ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ បានប្រើប្រាស់គណនីហ្វេសប៊ុក បង្ហោះរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រេង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ព ជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយបានការយកចិត្តទុកដាក់និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកសូទ្រនិគម បានចូលរួមសហការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហុង ភា ក្នុងករណីឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុក មួយ មានឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុក ចំនួន៤ទៀត ដែលមានឈ្មោះ ហុង ភា ម៉េសៀមរាប Ah Su ម៉ែសៀមរាប។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះ នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយ សម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្ត អាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេស៊ីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ ដែលបានមកពីការឧបត្ថម្ភនានា។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួល ប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយ ជីវភាព។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រ ដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្ប និម្មិតទាំងនោះ ធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកា ជំនួយសប្បុរសទៅឱ្យពួកគេ។

ជាមួយនេះ សមត្ថកិច្ចសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា៕