ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ទាំងកណ្តាលថ្ងៃត្រង់ ដោយបុរសជាប្តី ជាអ្នកធ្វើសកម្មភាពផ្លោះរបងចូលទៅលួចម៉ូតូ ចំណែកស្ត្រីជាប្រពន្ធជាអ្នកឈរចាំមើលផ្លូវ ហើយក្រោយពីលួចម៉ូតូបានសម្រេច ជិះម៉ូតូបណ្តើរគ្នាត្រសង គេចខ្លួនបាត់ លុះរំលងបាន៣ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវ ជ្រាវតាមចាប់វាយខ្នោះទាំង២នាក់ប្តីប្រពន្ធ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤៨នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល មួយកន្លែង នៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង ២និង៣៧នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ឈានដលការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ (ត្រូវជាប្តីប្រពន្ធ) នៅចំណុចផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យជាប្តី មានឈ្មោះមៀច សុខវុទ្ធី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីសង្ស័យជាប្រពន្ធ មានឈ្មោះពៅ ស្រីភាព អាយុ១៩ឆ្នាំ មុខរបរមិនពិប្រាកដ។ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាក HONDA BEAT ពណ៌ក្រហមលាយស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1T-4626 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះភឺម សុរិយា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល តាមបណ្តោយមហា វិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង៤៨នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំ រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី ជនសង្ស័យបានផ្លោះរបងចូលលួចម៉ូតូ ១គ្រឿង ម៉ាក HONDA BEAT ពណ៌ក្រហមលាយស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1T-4626 ជាកម្មសិទ្ធិរបស់យុវតីម្នាក់ឈ្មោះភឺម សុរិយា។

ក្រោយពីចោរធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់ ជនរងគ្រោះបានទៅដាក់បណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោយការដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេ នីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៅវេលាម៉ោង ២និង៣៧នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ (ឈ្មោះមៀច សុខវុទ្ធី និងឈ្មោះពៅ ស្រីភាព) ដែលត្រូវជាប្តីប្រពន្ធអត់ខាន់ស្លា នៅចំណុចផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈពួកគេកំពុងរៀបចំយកម៉ូតូទៅលក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បានឆ្លើយសារភាពថា សព្វថ្ងៃពួកគេស្រឡាញ់គ្នា រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែមិនបានរៀបការទេ ដោយសារតែពួកគេគឺជាជនអនាថា ដើរហើរមិនចូលផ្ទះសម្បែងដូចគ្នា ហើយសព្វថ្ងៃក៏គ្មានជម្រកស្នាក់នៅត្រឹមត្រូវដែរ។
ជនសង្ស័យទាំង២នាក់ បានសារភាពបន្តថា មុនពេលកើតហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ពួកគេទាំង ២នាក់ប្តីប្រពន្ធ ពិតជាបានចេញធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង នៅចំណុចផ្ទះជួល ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ប្រាកដមែន ដោយពេលធ្វើសកម្មភាពនោះ ជនសង្ស័យជាប្តីបានផ្លោះរបងចូលខាងក្នុងលួចយកម៉ូតូរបស់ជនរងគ្រោះ ចំណែកស្ត្រីជាប្រពន្ធ នៅឈរយាមនៅខាងក្រៅ ដើម្បីមើលផ្លូវ និងឱ្យសញ្ញា ពេលមានហេតុការណ៍ណាមួយកើតឡើង ងាយស្រួលរំដោះគ្នារត់។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធី៕