ភ្នំពេញ ៖ បុគ្គលិកផ្នែកលក់ និងចែកចាយស៊ីមកាត របស់ក្រុមហ៊ុនទូរសព្ទចល័ត ចំនួន២នាក់ ត្រូវបានសម ត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតទូរស័ព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណ លើស៊ីមកាត ប្រមាណជាង ៦០០លេខ។

តាមប្រភពសមត្ថកិច្ចជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ថា យោងតាមបញ្ជាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ឈ្មោះ យ.ទ.ព និងឈ្មោះ ប.ល.ស ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកផ្នែកលក់ និងចែកចាយស៊ីមកាតរបស់ក្រុមហ៊ុនទូរសព្ទចល័ត។
ជនសង្ស័យទាំង២ បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរស័ព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាពនិងអត្តសញ្ញាណ ដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរស័ព្ទ ដែលសរុបកន្លងមក ពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាត បានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរ សព្ទចល័ត ក៏ដូចជាផ្តល់លក្ខណៈងាយស្រួលដល់ជនល្មើស ក្នុងការយកលេខទូរស័ព្ទទៅប្រើប្រាស់ ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋានរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ជម្រាបជូនសាធារណជនថា ការបញ្ចូលទិន្នន័យដោយទុច្ចរិតទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិ ត្រូវផ្តន្ទាទោសពី ០១ឆ្នាំ ទៅ ០២ឆ្នាំ នេះបើយោងតាមជំពូកទីពីរមាត្រា៤២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០១ នៃច្បាប់ទូរគមនាគម៍ បានចែងថា ការយកអត្តសញ្ញាណតតិយជន ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគម៍ ក្នុងកាលៈទេសៈ ដែលនាំឱ្យមានការចោទប្រកាន់ខាងព្រហ្មទណ្ឌ ចំពោះតតិយជននោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ០១ឆ្នាំទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ៦លានរៀល។
នាយកដ្ឋាន សូមអំពាវនាវដល់បណ្តាអ្នកលក់និងអ្នកចែកចាយស៊ីមកាតទូរស័ព្ទទាំងអស់ សូមបញ្ឈប់ជាបន្ទាន់នូវការចែកចាយ ឬលក់ស៊ីមកាត ដែលមានអត្តសញ្ញាណមិនត្រឹមត្រូវ បើពុំដូច្នោះទេ នឹងអាចប្រឈមមុខតាមផ្លូវច្បាប់ ដូចជនទាំង២នាក់ខាងលើ៕