ភ្នំពេញ ៖ ហាងប៊ូហ្វេ មួយកន្លែង ក្នុងបរិវេណកោះពេជ្រ ត្រូវបានអគ្គិភ័យឆាបឆេះផ្នែកខាងមុខនៃហាង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ មន្ត្រីជំនាញចេញរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍ បាន។

ហេតុការណ៍អគ្គិភ័យ ឆេះហាងប៊ូហ្វេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងប៊ូហ្វេ យីហោ កាកា ស៊ុគី ស្ថិតនៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីពិតានផ្នែកខាងមុខ នៃហាងប៊ូហ្វេ ខាងលើ បន្ទាប់មកក៏កើតចេញជាអណ្តាតភ្លើង ធ្វើឱ្យអ្នកឃើញហេតុការណ៍នាំគ្នាទាក់ទងទៅសន្តិសុខកោះពេជ្រ ភ្លាមៗ ដើម្បីសុំការអន្តរាគមន៍ បានទាក់ទងទៅផ្នែកខាងរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅក្នុងកោះពេជ្រ ចំនួន២គ្រឿង បានធ្វើដំណើរមកកាន់ទីតាំងកើតហេតុ បាញ់ពន្លត់ទាន់ពេលវេលា មិនឱ្យមានការរាលដាលធំជាងនេះ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង និងបាញ់ទឹកអស់ ១ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនមានមនុស្សរងរបួសនៅក្នុងហេតុការណ៍នេះនោះទេ។ ចំពោះមូលហេតុនៃការឆាបឆេះ អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕
