ភ្នំពេញ ៖ យុវជន២ក្រុម មានគ្នា៥នាក់ទៅហូបមីឆាប្រទះឃើញគ្នាសងសឹកគំនុំចាស់បានបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមកបណ្តាលអោយមានអ្នករងរបួសធ្ងន់២និងស្រាលបីនាក់រត់ចោល ម៉ូតូ២គ្រឿងនៅកន្លែងកើតហេតុនៅកន្លែងលក់មីឆា ក្នុងបុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នាទីយប់ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ ។
យុវជនដែលមានគ្នា២នាក់មានឈ្មោះ ១ឈ្មោះ ធូ សុធា ភេទប្រុស អាយុ១៧ មុខរបរសិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសស្រាល និងម្នាក់ទៀតមានឈ្មោះ ហេង តេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសធ្ងន់ ។ ដោយឡែកខាងយុវជនដែលមានគ្នាបីមានឈ្មោះ ១.មានឈ្មោះ ម៉ៅ សុផាតរ៉ូសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសបែកក្បាលធ្ងន់ ២.ឈ្មោះ ស៊ុំ សុវណ្ណរត័្ន ភេទប្រុស អាយុ១៧ មុខរបរកម្មករធ្វើរោងបុណ្យ ស្នាក់នៅ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រងរបួសដៃខាងឆ្វេង ស្រាល ៣.ឈ្មោះ ភារម្យ បុព្វតា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ៣ ផ្ទះលេខ១៥៣ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ អត់មានរងរបួស ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២ក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿងទៅហូបមីឆានៅក្នងបុរីពិភពថ្មីចំការដូង តែពេលនោះមិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែឃើញយុវជនទាំង៥នាក់បានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលអោយមានអ្នករងរបួសក្បាលធ្ងន់២នាក់ស្រាលចំនួនបីនាក់ ហើយភ្លាមៗនោះអ្នករងរបួសធ្ងន់ត្រូវបានមិត្តភ័ក្ដិដឹកតាមម៉ូតូយកទៅព្យាបាលរបួសរៀងៗខ្លួន ដោយបានបន្សល់ទុកម៉ូតូ២គ្រឿងនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដង្កោ ។
តាមសម្ដីពីសមត្ថកិច្ចវិញបាននិយាយថា បន្ទាប់ពីទទួលបានហេតុការណ៍នេះ ពួកគាត់បានទៅកន្លែងកើតហេតុ បានយកម៉ូតូ២គ្រឿងយកទៅរក្សាទុកប៉ុស្តិ៍នគរបាលដង្កោ លុះបន្តិចក្រោយមក ពួកគាត់បានឃើញខាងយុវជនដែលគ្នាបីនាក់ត្រូវបានឪពុកម្តាយដឹកចេញពីដេររបួសនៅគ្លីនិកឯកជនម្ដុំផ្សារថ្នល់បត់ ជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ ទើបឈានទៅដល់ការឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោមបក្សពួក២នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោដូចគ្នា ដោយឡែកម្នាក់ទៀតកំពុងសំរាកព្យាបាលរបួសនៅគ្លីនិកឯកជន បាយ័ន ក្បាលថ្នល់ ។
នៅពេលសមត្ថកិច្ចសាកសួរយុវជដែលមានគ្នារពីរនាក់បាននិយាយថា ពួកគេមានគ្នាចំនួនពីរបានជិះម៉ូតូស្មាសមួយគ្រឿងទៅញុំាមីឆានៅក្នុងបុរីពិភពថ្មី ខណៈពេលកំពុងតែអង្គុយ ហូបស្រាប់តែមានខាងបុរសបីនាក់បានជិះម៉ូតូ២គ្រឿងម៉ាកMSX មួយគ្រឿង និងមួយគ្រឿងទៀតមិនចាំម៉ាក ពេលពួកគេទាំងនោះបានអង្គុយហូបមីឆាក្បែរគ្នាស្របពេលនោះក៍ស្រាប់តែបុរសម្នាក់ដែលជិះម៉ូតូMSX ដែលមកក្រោយគេបានទៅធាក់បុរសម្នាក់ក្នុងចំណោម២នាក់ដែលកំពុងអង្គុយហូបមីឆាមួយជើង ដោយបានបាននិយាយថា អ្នកណាគេវាយប្អូន
អញពីម្សិលមិញ ពេលនោះដែរពួកគេមិនតបតវិញនោះទេ ក៍បានសំរួលគ្នា តែសំរួលគ្នាអត់ត្រូវ ទើបពួកគេទាំងពីរនាក់បានហៅគ្នីគ្នាមកបន្ថែមទៀតធ្វើការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ដោយមានទាំងកាំបិត ដំបង និងសោចាក់ម៉ូតូ បណ្ដាលឲ្យខាងដែលមានគ្នាបីនាក់ រងរបួសបែកក្បាលម្នាក់និងស្រាល២នាក់ ដោយឡែកខាងពួកគេដែលមានគ្នា២នាក់វិញគឺរងរបួសដាច់ប្រហោងត្រចៀកខាងឆ្វេងធ្ងន់ត្រូវដឹងតាមរ៉ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរ
ពហុព្យាបាល បាយ័ន ហើយម្នាក់ទៀតរងរបួសមុខខាងស្តាំបន្តិច ហើយខំប្រឹងរត់គេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ចំនែកភាគីមានគ្នាបីនាក់វិញបាននិយាយថា ពួកគេបានមកហូបមីឆានៅក្នងបុរីពិភពថ្មី មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងទៅហូបមុន លុះហូបបានបន្តិច ពួកគេ២នាក់បានទូរស័ព្ទហៅគ្នាគេម្នាក់ទៀតដែលជិះម៉ូតូMSXមកហូបមីឆានៅកន្លែងកើតហេតុ ស្រាប់តែពេលនោះដែរ បុរសម្នាក់ដែរជិះម៉ូតូMSX បានទៅធាក់បុរសម្នាក់មួយជើង ព្រោះតែខឹងរឿងកាលពីថ្ងៃម្សិលមិញ បុរសដែលមានគ្នា២នាក់ នៅពេលចេញពីរៀន បានជិះម៉ូតូទៅបុករូបគេ ហើយមិនសុំទោសបែរជារកវាយរូបគេទៀត លុះថ្ងៃកើតហេតុ ស្រាប់តែពួកគេឃើញបុរស២នាក់កំពុងតែហូបមីឆា ក៏បានបញ្ចេញកំហឹង វាយប្រតាយប្រតប់គ្នាទៅមក បណ្តាលអោយពួកគេ រងរបួសបែកក្បាលម្នាក់ត្រូវមិត្តភ័ក្ដិដឹកនៅគ្លីនិកឯកជន ម្ដុំផ្សារថ្នល់បត់ អស់ចំនួន១១ថ្នេរ ចំនែកពីនាក់ទៀតរងរបួសស្រាល ហើយម៉ូតូMSX រងរបួសពួកគេមួយគ្រឿងត្រូវបានខាងដែរគ្នា២នាក់ យកកាំបិតមកកាំចិញ្ច្រាំ បណ្តាលអោយរងកាខូចខាតផងដែរ ។ បន្ទាប់ពីដេររងរបួសហើយ បុរសទាំងបីនាក់ត្រូវបានឪពុកម្តាយដឹកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោតែម្ដង ។
ដោយឡែក នៅចំពោះមុខសមត្ថកិច្ច គេបានឃើញ អកប្បកិរិយា របស់ឪពុកខាងយុវជន៣នាក់ ដែលគេដឹងថាជាយោធាបានជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងមកដល់ប៉ុស្តិ៍នគរបាលដង្កោបានជេរតិះដៀលទៅអោយខាងម្តាយនិងកូនៗយុវជន២ ថាពួកអាយួន តែខាងម្តាយយុវជនទាំង២នាក់មិនបានតប់សំដីមកវិញនោះទេ និងបាននិយាយថាអាងខ្សែប៉ុនណា ក៍គេមិនខ្លាចដែរ រួចហើយបុរសជាប្តីបាននិយាយទៅកាន់សមត្ថកិច្ចនូវពាក្យសំដីមិនសមរម្យ ពីព្រោះខឹងសមត្ថកិច្ចមិនអោយកូនគាត់ទៅពេទ្យ ស្គែនមើលក្បាល ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចារគ្នាអត់ត្រូវនោះ បានប្តឹងគ្នាទៅវិញទៅមក ដោយចោទប្រកាន់ថាមានរបួសស្នាមរៀងៗខ្លួន ដោយសារតែការចរចារគ្នាអត់ត្រូវ បក្សពួកទាំង២ក្រុមត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្ត ៕ ណន រ៉ាត់