Saturday, July 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង ៣នាក់ បំផ្លា.../ញបង្គោល ចរាចរណ៍

បង្ក្រាបក្មេងទំនើង ៣នាក់ បំផ្លា…/ញបង្គោល ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ចំនួន៣នាក់ ដែលព្យាយាមទាញនិងធាក់បំបាក់បង្គោលចរាចរណ៍ (បង្គោលសុវត្ថិភាព)  រួចថតសកម្មភាពបង្ហោះតាមបណ្តាញសង្គម ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន។

ការឃាត់ក្មេងទំនើងទាំង៣នាក់ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលស្រុកថ្មពួក។

លោកអធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក មានក្មេងទំនើង ១ក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពធាក់បំបាក់បង្គោលការពារផ្លូវ ហើយមានអ្នកថតសកម្មភាពបង្ហាញ តាមបណ្តាញសង្គម ហ្វេសបុក និង Tik Tok ត្រូវបានមហាជនរិះគន់ក្មេងទំនើងទាំងនោះយ៉ាងខ្លាំង ដែលព្យាយាមបំផ្លាញទ្រព្យសាធារណៈ។

លោកអធិការ បានបន្តថា ក្រោយទទួលព័ត៌មាននេះហើយ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក បានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ ឈានទៅនាំខ្លួនក្មេងទំនើង ៣នាក់ មកអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពទាញនិងធាក់បង្គោលស៊ីម៉ងត៍ ការពារសុវត្ថិភាពតាមដងផ្លូវប្រាកដមែន តែមិនបានកាច់បំបាក់បង្គោលនោះទេ គ្រាន់ធ្វើសកម្មភាពថតបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក និង Tik Tok ប៉ុណ្ណោះ។

ក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលសង្គមស្អប់ខ្ពើម ពិសេសការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ៕

RELATED ARTICLES