ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងបានយករូបភាពពីគណនីអ្នកដទៃ មកធ្វើជារូបភាពរបស់ខ្លួន និងតែងបង្អួតភាពហ៊ឺហា ដើម្បីទាក់ទាញនារីតាមបណ្តាញសង្គម រហូតដល់មានអ្នក ជឿទុកចិត្ត ចាប់ផ្តើមប្រើល្បិចធ្វើជាជួបបញ្ហាក្នុងរបររកស៊ី ត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីដោះស្រាយ និងបានលួងលោមឱ្យនារីរងគ្រោះជាច្រើននាក់ ផ្ទេរប្រាក់មកខ្លួនជាបន្តបន្ទាប់ គិតជាទឹកប្រាក់ ខ្ទង់រាប់ម៉ឺន រាប់សែនដុល្លារ តែចុងក្រោយអស់លក្ខណ៍ ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមបញ្ជា ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តម សេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោក ក្រោមរូបភាពលួងលោមមនោសញ្ចោតនាតាមអនឡាញ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ច.ដ ភេទប្រុស អាយុ២៨ឆ្នាំ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។

ប្រភពដដែល បានបន្តថា ករណីនេះ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងបានយករូបភាពពីគណនីអ្នកដទៃ មកធ្វើជារូបភាពរបស់ខ្លួន និងតែងតែបង្អួតភាពហ៊ឺហា ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្តាញសង្គម។ កន្លងមក មាននារីរងគ្រោះជាច្រើន តែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ ដោយដំបូងឡើយ ជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហា មានមុខរបរជាអ្នកជំនួញ និងពេលខ្លះជាមន្ត្រីរាជការ មានឥទ្ធិពល។ បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជន សង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ី ដូចជា គយ ចាប់ទំនិញ ឬមានបញ្ហានៅកន្លែងធ្វើការ…៘ ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីដោះស្រាយ ហើយលួងលោមឱ្យជនរងគ្រោះទាំងនោះផ្ទេរប្រាក់មកខ្លួន ជាច្រើនម៉ឺនសែនដុល្លារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹកនិងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមទាំងឡាយ សូមពិនិត្យឱ្យបានច្បាស់លាស់ មុននឹងជឿជាក់លើព័ត៌មានបុគ្គលតាមបណ្តាញសង្គម ព្រោះវាអាចធ្លាក់ចូលក្នុងអន្ទាក់ ដែលនាំឱ្យខាត់បង់ផលប្រយោជន៍នានាក្នុងប្រការណាមួយ៕
