Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក ច្របា---/ច់កប្លន់មាសក្នុងវត្ត

ចេញពីគុក ច្របា—/ច់កប្លន់មាសក្នុងវត្ត

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើក រួចមកហើយ លុះចេញមកវិញ មិនកែខ្លួន បែរជាបែកគំនិតលួចចូលវត្ត រួចផ្លោះកុដិ ចូលទៅច្របាច់កប្លន់តាជីម្នាក់ យកបានខ្សែក ខ្សែដៃ ចិញ្ចៀន នាឡិកា រួចជិះកង់គេចខ្លួនបាត់។ លុះក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីប្លន់គ្រឿងអលង្ការនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចកុដិលេខ៨ វត្តទឹកវិល ហៅវត្តចុងកោះ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ មានឈ្មោះខែម ណារិន ហៅស៊្រិន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរតាជី ស្នាក់នៅវត្តទឹកវិល ហៅវត្តចុងកោះ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង (មានស្នាមរបួស ហើមជាំបំពង់ក)។ ចំណែកជនសង្ស័យ មានឈ្មោះលុយ វណ្ណសាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង (មានសារធាតុញៀន)។

លោកអធិការ បន្តថា ជនសង្ស័យឈ្មោះលុយ វណ្ណសាក់ ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែ បន្សា បគ្រឿងញៀន ឱកាសខ្ញុំ រយៈពេល៦ខែ និងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន៣លើក រួមកហើយ ដោយលើកទី១- ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ជាប់រយៈពេល ១ឆ្នាំ២ខែ។ លើកទី០២-ពីបទលួចមានស្ថាន ទម្ងន់ ទោស (ឆក់ទូរស័ព្ទ) ជាប់រយៈពេល៤ឆ្នាំ និងលើកទី៣-ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ជាប់ រយៈពេល២ឆ្នាំ។

ចំពោះវត្ថុតាងចាប់យក រួមមាន លោហធាតុពណ៌លឿង (ខ្សែក) ចំនួន៣ខ្សែ មានបន្តោងរូបកូនជ្រូក ដាំត្បូងពណ៌ស ចំនួន១ និងរូបផ្កា ដាំត្បូងពណ៌ស ចំនួន១ លោហធាតុពណ៌លឿង (ចិញ្ចៀន) ចំនួន៣វង់ (ជារបស់ជនរងគ្រោះ រកឃើញវិញ)។ មួកពណ៌សលាយខ្មៅ ចំនួន១ និងពិលហ្វា ចំនួន១ (ជារបស់ជនសង្ស័យបន្សល់ ទុកនៅកន្លែងកើតហេតុ)។

លោកអធិការ បានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ គឺជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែង តែលួចរបស់របរទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ជាញឹកញាប់ ហើយនៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតគាស់ទ្វារកុដិរបស់តាជីម្នាក់ ឈ្មោះគង់ ទ្រី តែមិនបានសម្រេច ដោយសារតាជី ចេញមកទាន់ ហើយជន សង្ស័យបានរត់គេចខ្លួនបាត់។ ស្រាប់តែនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលជនរងគ្រោះឈ្មោះខេម ណារិន កំពុងសម្រាន្តនៅក្នុងកុដិ​ តែម្នាក់ឯង ស្រាប់តែជន សង្ស័យ បានដាក់ជណ្តើរឡើងតាមជញ្ជាំងកុដិ រួចផ្លោះចូលក្នុងកុដិ បន្ទាប់មកបានយកដៃច្របាច់កនិងខ្ទប់មាត់ជនរងគ្រោះឈ្មោះខែម ណារិន ព្រមទាំងកាន់កាំបិតគំរាមជនរងគ្រោះ កុំឱ្យស្រែក បើហ៊ានស្រែក នឹងសម្លាប់ចោល រួចជនសង្ស័យបានបញ្ជាឱ្យជនរងគ្រោះឈ្មោះខែម ណារិន ដោះខ្សែក ខ្សែដៃ ចិញ្ចៀន កងដៃ និងនាឡិកាដៃប្រគល់មកឱ្យខ្លួន។ ពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យឈ្មោះលុយ វណ្ណសាក់ បានរត់គេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំង ប៉ុស្តិ៍កោះខែល ប៉ុស្តិ៍ទឹកវិល និងប៉ុស្តិ៍ព្រែកអំបិល បានចុះស្រាវជ្រាវ រហូតកំណត់កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនឈ្មោះលុយ វណ្ណសាក់ រួមទាំងវត្ថុតាងខាងលើ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចូលទៅច្របាច់កប្លន់តាជី យកបានគ្រឿងអលង្ការមួយចំនួនប្រាកដមែន ដោយក្នុងនោះ កងដៃចំនួន១ គឺខ្លួនបានយកទៅដូរគ្រឿង ញៀន ពីឈ្មោះសំណាង ភេទប្រុស អាយុប្រហែល២៦ឆ្នាំ រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់អស់ទៅហើយ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES