ខេត្តកោះកុង ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូបំណងទៅរកខ្ចីលុយស្ត្រីម្នាក់ លុះទៅដល់ ស្ត្រីរូបនោះមិននៅផ្ទះ និងថែមទាំងភ្លេចចាក់សោផ្ទះ និងសោបន្ទប់ ទើបជនសង្ស័យបែកគំនិតចូលទៅក្នុងផ្ទះ ឃើញទូដែក ក៏ទូរស័ព្ទហៅបក្ខពួក ២នាក់ យករ៉ឺម៉កម៉ូតូ ១គ្រឿង មកដឹកទូដែកជនរងគ្រោះ យកទៅគាស់ប្រមូលបានលុយនិងគ្រឿង អលង្ការ ចែកគ្នា លុះព្រឹកស្អែកឡើង ត្រូវ សមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចទូដែកនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៨និង១០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្បែរបូជនីយដ្ឋានសពយុទ្ធជន ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ។ លុះមកដល់វេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហុក សំពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ២-ឈ្មោះធឿន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងទី៣-ឈ្មោះស៊ុន បុនឡា ហៅជ័យ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ។ ចំណែកជនរងគ្រោះ មានឈ្មោះលី ណន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បាន ទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះលី ណន ដែលបានប្តឹងថា មានចោរ១ក្រុមបានលួចទូដែករបស់គាត់ដឹកយកទៅបាត់។ ក្រោយពីទទួលពាក្យ បណ្តឹងខាងលើ ផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវ រហូតដល់វេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២៥ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (១-ឈ្មោះហុក សំពេជ្រ ២-ឈ្មោះធឿន វណ្ណៈ ៣-ឈ្មោះស៊ុន បុនឡា ហៅជ័យ) នាំយកមក សាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះហុក សំពេជ្រ បានជិះម៉ូតូទៅរកខ្ចីប្រាក់ពីម្ចាស់ទូដែក ឈ្មោះលី ណន ភេទស្រី នៅចំណុចក្បែរបូជនីយដ្ឋាន សពយុទ្ធជន ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ។ លុះពេលជិះម៉ូតូទៅដល់ផ្ទះជនរងគ្រោះ ស្រាប់តែឃើញផ្ទះមិនបាន ចាក់សោរបង និងគ្មានមនុស្សនៅ (ជនរងគ្រោះភ្លេចចាក់សោរបង សោផ្ទះ និងភ្លេចចាក់សោបន្ទប់)។ ភ្លាមនោះ ជនសង្ស័យបានដើរចូលទៅ ក្នុងផ្ទះ ក៏ឃើញទូដែកមួយនៅក្បែរគ្រែ។ បន្ទាប់មក ជនសង្ស័យបានទូរស័ព្ទហៅឈ្មោះស៊ុន បុនឡា ហៅជ័យ ឱ្យមកយកទូដែក ហើយប្រាប់ថា ទូនេះមានទម្ងន់ធ្ងន់ណាស់ និងឱ្យរកគ្នីគ្នាម្នាក់ទៀតមក។ មួយសន្ទុះឈ្មោះស៊ុន បុនឡា បានជិះម៉ូតូមកជាមួយឈ្មោះធឿន វណ្ណៈ ដោយយករទេះ មកជាមួយ។ បន្ទាប់មកឈ្មោះស៊ុន បុនឡា បានដើរចូលក្នុងផ្ទះអូសទូដែកចេញមកក្រៅ ហើយជនទាំង៣នាក់ បានលើកទូដែកដាក់នៅលើរទេះ ដោយយកថង់ខៀវមួយមកគ្របកុំឱ្យគេឃើញ។

បន្ទាប់មកជនសង្ស័យទាំង៣នាក់ បានដឹកទូដែកនោះយកទៅលាក់ទុកនៅក្នុងឃ្លាំងមួយកន្លែង នៅជិតអាងទឹកក្បែរផ្ទះជនសង្ស័យ ឈ្មោះហុក សំពេជ្រ និងបានគាស់បំបែកទូដែកនោះ ឃើញមានលុយដុល្លារ និងគ្រឿងអលង្ការមួយចំនួន។ បន្ទាប់មកជនសង្ស័យទាំង៣នាក់ បាន យកទូដែកនោះ ទៅបោះចោលក្នុងទឹកអូរនៅក្រោមស្ពានអូរស្រីស្រណោះ ហើយជនសង្ស័យឈ្មោះហុក សំពេជ្រ បានចែកគ្នា ដោយឱ្យលុយទៅ ធឿន វណ្ណៈ និងស៊ុន បុនឡា ក្នុង១នាក់ចំនួន៨០០ដុល្លារ។ ចំណែកលុយនៅសល់ និងគ្រឿងអលង្ការ ឈ្មោះហុក សំពេជ្រ ជាអ្នកយកទាំងអស់។

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលដកហូតពីក្រុមជនសង្ស័យខាងលើមកវិញបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1GN-4152 ពណ៌ខ្មៅ និងម៉ូតូ ១គ្រឿងទៀតម៉ាកវ៉េវ ពាក់ស្លាកលេខ 1C- 1096 រទេះរ៉ឺម៉ក១ ទូដែក១ ដែកគាស់១ ញញួរ១ លុយដុល្លារ ក្រដាស១០០ដុល្លារ ចំនួន៦០សន្លឹក លោហធាតុ ពណ៌លឿង ជាខ្សែក ២ខ្សែ ខ្សែដៃលោហធាតុពណ៌លឿង ២ខ្សែ ចិញ្ចៀន ២វង់ បន្តោង៥ និងទូរស័ព្ទ ៣គ្រឿង។ ចំណែកទូដែក ត្រូវបានបញ្ជាឱ្យចោរទៅរាវរកឃើញក្នុងទឹកក្រោមស្ពាន យកមកប្រគល់ឱ្យម្ចាស់វិញដែរ។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕