ភ្នំពេញ ៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ខ្យល់កន្ត្រាក់ បានកើតឡើងជិត ២០០លើក បណ្តាលឱ្យមនុស្សស្លាប់និងរងរបួស ជាង៣០នាក់ និងបំផ្លាញផ្ទះសម្បែង ជាង៦ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត មានការកើនឡើងបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នា ឆ្នាំ២០២៤ កន្លងទៅ។

លោកសុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា ខ្យល់កន្ត្រាក់ក្នុងឆមាសទី១ ឆ្នាំ២០២៥ កើតមានចំនួន១៩០លើក នៅមូលដ្ឋានរាជធានី-ខេត្ត ទូទាំងប្រទេស បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ ចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យម ចំនួន ៥៥០០ខ្នង របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ២១ អគាររដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង១ ដួលរលំរោងការ និងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ២ ដួលរលំបង្គោលភ្លើង និងសូឡា ៦៥ដើម ដួលរលំដើមឈើ ១៣៧ ដើម ចម្ការកៅស៊ូ ៥ហិកតារ ខូចខាតរថយន្ត ២គ្រឿង ម៉ូតូ ៨គ្រឿង ស្លាប់មនុស្ស ៥នាក់ និងរបួស២៧នាក់។

លោកបានបន្តថា តួលេខនេះ បើធៀបទៅនឹងរយៈពេល៦ខែ ឆ្នាំមុន ឃើញថា មានការកើនឡើងគួរឱ្យកត់ សម្គាល់ ដោយ៦ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន១៨២លើក នៅទូទាំងប្រទេស បណ្តាលឱ្យរលំផ្ទះធ្ងន់ ចំនួន ៣៧៥ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យម ចំនួន ៣ ៣២៧ខ្នង របើកដំបូលសាលារៀន ចំនួន ៣៧ខ្នង តូបផ្សារ ចំនួន ១៧តូប អគាររដ្ឋបាលចំនួន ១៣កន្លែង បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៣នាក់ និងរបួស ចំនួន ២៣នាក់ (អ្នកស្លាប់ដោយសារខ្យល់កន្ត្រាក់ ចំនួន ៥នាក់ រួមមាន នៅខេត្តកំពង់ស្ពឺ ១នាក់ ព្រៃវែង ១នាក់ កំពត ១នាក់ បាត់ដំបង ១នាក់ និងសៀមរាប ១នាក់)៕