ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខសញ្ញា ជនសង្ស័យក្នុងករណី វាយ កាប់ ប្លន់ យកទ្រព្យសម្បត្តិតាមទីសាធារណៈ បង្កអសន្តិដុខក្នុងមូលដ្ឋាន ហើយត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ កម្លាំងតាមបណ្តាបុ៉ស្តិ៍រដ្ឋបាល ស្រាវជ្រាវ តាមបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់កន្លងមកថ្មីៗនេះ សរុបចំនួន៩នាក់ ក្នុងនោះមានម្នាក់ជាមេក្លោង បងធំប្រចាំក្រុមប្រព្រឹត្តល្មើសផងដែរ ។
តាមប្រសាសន៍លោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យបានប្រាប់ ឲ្យដឹងនាឱកាសនេះថា ក្រុមមជនសង្ស័យដែលតែងតែដើរធ្វើសកម្មភាព អុកឡុក បង្កអសន្តិសុខ ក្នុងមូលដ្ឋាន វាយ កាប់ ប្លន់ យកទ្រព្យសម្បត្តិអ្នកដទៃ បង្ករបួសស្នាម ទាំងនេះមានសមាស ភាពប្រមាណជិត២០នាក់ឯនោះ បង្កើតជាក្រុមមួយ ហៅហាបងតូចបងធំ ប្រមូលផ្តុំគ្នាធ្វើសកម្មភាព បទល្មើសក្នុងមូលដ្ឋាន ពិសេសនាពេលយប់ បង្កឲ្យភ័យខ្លាច ព្រួយបារម្មណ៍ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋស្លូតត្រង់ ហើយក៏មានជនរងគ្រោះច្រើននាក់ មកហើយដែរ ដែលក្រុមល្មើសទាំងនេះ ប្រដាប់ដោយដាវ កាំបិត ដំបង ធ្វើសកម្មវាយ ប្លន់កន្លងមក ។ លោកបន្តទៀតថា ក្រោមបញ្ជា របស់នាយអគ្គនគរបាលជាតិ បង្ក្រាប បង្កា ឲ្យទាន់ពេលវេលានូវរាល់បទល្មើស នានាកើតមានឡើង នៅក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដោយថាសេចក្តីសុខ របស់ប្រជាពលរដ្ឋក៏ដូចជសេចក្តីសុខរបស់កងកម្លាំងដែរ កងកម្លាំងកើតចេញពីប្រជាពលរដ្ឋ ហេតុនេះហើយទើបកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងតាមបណ្តាបុ៉ស្តិ៍រដ្ឋបាល និងកម្លាំងជំនាញ មកពីស្នងការក្រុង រួមគ្នាបើកយុទ្ធនាការស្រាវជ្រាវ តាមបង្ក្រាបចាប់មុខសញ្ញាខាង លើ ទីបំផុតកម្លាំងនគរបាល តាមបង្ក្រាបចាប់បានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៩នាក់ ក្នុងនោះមានម្នាក់ជាមេក្លោង បងធំប្រចាំក្រុមផងដែរ ។
បងធំប្រចាំក្រុមប្រព្រឹត្តបទល្មើសដែលឃាត់ខ្លួនបាននាពេលនេះ មានឈ្មោះ បូ៊ អាសេអូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ក្រោយពីបង្ក្រាបចាប់ខ្លួនជនសង្ស័យទាំង៩នាក់ ដលហូតបានវវត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ នៅផ្នែកជំនាញអធិការដ្ឋាន រហូតដល់ព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧នេះ ដោយមានការសម្របសម្រួលពីសំណាក់លោក កុល បុណ្យ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីជំនាញព្រហ្មទណ្ឌក្រុង មន្រ្តីជំនាញខណ្ឌ បានបង្ហាញមុខជនសង្ស័យ ក្នុងករណី វាយ កាប់ ប្លន់ ទាំង៩នាក់លើ ។
ក្រៅអំពីការឃាត់ខ្លួនមុខសញ្ញាខាងលើ បានចំនួន៩នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ហើយកម្លាំងជំនាញខណ្ឌ កម្លាំងពាក់ព័ន្ធ នឹងបន្តធ្វើការស្រាវជ្រាវ បន្ថែមទៀតដើម្បៅតាម ស្រាវជ្រាវ បក្ខពួករបស់ក្រុមប្រព្រឹត្តល្មើសនៅសេសសល់ ជាបន្តទៀត ៕