ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់ បានខ្យល់គស្លាប់ក្នុងបន្ទុប់ជួលបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ មិនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្លូវ៣០ម៉ែត្រក្នុងបន្ទុបជួលលេខ19hជាន់ទី៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សពបុរសរងគ្រោះខាងលើមានឈ្មោះហែម សុខនី អាយុ៣៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតខាងលើ មានស្រុកកំណើតនៅភូមិព្រែកតាសៅ ឃុំស្វាយទទៀល ស្រុកស្អាង ខេត្តកណ្ដាល។
បើតាមសម្ដីយុវជនម្នាក់មានឈ្មោះស៊ីម សុខខេង អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទុបជួលជាមួយគ្នានិងមានស្រុកកំណើតនៅភូមិកំពង់ចាម ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនៅ វេលាម៉ោង៧ព្រឹកថ្ងៃដដែលរូបគេបានក្រោកពីដេកមុនជនរងគ្រោះ ហើយបានដើរទៅហូបបាយនៅហាងខាងក្រោមដោយបានបបួលជនរងគ្រោះដែរ តែជនរងគ្រោះមិនក្រោក និងនឹកឃើញថាថ្ងៃ៨មិនាជាថ្ងៃសម្រាកជនរងគ្រោះចង់ដេកឲ្យ បានយូ ។
យុវជន ឈ្មោះស៊ីម សុខខេង បានប្រាប់បន្តថា លុះក្រោយពីរូបគេបានដើរមកពី ហូបបាយរួច នៅវេលាម៉ោងកើតហេតុ រូបគេឡើងមកដល់បន្ទប់វិញ ក៏បានដាស់ជនរងគ្រោះឲ្យក្រោកនិងបានអង្រួន តែពេលនោះជនរងគ្រោះបានស្លាប់បាត់ ទៅហើយ ។ បន្ទាប់មក ស៊ីម សុខខេង ក៏បានប្រាប់អ្នកជិតខាងនិងរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋានឲ្យដឹង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌបានចុះទៅដល់កន្លែងកើតហេតុរួចបានធ្វើកោសល្យវិឆ្ឆ័យបានចុះទៅពិនិត្យសាកសពខាងលើ បានប្រាប់អោយ ដឹងថាសពបុរសខាងលើពិតជាស្លាប់ដោយសារខ្យល់គ ប្រាកដមែន ដោយមិន ជាប់ពាក់ព័ន្ឋនិងករណីអ្វីនោះទេ ហើយសមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះឲ្យទៅ សាច់ញាតិយកទៅស្រុកំណើតធ្វើបុណ្យតាមប្រពៃណី៕