Saturday, July 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងសម្លៀកបំពាក់ លក់ផលិតផលក្លែងក្លាយ

បង្ក្រាបហាងសម្លៀកបំពាក់ លក់ផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្ក្រាបហាងលក់សម្លៀកបំពាក់ យីហោ H Collection ទាំង៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលក់សម្លៀកបំពាក់ ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន HUGO BOSS AG ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយមានបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O។

ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញនិងដកហូតផលិតផលសម្លៀកបំពាក់ ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន អាវ ចំនួន១៨៤៣ មួក ចំនួន១២ ស្បែកជើង ចំនួន១៣២គូ ខោ ចំនួន២០ និងខោក្នុងបុរស ចំនួន១៨ ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំង រួមនិងបុគ្គលពាក់ព័ន្ធ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយបញ្ឈប់ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នូវផលិតផលក្លែងក្លាយ ឬក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេ សមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ជាក់ជាមិនខាន៕

RELATED ARTICLES