Sunday, July 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូអ្នកប្រដាល់ ប៉ោងមុខ១ សន្លប់១

លួចម៉ូតូអ្នកប្រដាល់ ប៉ោងមុខ១ សន្លប់១

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាទៅធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងផ្ទះរបស់ប្រ ជាពលរដ្ឋ ដោយមិនដឹងថា ម្ចាស់ម៉ូតូ គឺជាអ្នកប្រដាល់ លុះពេលកំពុងធ្វើសកម្មភាព ត្រូវម្ចាស់ម៉ូតូដឹង ដេញចាប់ ក្របួចជាប់ទាំង២នាក់ និងជ្រុលដៃវ៉ៃជនសង្ស័យម្នាក់ប៉ោងមុខ ចំណែកម្នាក់ទៀត ចុកឆ្អល់ សន្លប់ ត្រូវបានសមត្ថកិច្ចចុះចាប់វាយខ្នោះ ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីចោរលួចម៉ូតូនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៥ នៅជិតផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះ ជាម្ចាស់ម៉ូតូ ដែលជាអតីតអ្នកប្រដាល់ និងជាកូនសិស្សក្លឹបប្រដាល់ខ្លារខិន របស់លោកគ្រូ Ricky) បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនមិនទាន់ចាក់សោទ្វារផ្ទះ គ្រាន់តែបិទទ្វារធម្មតា ហើយនៅក្នុងផ្ទះ មានម៉ូតូ ចំនួន៣គ្រឿង លុះពេលសម្រាកនៅលើឡៅតឿ  ប្រទះឃើញជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-3768 ចតនៅខាងមុខផ្ទះ ទើបសង្ស័យ ក៏ឃ្លាំចាំមើល។

ជនរងគ្រោះ បានបន្តថា លុះបន្តិចក្រោយមក ជនសង្ស័យបានដើរចូលមកក្នុងផ្ទះ ដើម្បីលួចម៉ូតូ ដូចការសង្ស័យមែន ភ្លាមៗនោះ ខ្លួនបានឡើងទៅហៅបងប្រុសដែលដេកនៅជាន់ទី១  ដោយប្រាប់ថា មានជនសង្ស័យចូលមកលួចម៉ូតូ។ បន្ទាប់មក ទាំង២នាក់បងប្អូន បានចុះមកខាងក្រោម ឃើញជនសង្ស័យកំពុងព្យាយាមកាច់កម៉ូតូ ក៏ស្រែកថា ចោរ! ធ្វើឱ្យជនសង្ស័យ ផ្អើល រត់គេចខ្លួនភ្លាមៗ ប៉ុន្តែត្រូវបានដេញចាប់បានទាំង២នាក់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋជិតខាង ទប់កំហឹងមិនជាប់ ក៏ជ្រុលដៃជើងបន្តិចបន្តួច ធ្វើឱ្យជនសង្ស័យទាំង២នាក់ រងរបួសប៉ោងមុខម្នាក់ និងម្នាក់ទៀតសន្លប់។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី ចុះមកកន្លែងកើតហេតុ នាំជនសង្ស័យទាំង២នាក់ ទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES