ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំប្រជុំគណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការគណៈ រដ្ឋមន្ត្រី។

យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ប្រចាំឆមាស ទី១ ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងអនុវត្តច្បាប់ បានធ្វើការបង្ក្រាបបទល្មើសគ្រឿង ញៀន សរុបចំនួន ៥១៨២/៥២២០ករណី ឃាត់ខ្លួន ១៣ ៤៥២/១២ ៩៦៥នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១ ៨៩០,៨៣គីឡូក្រាម សារធាតុគីមី ១៩ ១២៩,៣៥គីឡូក្រាម រួមនិងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត ដែលក្នុងនោះរួមមាន ៖

– ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣ ០៨៦ករណី ឃាត់ខ្លួន ៦ ០៧៩នាក់
– ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
– ករណីដាំដុះដំណាំកញ្ញា ៧ករណី ឃាត់ខ្លួន៨នាក់
– ចាត់ចែងសម្រួលឱ្យប្រើប្រាស់៩ករណី ឃាត់ខ្លួន៣២នាក់
– បើកបរក្រោមឥទ្ធិពលគ្រឿងញៀន១៦ករណី ឃាត់ខ្លួន២៦នាក់

– ករណីប្រើប្រាស់ ២ ០៥៦ករណី ឃាត់ខ្លួន ៧ ២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន៦០១នាក់ បញ្ជូនទៅ មណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ៦ ០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអា ណាព្យាបាល យកទៅបន្សាបព្យាបាលនៅតាមសហគមន៍ ចំនួន ៥៩១នាក់។

ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំង ចំនួន៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោង ចំនួន១១នាក់ ខ្សែរយៈបណ្តាញ ចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១ ៨២៨គីឡូក្រាម និង សារធាតុគីមីផ្សំសរុប ប្រមាណ១៨,៦១០គីឡូក្រាម៕