Thursday, July 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានទំនើបបុកម៉ូតូ សង៧០០ដុល្លារ

ឡានទំនើបបុកម៉ូតូ សង៧០០ដុល្លារ

ភ្នំពេញ ៖ រថយន្តទំនើប ១គ្រឿង បានជ្រុលបុកម៉ូតូ ១គ្រឿង ពេញទំហឹង នៅចំណុចផ្លូវប្រសព្វ បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ហើយក្រោយមក ភាគីទាំងសងខាង បានចរចាគ្នាបញ្ចប់រឿង ដោយភាគីរថយន្ត បានសងសំណងទៅភាគីម៉ូតូ ចំនួន៧០០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសម្តេចសុធារស ចំណុចស្តុបនាគបាញ់ទឹក ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ  បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស្លាកលេខ រដ្ឋ 37 1-0110 ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចសុធារស ឆ្ពោះទៅស្តុបនាគបាញ់ទឹក គោលបំណងបត់ទៅវិថីព្រះសុរាម្រិត។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-0058 បើកបរតាមបណ្តោយវិថីព្រះសុរាម្រិត ទិសដៅពីកើត ទៅលិច រួចជ្រុលបុកម៉ូតូនៅផ្លូវប្រសព្វ បណ្តាលឱ្យម្ចាស់ម៉ូតូដួល រងរបួសធ្ងន់តែម្តង។

ភ្លាមនោះ ប្រជាពលរដ្ឋនាំគ្នាទាក់ទងហៅថយន្តសង្គ្រោះ ដើម្បីមកដឹកបុរសរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជាក់ស្តែងរថយន្ត បានរងការខូចខាតផ្នែកមុខខាងឆ្វេង ចំណែកម៉ូតូ ខូចខាតគួរសម។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ ចុះមកធ្វើការវាស់វែង និងបានឱ្យភាគីទាំងសងខាងជជែកដោះស្រាយគ្នា ដោយភាគីរថយន្ត ព្រមសងសំណង៧០០ដុល្លារ ទៅភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

RELATED ARTICLES