Saturday, July 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិស៣០០ដុល្លារ មេហៅដាក់វិន័យ

ប៉ូលិស៣០០ដុល្លារ មេហៅដាក់វិន័យ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីកិច្ចសន្យា សរុបចំនួន៩នាក់ នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកធ្វើការសាកសួរ និងបំភ្លឺ ករណីឃាត់រថយន្ត និងទារប្រាក់ ចំនួន៣០០ដុល្លារ ពីជនជាតិឥណ្ឌូនេស៊ី កាលពីពេលកន្លងទៅ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២៥ ថា ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូ នេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត នៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៊ាន រួចហើយ តែប៉ូលិសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលិសទាមទារលុយ ចំនួន ៣០០ដុល្លារ តែបុរសឥណ្ឌូនេស៊ីបានសម្រួលមកត្រឹម ៥០ដុល្លារវិញ មិនតែប៉ុណ្ណោះ មានប៉ូលិសមកទាមទារបន្ថែម ៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។

ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ផែនការងារធនធានមនុស្សឱ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសាកសួរបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ យកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ជូនស្នងការ ដើម្បីពិនិត្យនិងសម្រេច។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កន្លងមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយ ភាពហ្មត់ចត់បំផុត។

ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាត ដោយមិនលើកលែងនោះឡើយ៕

RELATED ARTICLES