ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវ ឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុប៧នាក់ ក្នុងនោះ មានជនសង្ស័យវ័យ ចំណាស់២នាក់ ជាប្តីប្រពន្ធនឹងគ្នា (តាជក់ យាយលក់) លុះភ័យនឹងកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ធ្វើឱ្យយាយសន្លប់ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅមណ្ឌលសុខភាព ស្រាប់តែទៅដល់ តាឆ្លៀតឱកាសសមត្ថកិច្ចភ្លេចខ្លួន បានរត់គេចចោលយាយបាត់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីលោកក្រាស់ រឿង មេភូមិពូតាង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការនគរបាល ស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ បានប្រើវិធីញុះញង់ឱ្យលក់គ្រឿងញៀនខុសច្បាប់ ចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នៅកន្លែងកើតហេតុខាងលើ កម្លាំងជំនាញបាន ឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ គុជ លាងជីញ ព្រមទាំងបានឆែកឆេរ លើដងខ្លួនដកហូត បានគ្រឿងញៀន ចំនួន២កញ្ចប់តូច។ ក្រោយមកគាត់បានឆ្លើយសារភាព កម្លាំងបង្ក្រាបចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់ (ស្រី១) ទៀត។ លុះដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥កម្លាំងជំនាញក៏បានបន្តនីតិវីធីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿង ញៀន បានចំនួន២នាក់បន្ថែមទៀត។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន៧នាក់ (ស្រី១នាក់) រួមមាន ទី១-ឈ្មោះគុជ លាងជីញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា (មានសារធាតុញៀន)។ ទី២-ឈ្មោះវិត ចិត អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូតាងឃុំ ពូជ្រៃ ស្រុកពេជ្រាដា (មានសារធាតុញៀន)។ ទី៣-ឈ្មោះបាយ បុត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិពូតាងឃុំ ពូជ្រៃ ស្រុកពេជ្រាដា (មានសារធាតុញៀន)។ ទី៤-ឈ្មោះមុំ សុផា ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា (គ្មានសារធាតុញៀន)។ ទី៥-ឈ្មោះហ៊ីម យ៉ត ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូតាងឃុំ ពូជ្រៃ ស្រុកពេជ្រាដា (មានសារធាតុញៀន)។ ទី៦-ឈ្មោះអ៊ឹង សុខលីម ហៅទូច ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ មានលំនៅ ភូមិពូតាងឃុំ ពូជ្រៃ ស្រុកពេជ្រាដា (មានសារធាតុញៀន)។ និងទី៧-ឈ្មោះស៊្រីម ធារិទ្ធ ហៅជា អាយុ២៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូតាងឃុំ ពូជ្រៃ ស្រុកពេជ្រាដា (មានសារធាតុញៀន)។
ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះមុំ សុផា ភេទស្រី ជាប្រពន្ធរបស់ឈ្មោះហ៊ីម យ៉ន មានបញ្ហាសុខភាព កម្លាំងជំនាញបានដឹកគាត់បញ្ជូនទៅមណ្ឌលសុខភាពពូជ្រៃ ហើយពេលទៅដល់មណ្ឌលសុខភាពជនសង្ស័យឈ្មោះហ៊ីម យ៉ន ជាប្តី បានឆ្លៀតឱកាសរត់គេចខ្លួនបាត់ នៅពេល កម្លាំងជំនាញកំពុងលើកឈ្មោះ មុំ សុផា ដើម្បីសង្គ្រោះបន្ទាន់ នៅចំណុចមណ្ឌលសុខភាពពូជ្រៃ ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា វេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃដដែល។
ចំពោះសម្ភារៈនិងវត្ថុតាងចាប់យក រួមមាន ១-ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន មេតំហ្វេតាមីន ចំនួន៤កញ្ចប់តូច។ ២-ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក oppo ពណ៌ខ្មៅ ចំនួន១គ្រឿង និងម៉ាក techno ពណ៌មាស ចំនួន១គ្រឿង)។

ជនសង្ស័យ និងសម្ភារៈវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងស្រុកពេជ្រាដា កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕