ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តតាក់ស៊ី ១គ្រឿង ថយបុកតុលក់ខ្នាយតាន់ បន្តោងខ្សែកព្រះ និងជុំក្រឡង់ ដែលកំពុងដាក់លក់នៅលើចិញ្ចើមផ្លូវ បង្កឱ្យមានទំនាស់ជាមួយអ្នកលក់ រហូតផ្ទុះហិង្សា វាយទៅលើបុរសអ្នកលក់ខ្នាយតាន់ ចំនួន៣ដៃ ត្រូវបានអ្នកលក់ខ្នាយតាន់ ហៅប្រពន្ធកូននិងបងប្អូន សរុប៤នាក់ មកព្រួតវាយរហូតទ្រមខ្លួន ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនទាំងសងខាង សរុប៥នាក់។

ករណីអំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង២៥នាទី ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចស្តុបមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (ក្បែររបងព្រលានយន្តហោះភ្នំពេញ)។

បុរសជាអ្នកបើករថយន្តតាក់ស៊ី មានឈ្មោះសួន សាក់ អាយុ៣២ឆ្នាំ មានលំនៅ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (ត្រូវសមត្ថកិច្ចឃាត់ខ្លួន)។ ចំណែកបុរសជាគូជម្លោះ មានឈ្មោះ បងវែង អាយុជាង៣០ឆ្នាំ មុខរបរលក់ខ្នាយតាន់ មានលំនៅ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ បុរសអ្នកលក់ខ្នាយតាន់នេះ រួមជាមួយក្រុមគ្រួសារ មានប្រពន្ធនិងកូនប្រុសម្នាក់ ព្រមទាំងបងប្អូនម្នាក់ទៀត សរុប៤នាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ឈ្មោះសួន សាក់ បានបើករថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3615 ថយក្រោយ ជ្រុលទៅកិនតុលក់ខ្នាយតាន់ បន្តោងខ្សែកព្រះ ខ្សែដៃអង្កាំ ដែលបុរសឈ្មោះបងវែង កំពុងដាក់លក់លើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងលើ បណ្តាលឱ្យកំពប់និងខូចខាត។ ពេលនោះបុរសជាអ្នកលក់ខ្នាយតាន់ បានប្រាប់ថា “ថយកិនរបស់ខ្ញុំហើយ” អ្នកបើករថយន្តតាក់ស៊ី តបថា “តុរបស់អ្ហែងហ្នឹងថ្លៃប៉ុន្មាន?” រួចក៏ដើរចូលទៅក្នុងរថយន្ត ប្រុងបើកចេញ ទាំងមិនទទួលខុសត្រូវ ប៉ុន្តែអ្នកបើកតាក់ស៊ីថា ខ្លួនមិនបានបើករត់ទេ គឺដើរទៅយកទឹកដបនៅក្នុងរថយន្ត ដើម្បីផឹក។

សមត្ថកិច្ច បន្តថា ភ្លាមៗនោះ បុរសអ្នកលក់ខ្នាយតាន់ បានរត់ទៅឃាត់ និងដកយកសោរថយន្ត ទើបបណ្តាលឱ្យមានទំនាស់គ្នា រហូតអ្នកបើករថយន្តតាក់ស៊ី បានវាយអ្នកលក់ខ្នាយតាន់៣ដៃ ទើបបបុរសអ្នកលក់ខ្នាយតាន់ បានទូរស័ព្ទហៅប្រពន្ធនិងកូនប្រុស ព្រមទាំងបងប្អូន ឱ្យមកជួយ ហើយគ្រាន់តែទៅដល់ភ្លាម បានព្រួតវាយទាត់ធាក់ទៅលើអ្នកបើករថយន្តតាក់ស៊ីនោះ រហូតទ្រមខ្លួន ទោះជាអ្នកនៅជិតនោះ នាំគ្នាស្រែកឃាត់ ក៏មិនព្រមឈប់វាយ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ហើយកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បានចុះទៅឃាត់ខ្លួនភាគីទាំងសងខាង ដោយក្នុងនោះភាគីម្ខាង មានចំនួន៤នាក់ គឺបុរសអ្នកលក់ខ្នាយតាន់ ប្រពន្ធ កូនប្រុសម្នាក់ និងបងប្អូនម្នាក់។ ចំណែកភាគីម្ខាងទៀត គឺបុរសអ្នករត់តាក់ស៊ី។

បន្ទាប់មក សមត្ថកិច្ច បាននាំភាគីទាំងសងខាង សរុប៥នាក់ ទៅសាកសួរប៉ុស្តិ៍កាកាបទី២ រួចបានបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕