលហេតុដែល ពួកគាត់មកទិញផ្ទះចាស់នៅស្រុកសៀមប៉ាងនេះ គឺដោយសារកូនៗត្រឡប់មកពីប្រទេសថៃវិញ ពុំមានផ្ទះស្នាក់នៅ ទើបគាត់សម្រេចចិត្តដើររក ទិញផ្ទះចាស់មួយទឹក ដើម្បីយកទៅសាងសង់ឱ្យកូនរស់នៅ។ លោកបន្តថា ក្រោយពីបានព្រមព្រៀងជាមួយអ្នកលក់រួចមក គាត់ក៏បានធ្វើ កិច្ចសន្យាទិញលក់ចំពោះមុខមេភូមិ និងលោកមេឃុំ ហើយក៏បានស្នើសុំធ្វើលិខិតដើម្បីដឹកជញ្ជូនផងដែរ។

ទាក់ទងការឃាត់រថយន្តដឹកឈើផ្ទះចាស់ខាងលើនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក៏បាន រាយការណ៍ជូន លោកអភិបាលខេត្តបាន ជ្រាបផងដែរ ហើយលោកអភិបាលខេត្តក៏បានបញ្ជាទៅកម្លាំងជំនាញរដ្ឋបាលព្រៃឈើចុះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថធ្វើការត្រួត ពិនិត្យលើឯកសារពាក់ព័ន្ធ ប្រសិនបានបំពេញបែបបទឯកសារគ្រប់គ្រាន់ និងសម្រួលជូនពួកគាត់ដើម្បីបានបន្តដំណើរទៅដល់គោលដៅ។
តាមរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា រថយន្តដឹកឈើផ្ទះចាស់នោះ គឺមិនមែនជាករណីចាប់ចងនោះទេ តែជាកាតព្វកិច្ចក្នុងការត្រួតពិនិត្យ ឱ្យបានល្អិតល្អន់អំពីឯកសារពាក់ព័ន្ធក្នុងការដឹកជញ្ជូននិងត្រួតពិនិត្យមើលជាក់ស្តែង ក្រែងមានការបំភាន់ក្នុងរូបភាពណាមួយ។ ការត្រួតពិនិត្យនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនឈើផ្ទះចាស់របស់ពួកគាត់ទៅវិញទេ ព្រោះថា បើកម្លាំងសមត្ថកិច្ចមិនឃាត់ត្រួតពិនិត្យលើឯកសារ ក៏ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តផ្សេងត្រូវសមត្ថកិច្ចឃាត់ត្រួតពិនិត្យផងដែរ ដូច្នេះទើបកម្លាំងជំនាញធ្វើការឃាត់ត្រួតពិនិត្យលើឯកសារ បើ ពួកគាត់ខ្វះឯកសារបែបណា គឺត្រូវឱ្យគាត់បំពេញឯកសារនោះឱ្យបានគ្រប់គ្រាន់ ទើបមិនបង្កការស្មុគស្មាញមុនពេលទៅដល់គោលដៅ។

ពាក់ព័ន្ធករណីដឹកជញ្ជូនឈើនេះផងដែរ មិនថាឈើផ្ទះចាស់ឬប្រភេទឈើក្នុងទម្រង់ណាក៏ដោយ បើជាក្រុមឈ្មួញតែងប្រើយុទ្ធវិធី ដើម្បី បំភាន់។ កន្លងមក សមត្ថកិច្ចបានត្រួតពិនិត្យលើដឹកជញ្ជូនដោយឈ្មួញខ្លះបានប្រើប្រាស់រូបភាពដូចជាជួលមនុស្សឱ្យដើរតួ ធ្វើប្រជាពលរដ្ឋកំសត់ ត្អូញត្អែរខ្វះនេះខ្វះនោះ ងាយស្រួលបិតបាំងជំនួញ និងឆ្មក់ឱកាសបង្កប់ឈើថ្មីលាយឡំជាដើម ឯឈ្មួញខ្លះទៀតជាព្រះសង្ឃដើរតួសុំបិណ្ឌបាតឈើ ដើម្បីយកទៅសាងសង់កុដិ សាលាឆាន់ និងវិហារជាដើម តែការពិតយកទៅចែកចាយតាមដេប៉ូក្នុងស្រុកធ្វើមានធ្វើបានយ៉ាងរំភើយ។
ជាក់ស្តែងថ្មីៗនេះ ក៏មានការចុះបង្ក្រាបទាំងយប់អធ្រាត្រពីសំណាក់លោកអភិបាលខេត្តផ្ទាល់ផងដែរ។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំអំពីនីតិវិធីនៃការដឹកជញ្ជូនឈើផ្ទះចាស់ផងដែរ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ និង សម្រួលដល់ការដឹកជញ្ជូនឈើផ្ទះចាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីទប់ស្កាត់ការជួញដូរឈើខុសច្បាប់ រដ្ឋបាលព្រៃឈើសូមធ្វើការណែនាំថា ការដឹកជញ្ជូនឈើផ្ទះចាស់ពីកន្លែងមួយយកទៅប្រើប្រាស់នៅកន្លែងផ្សេងទៀត ត្រូវមានការបញ្ជាក់ដឹង ឮពីអង្គភាពជំនាញផ្នែករដ្ឋ បាលព្រៃឈើ ដែលនៅជិតបំផុត ដោយមានការចូលរួមពីអាជ្ញាធរភូមិ និងមានកំណត់ហេតុច្បាស់លាស់បញ្ជាក់ពីស្ថានភាពដើម នៃផ្ទះចាស់រយៈពេលសាងសង់ ទំហំផ្ទះប្រភេទឈើ និងបរិមាណឈើដែលបានមកពីការរុះរើផ្ទះ។ ឈើផ្ទះចាស់ សំដៅដល់ ឈើដែលបានប្រើធ្វើផ្ទះយ៉ាងតិច៥ឆ្នាំ។

ដោយឡែក រថយន្តវេរអងដែលបានដឹកឈើផ្ទះចាស់ខាងលើនោះ បច្ចុប្បន្នជំនាញកំពុងណែនាំអំពីនីតិវិធី និងបំពេញបែបបទឯកសារ ឱ្យបានគ្រប់គ្រាន់ និងអនុញ្ញាតឱ្យបន្តដំណើរឆ្ពោះទៅគោលដៅ៕