
ភ្នំពេញ ៖ បណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថា ច្បាប់ដកសញ្ជាតិ មិនគួរប្រញាប់ធ្វើ ក្រោមឥទ្ធិពលនៃតណ្ហានោះទេ ព្រោះការធ្វើបែបនេះ ហាក់ដូចជាអគតិចំពោះអ្នកណាម្នាក់ ឬក្រុមណាមួយ ។ ម្យ៉ាងទៀត ការដកហូតសញ្ជាតិខ្មែរ នឹងដាក់ជនរងគ្រោះក្នុងស្ថានភាពអត់សញ្ជាតិ ដូចជនជាតិរ៉ូហ៊ីងយ៉ា នៅភូមា បង់ក្លាដែស និងជនជាតិបាជូ ជនជាតិពនេចរ រស់នៅលើទឹកសមុទ្រឥណ្ដូណេស៊ី ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ច្បាប់ដកសញ្ជាតិ : គេមិនគួរធ្វើច្បាប់ក្រោមឥទ្ធិពលនៃតណ្ហាដូចជាអគតិចំពោះអ្នកណាម្នាក់ ឬក្រុមណាមួយជាអាទិ៍ ព្រោះថា តាមទស្សនវិទូ អារីស្តូត (Aristotle) ច្បាប់ជាវិចារណញ្ញាណគ្មានតណ្ហា (Law is reason without passion) ។ ម្យ៉ាងទៀត បើមិនបានធ្វើនៅពេលបោះឆ្នោត សម្រាប់អាណត្តិនេះទេ គេគួរដាក់គម្រោងធ្វើច្បាប់នេះ ក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតអណត្តិក្រោយ ដើម្បីឲ្យមានការជជែកពិភាក្សាទូលំទូលាយ និងឲ្យច្បាប់នេះឆ្លុះបញ្ចាំងឆន្ទ:របស់ប្រជាពលរដ្ឋ ឲ្យបានច្រើន ព្រោះតាមរដ្ឋធម្មនុញ្ញខ្មែរ ឆ្នាំ១៩៤៧ ច្បាប់ ជាសេចក្តីសម្តែងឆន្ទ:របស់ប្រជាជាតិ ។ ប្រហែលច្បាប់នេះ មិនប្រញាប់ណាស់ណាទេមើលទៅ“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបន្ថែមថា “ការដកហូតសញ្ជាតិខ្មែរ នឹងអាចដាក់ជនរងគ្រោះក្នុងស្ថានភាពអត់សញ្ជាតិ (ជាភាសាអង់គ្លេស stateless ឬជាភាសាបារាំង apatride) ដូចជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) នៅភូមា-បង់ក្លាដែស និងជនជាតិបាជូ (Bajau) ជនជាតិពនេចរ រស់នៅលើទឹកសមុទ្រឥណ្ឌូនេស៊ី“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថាការធ្វើច្បាប់ដកសញ្ជាតិ ក្នុងចេតនាដើម្បីតែបានផលប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួករបស់ខ្លួន លោភលន់ ពង្រីកអំណាចខ្លួនឯង ខឹងសម្បានឹងអ្នកដទៃ រកវិធីកម្ចាត់អ្នកដទៃដែលប្រឆាំងខ្លួន ស្ពប់ខ្ពើម រើសអើង គុំកួនសងសឹក ដោយមិនធ្វើតាមឬគោរពឆន្ទៈរបស់ប្រជាពលរដ្ឋទាំងមូលនោះ ចាត់ចូលជាការធ្វើក្រោមឥទ្ធិពលនៃតណ្ហាហើយ ។ ដូច្នេះមិនគួរប្រញាប់ធ្វើទេ ហើយបើបានជាធ្វើទៅហើយ ក៏ត្រូវតែឲ្យមានចែងលម្អិតច្បាស់លាស់ តើជនជាតិខ្មែរ នៅសល់សិទ្ធិអ្វីខ្លះ ប្រសិនបើបានដកសញ្ជាតិគាត់ ដោយចោទពីទោសក្បត់ជាតិ ឬគប់គិតជាមួយបរទេសនោះ?
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ច្បាប់ហ្នឹង តាមនិយមន័យរបស់អ្នកប្រាជ្ញ អារីស្ដូត ហ្នឹង គឺជាវិចារណញ្ញាណអត់តណ្ហាហ្នឹង គ្មានតណ្ហា ។ បើកាលណាយើងមានវិចារណញ្ញាណ ការគិតរបស់យើង ប៉ុន្តែបើគិតហើយ អត់មានផលប្រយោជន៍អី មួម៉ៅអ្នកណា ធ្វើច្បាប់ដើម្បីតម្រង់ទៅក្រុមណា អ្នកណាហ្នឹង គឺមិនត្រូវនឹងនិយមន័យរបស់គាត់ទេ គឺយកច្បាប់ហ្នឹងឲ្យអព្យាក្រឹត កុំឲ្យមានអារម្មណ៍ឡូកឡំ គឺច្បាប់ហ្នឹង អនុម័តតាមរបបសភា តាមរបបប្រធានាធិបតី អីចេះតែទៅបាន ក៏ប៉ុន្តែវាអត់ឆ្លុះបញ្ចាំងអំពីវិចារណញ្ញាណរបស់មនុស្ស ។ បានន័យថា ក្រោមឥទ្ធិពលនៃតណ្ហា មានដូចជាការលោភលន់ ជាតណ្ហាមួយហើយ តាមធម៌ព្រះ ធ្វើច្បាប់ហ្នឹង ដើម្បីផលប្រយោជន៍ខ្លួនឯង ឬក៏ពង្រឹងអំណាចខ្លួនឯង អាហ្នឹងក៏តណ្ហាដែរ ឬមួយក៏ខឹងសម្បានឹងអ្នកណាៗ អញមានអំណាច ធ្វើច្បាប់អីអ៊ីចឹងទៅ អញមានចំនួនគ្រប់អីអ៊ីចឹងទៅ ហើយបើច្បាប់ហ្នឹងមានឋានៈខ្ពស់ ដូចជារដ្ឋធម្មនុញ្ញហ្នឹង អាច្បាប់ហ្នឹងគឺជាច្បាប់របស់ជាតិទាំងមូល ជាឆន្ទៈរបស់ប្រជាពលរដ្ឋទាំងមូល ប៉ុន្តែឲ្យចំនួនគ្រប់គ្នា គ្រប់មួយរយភាគរយ អត់ទៅរួចទេ គឺតាមភាគច្រើនអ៊ីចឹងទៅ គេសន្មតអ៊ីចឹង ហើយជួនកាលសូម្បីភាគច្រើនហ្នឹងក៏មានតណ្ហាដែរ ព្រោះជាការខឹងនឹងក្រុមណាអីក្រុមណាទៅ ភាគតិច ភាគច្រើនអីអ៊ីចឹងទៅ ឬមួយក៏ជនជាតិនេះ ជនជាតិនោះ មានការស្អប់ខ្ពើមគ្នាអីអ៊ីចឹងៗ រើសអើងអីអ៊ីចឹង ធ្វើច្បាប់អ៊ីចឹងទៅ អាហ្នឹងចាត់ចូលក្នុងតណ្ហាដែរ ហើយកន្លងទៅនេះ ខ្ញុំសង្កេតឃើញច្រើនមានតណ្ហា ពេលធ្វើច្បាប់ម្ដងៗហ្នឹង ខ្ញុំមូលហេតុនៃការធ្វើច្បាប់ហ្នឹង ដូចមានផលប្រយោជន៍ ដែលឲ្យតែមានផលប្រយោជន៍ គឺទាក់ទងនឹងតណ្ហាហើយ អាហ្នឹងគឺអ៊ីចឹងឯង ព្រោះជាក្រុម បុគ្គល មិនមែនជាតិទាំងមូលទេ ។ ក្នុងចំណុចនេះ បើតាមខ្ញុំដឹង ដូចយើងមានច្បាប់គ្រប់គ្រាន់ហើយ ដើម្បីដាក់ទណ្ឌកម្ម រឿងក្បត់ជាតិ រឿងអី ដែលខ្ញុំសូមបើកវង់ក្រចកបន្តិចចុះថា យើងនេះដូចជាជ្រើមនឹងអាពាក្យក្បត់ជាតិហ្នឹង វាអត់ត្រូវទេ ក្បត់ជាតិហ្នឹង ធ្ងន់ណាស់ណា! យើងមិនអាចយកមកលេងសើចអីអ៊ីចឹងបានទេ ខ្ញុំអត់ចូលចិត្តទេ ពាក្យខ្លះ គឺយើងកុំប្រើ ដូចយើងជេរប្រមាថគ្នាអ៊ីចឹង អានេះ អានោះ ហៅអ្ងែង ហៅអ្ហែង ជាសាធារណៈ វាមិនសមទេ ព្រោះជាជាតិមួយ អាហ្នឹងឆ្លុះបញ្ចាំងជាតិយើងណា! ជាចរិតជាតិយើង ឬក៏គ្រោះវិបត្តិជាតិយើង ជាតិទាំងមូលណា!“ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ចំពោះអ្វីដែលខ្ញុំលើកឡើងថា ការដកហូតសញ្ជាតិខ្មែរ នឹងអាចដាក់ជនរងគ្រោះក្នុងស្ថានភាពអត់សញ្ជាតិ ដូចជនជាតិរ៉ូហ៊ីងយ៉ា នៅភូមា បង់ក្លាដែស និងជនជាតិបាជូ ជនជាតិពនេចររស់នៅលើទឹកសមុទ្រឥណ្ឌូនេស៊ី គឺខ្ញុំចង់បញ្ជាក់អ៊ីចេះថា ពាក្យថាបាត់សញ្ជាតិហ្នឹង អត់សញ្ជាតិហ្នឹង គឺខ្ញុំរៀនតាំងពីចប់ឌីប្លូម និងទៅរៀនច្បាប់ ដើម្បីធ្វើការនៅសាលាភូមិន្ទរដ្ឋបាល ម្ល៉េះ ហើយគ្រូបារាំង គេបង្រៀនអំពីច្បាប់អន្តរជាតិ ហើយដល់កន្លែងមួយ គឺខាងសហគមន៍អន្តរជាតិ គេមិនចង់ឲ្យជនជាតិណាអត់សញ្ជាតិទេ ហើយក៏ខ្ញុំហ្នឹងជួបប្រទះផ្ទាល់ដែរ ពីរឿងសញ្ជាតិហ្នឹង គឺបើនិយាយពីស្ថានភាពជាក់ស្ដែង ក្នុងចំណោមខ្មែរយើងហ្នឹង គឺមានអ្នកខ្លះ មានសញ្ជាតិពីរ ហើយបើដកសញ្ជាតិខ្មែរទៅ វាអត់អីទេ ក៏ប៉ុន្តែខ្ញុំអត់ច្បាប់ហ្នឹងទេ គ្រាន់តែដឹងខ្លះៗហ្នឹង គឺដូចជាករណីលោករ៉ុង ឈុន ហ្នឹង មានទោសដើម ហើយអានេះជាអនុទោស ហើយប្រហែលជាអ៊ីចឹងដែរ តាមមើលទៅ ដែលក្បត់ជាតិហ្នឹង យើងដាក់ទោសយ៉ាងច្រើនបំផុត ខ្មែរយើងហ្នឹង តែ២៥ឆ្នាំទេ អត់មានទោសប្រហារជីវិតទេ ម្ល៉ោះហើយថែមថា ដកសញ្ជាតិ ។ ដល់ដកសញ្ជាតិទៅហ្នឹង បើសិនជានៅស្រុកខ្មែរ ហើយអត់មានសញ្ជាតិ ហើយអ្នកក្រៅដែលមិនទាន់មានសញ្ជាតិ បើដកទៅហ្នឹង ហៅថា អត់សញ្ជាតិហើយ ហើយមិនដឹងជាច្បាប់នៅប្រទេសដែលអ្នកទាំងអស់ហ្នឹងរស់នៅហ្នឹង មានចែងយ៉ាងម៉េច ខ្ញុំអត់ដឹងទេ ក៏ប៉ុន្តែគេមិនចង់ឃើញមនុស្សនៅស្រុកគេ អត់សញ្ជាតិទេ អាហ្នឹងគឺតាមខ្ញុំដឹង ។ ករណីខ្ញុំផ្ទាល់ហ្នឹងអ៊ីចឹង គឺកាលពីខ្មែរក្រហម ឡើងកាន់អំណាចហ្នឹង ខ្ញុំនៅក្រៅប្រទេស នៅប្រទេសអង់គ្លេស ។ នៅប្រទេសអង់គ្លេស គេលែងទទួលស្គាល់ប៉ាស្ព័រយើងហើយ លិខិតឆ្លងដែនយើងហើយ ក៏ប៉ុន្តែគេចេញប៉ាស្ព័រជនភៀសខ្លួន ឲ្យកាន់ ដើម្បីដើរទៅណាមកណា ។ ដល់អ៊ីចឹងទៅ ខ្ញុំបារម្ភក្រែងលោអ្នកដែលមិនទាន់មានសញ្ជាតិពីរ នៅបរទេសហ្នឹង គឺបើកាលណាដាក់ទោសក្បត់ជាតិទៅ ហើយដកទៀត គឺគ្នាហ្នឹងតែលតោលហើយ អត់មានសញ្ជាតិទេ ។ ឯអ្នកក្នុងប្រទេស រួចពីទោស ឬមានការលើកលែងទោសអី លើកលែងទាំងអស់ ឬមួយក៏លើកលែងអារឿងដកសញ្ជាតិហ្នឹង គេផ្ដល់សញ្ជាតិទៅវិញ ឬមួយយ៉ាងម៉េច? ឧបមា ២០ឆ្នាំ រួចទោសមក វាអត់សញ្ជាតិ តើមិនដឹងគ្នាមានសិទ្ធិអីខ្លះ សិទ្ធិដែលនៅក្រៅពីសញ្ជាតិហ្នឹង? ព្រោះអស់សញ្ជាតិហើយ ងេមង៉ាមហើយ និយាយភាសាសាមញ្ញ ។ អាហ្នឹងយើងអាចនិយាយអ៊ីចឹងបានថាក្លាយជាជនជាតិភាគតិចដែរ ក៏ប៉ុន្តែជនជាតិភាគតិច ក៏មានសញ្ជាតិខ្មែរ មានអីដែរ ។ ដូច្នេះអ្នកអត់សញ្ជាតិ គឺអ្នកតែលតោល អត់មានសញ្ជាតិពិតប្រាកដ មិនដឹងជាស្អី ខ្មែរមិនខ្មែរ គ្រាន់តែជាមនុស្ស“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ងាកមករឿងក្រោមឥទ្ធិពលនៃតណ្ហាវិញ ខ្ញុំអត់ប្រឆាំងទេ ការធ្វើច្បាប់ហ្នឹង (ច្បាប់ដកសញ្ជាតិ) ក៏ប៉ុន្តែយើងកុំធ្វើតក់ក្រហល់ដូចរបៀបអ៊ីចឹង ដែលនាំឲ្យគេអាចថា អាហ្នឹងមកពីមានតណ្ហាហើយ ដែលខ្ញុំបានរៀបរាប់ខាងដើមហ្នឹង អាហ្នឹងវាអត់សមស្របនឹងនិយមន័យច្បាប់ហ្នឹងទេ ហើយមួយទៀត បើប្រទេសប្រជាធិបតេយ្យ អាច្បាប់ហ្នឹងសំខាន់ណាស់ អារឿងដកសញ្ជាតិនេះណា ត្រូវឲ្យជាតិហ្នឹងដឹងឮ ហើយជជែកគ្នា ។ ដូច្នេះគណបក្សណាដែលលើកឡើងរឿងថា ត្រូវធ្វើច្បាប់ហ្នឹង គឺដាក់ទៅក្នុងកម្មវិធីនយោបាយហ្នឹងទៅ នៅពេលបោះឆ្នោត ឲ្យប្រជាពលរដ្ឋដឹងឮ ហើយជជែកគ្នាទៅ រួចដល់ឈ្នះទៅ អាហ្នឹងដាក់ក្នុងកម្មវិធីធ្វើច្បាប់ទៅ លេខ១ លេខ២ លេខ៣ ហូរហែអ៊ីចឹងទៅ ឲ្យសភា អនុម័តទៅ ហើយខ្ញុំមានតែសំណូមពរអ៊ីចឹងទេ ខ្ញុំអត់ប្រឆាំងទេ ។ និយាយជារួមទៅ អត់អីទេ ដើម្បីឲ្យឆ្លងកាត់រឿងតណ្ហាហ្នឹងបាន គឺយើងដាក់ទៅប្រជាពលរដ្ឋទៅ បើប្រជាពលរដ្ឋយល់ថា មានផលប្រយោជន៍សម្រាប់ជាតិ អាហ្នឹងគេអនុម័តទៅ អាហ្នឹងយើងអស់រឿងតណ្ហាហើយ។ ហើយខ្ញុំសុំបន្ថែមបន្តិចដែរ ឃើញគេធ្វើអត្ថាធិប្បាយនៅក្នុងទិកតុក គេថា នៅជប៉ុន អ្នកណាចាប់ពង្រាត់ក្មេងៗ មានទោសធ្ងន់ ហើយគេអាចដកសញ្ជាតិជនជាតិជប៉ុនដែលប្រព្រឹត្តបទល្មើសចាប់ពង្រាត់ក្មេង យកទៅលក់ដូរអីនោះ អាហ្នឹងគេដាក់ទោសធ្ងន់ណាស់់ ហើយថែមទាំងទោសដកសញ្ជាតិហ្នឹងទៀត។ ប៉ុន្តែដកសញ្ជាតិហ្នឹងហើយ គេឲ្យរស់នៅអ៊ីចឹង ប៉ុន្តែអត់សញ្ជាតិតែប៉ុណ្ណឹងទេ ដូចអ្នកឯទៀតៗអ៊ីចឹង រកស៊ីធម្មតាបាន បើមិនអ៊ីចឹងទេ ឲ្យគ្នារស់ម៉េចកើត បើមិនឲ្យគ្នាមានសិទ្ធិរកស៊ីធ្វើការ មានសិទ្ធិរកលុយកាក់ ធ្វើផ្ទះសម្បែង មានកម្មសិទ្ធិឯកជនអីហ្នឹង ហើយនិងការពារគ្នា បើអត់មានសញ្ជាតិហើយ អ្នកណាវ៉ៃតប់អីក៏បាន មិនកើតទេ លួចប្លន់អី មិនកើតទេ ។ ដូច្នេះរដ្ឋហ្នឹង ត្រូវការពារគេ ការពារបុគ្គលផងខ្លួន ការពារទ្រព្យសម្បត្តិគេ ហើយឲ្យមានសិទ្ធិទៅធ្វើការរកស៊ី មានកម្មសិទ្ធិ មានលុយកាក់អីធម្មតាទៅ ហើយរឿងអ៊ីចឹងៗ គេត្រូវធ្វើលម្អិតបន្តិច ច្បាប់ហ្នឹង ។ លម្អិតយ៉ាងម៉េច? គឺក្នុងស្ថានភាពអត់សញ្ជាតិនៅស្រុកខ្មែរ តើអ្នកហ្នឹងនៅមានសិទ្ធិអីខ្លះ? អ៊ីចឹងយើងអត់សុខចិត្តទេ យើងធ្វើច្បាប់អី គឺយកតែគោលៗ ហើយយកទៅបកស្រាយទៅ ដូចខ្ញុំឧស្សាហ៍លើកណាស់រឿងបកស្រាយហ្នឹង ដូចខ្ញុំសួរទៀតថា តើជាប់គុកហ្នឹង គេបាត់សិទ្ធិអីខ្លះ? ដូចយើងនេះ តែដាក់គុក គឺជាប់គុកហើយ មិនដឹងថាខ្លួនឯងបាត់សិទ្ធិអី ហើយអាជ្ញាធរហ្នឹង អត់ប្រាប់ថា បាត់សិទ្ធិអីខ្លះទេ ។ ដូច្នេះក្នុងករណីនេះ គួរតែធ្វើឲ្យលម្អិតថា តើបាត់សិទ្ធិអីខ្លះ? នៅមានសិទ្ធិអីខ្លះ?…” ។
ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលបានចេញសេចក្ដីថ្លែងការណ៍មិនគាំទ្រការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីកំណើតនោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា អ្វីដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ច្បាប់ដកសញ្ជាតិខ្មែរ មិនគួរប្រញាប់ធ្វើក្រោមឥទ្ធិពលនៃតណ្ហានេះ គឺតណ្ហានៃអំណាចហួសព្រំដែន អំណាចគ្របដណ្ដប់ឥទ្ធិពលនៃស្ថាប័នជាតិ ធ្វើឲ្យបាត់នូវតុល្យភាពនៃអំណាច ជាហេតុធ្វើឲ្យគណបក្សជំនាន់ថ្មី ក៏ដូចជារូបលោកផ្ទាល់ ជាប្រធានគណបក្ស មិនគាំទ្រឲ្យមានច្បាប់នេះទេ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! ខ្ញុំស្របទៅតាមគតិបណ្ឌិតរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ព្រោះអ្វីៗក្នុងការដែលធ្វើឲ្យប្រទេសមានស្ថិរភាព អស្ថិរភាព ធ្វើឲ្យប្រទេសហ្នឹងមានលំនឹងនៃការគោរពច្បាប់ ហើយឲ្យរដ្ឋធម្មនុញ្ញហ្នឹងមានសក្ដានុពល ជារដ្ឋធម្មនុញ្ញមួយដែលមិនទន់ខ្សោយក្នុងការដែលយើងប្រើអំណាចហួសព្រំដែន ហើយចេះតែកែវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ជាច្រើនដង គឺថាអាហ្នឹងវាជាលំនឹងនៃច្បាប់ នៃនីតិរដ្ឋ ។ ស្ថាប័នជាតិមួយ ដែលយើងឲ្យតម្លៃ គឺយើងត្រូវគោរពច្បាប់ប្រទេស ច្បាប់របបប្រជាធិបតេយ្យ ពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពនយោបាយ ការបញ្ចេញមតិអីៗហ្នឹង គឺសុទ្ធតែជាសំណុំគ្រឹះមួយដែលយើងត្រូវយកច្បាប់ជាគោល ច្បាប់នៅពីលើកំពូលនៃឆត្ររបស់ប្រទេសជាតិ ។ អ៊ីចឹងអ្វីដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ លើកថា ច្បាប់ដកសញ្ជាតិខ្មែរ មិនគួរប្រញាប់ធ្វើក្រោមឥទ្ធិពលនៃតណ្ហាហ្នឹង គឺតណ្ហានៃអំណាចហួសព្រំដែន អំណាចគ្របដណ្ដប់ឥទ្ធិពលនៃស្ថាប័នជាតិ ។ ស្ថាប័នជាតិ យើងដឹងហើយ នីតិរដ្ឋហ្នឹង នីតិប្បញ្ញតិ នីតិប្រតិបត្តិ នីតិតុលាការ មិនអាចអ្នកណារំលោភទៅលើអំណាចណាមួយទេ គឺតុល្យភាពនៃអំណាច ។ អ៊ីចឹងយើងមើលថា ការធ្វើច្បាប់ប្រទេសមួយៗ ដែលវាងាយនឹងរងគ្រោះសម្រាប់ប្រទេសជាតិ សម្រាប់ប្រជារាស្រ្ត គឺគេមិនធ្វើបែបតក់ក្រហល់អ៊ីចឹងទេ ប្រើដោយអំណាចបុគ្គលណាមួយគ្របដណ្ដប់ទៅនឹងស្ថាប័នជាតិ គ្របដណ្ដប់ទៅនឹងនីតិរដ្ឋ អំណាចហួសព្រំដែនហ្នឹង វាធ្វើឲ្យបាត់នូវតុល្យភាពនៃអំណាច Check and Balance ហ្នឹង វាអត់មានតុល្យភាពនៃអំណាច ។ អ៊ីចឹងហើយយើងឃើញថា ការដែលយើងធ្វើច្បាប់ គ្រាន់តែការស្រែក ១ថ្ងៃ ២ថ្ងៃ ដោយអ្នកមានអំណាចកំពូលនៃបក្សកាន់អំណាច ស្រាប់តែច្បាប់ចេញ មិនបាន១សប្ដាហ៍ផង សឹងតែចូលទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអី ផ្ទៀងផ្ទាត់អីហើយ ទៅដល់ព្រះប្រមុខរដ្ឋ ព្រះមហាក្សត្រហ្នឹង ឡាយព្រះហស្តលេខាទៅទៀត ខ្ញុំថាមើលទៅដូចជាមិនដល់ពេល១ខែទេ ច្បាប់ហ្នឹងនឹងអាចចេញហើយ ព្រោះអង្ករក្លាយជាបាយ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងប្រទេសជាតិមួយៗ កុំឲ្យមានការបែកបាក់ កុំឲ្យមានហានិភ័យ គ្រោះថ្នាក់ មិនត្រឹមតែជាតិ និន្នាការបក្សនយោបាយ ឯកភាពជាតិក៏មិនមាន មានតែតែការបែកបាក់ផ្ទៃក្នុងជាតិ ហើយការរើសអើងនិន្នាការគណបក្សនយោបាយ អាគំនុំបុគ្គលនៃបក្សនយោបាយ ដើរផ្ទុយពីរបបប្រជាធិបតេយ្យសេរីពហុបក្ស អ៊ីចឹងហើយអាទាំងអស់ហ្នឹងហើយដែលគ្រោះថ្នាក់ គឺគ្រោះថ្នាក់ប្រទេសជាតិ គ្រោះថ្នាក់ប្រជារាស្រ្ត ហើយវាមិនមានសង្ឃឹមទៅនឹងអ្វីដែលជាយុត្តិធម៌ តម្លាភាព សុចរិតភាពនយោបាយ ឬវាអាចធ្វើឲ្យគ្រោះថ្នាក់ដោយការលម្អៀង ការអនុវត្តច្បាប់ស្ដង់ដារពីរ នៃនិន្នាការបក្ស នៃឥទ្ធិពលអ្នកនយោបាយនៃបក្សកាន់អំណាច ដែលធ្វើតាមតែគំនុំបុគ្គល ហើយយើងអត់មានពិគ្រោះយោបល់ ឲ្យគំនិត ពហុគំនិត នៃអ្នកច្បាប់ បក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិហ្នឹង គេត្រូវផ្ដុំនៃពហុគំនិត នៃចំណេះចេះដឹងហ្នឹងយកមកពិភាក្សាគ្នា ធ្វើសមាជ ស្ទង់មតិ ដើម្បីធ្វើយ៉ាងម៉េចកុំឲ្យវាមានការមិនទទួលម្ខាងដែលឈ្នះឬក៏ចាញ់ យើងអត់ចង់ឮអាច្បាប់ដែលមានអ្នកឈ្នះ មានអ្នកចាញ់ហ្នឹង យើងឃើញថា ចង់បានច្បាប់មួយដែលឯកភាពទាំងអស់គ្នា អាចទទួលយកបានក្នុងការគោរពអនុវត្ត ចៀសវាងនិន្នាការនយោបាយ ឥទ្ធិពលនយោបាយគ្របដណ្ដប់ទៅលើស្ថាប័នជាតិមួយ ធ្វើឲ្យស្ថាប័នជាតិអត់មានលំនឹង ពិសេសអាវិសោធនកម្មរដ្ឋធម្មនុញ្ញ កម្សោយនៃច្បាប់ ការអនុវត្តអត់បានមានប្រសិទ្ធភាពសម្រាប់ស្ដង់ដារមួយ» ។
លោកមាជ សុវណ្ណារ៉ា បន្តថា «អ៊ីចឹងអាហ្នឹងហើយជាគ្រោះថ្នាក់ដល់ជាតិ ដែលយើងចង់ឃើញការពិគ្រោះ ការពិភាក្សា ការជជែកជាសមាជ ផ្ដល់ជាគំនិត កុំឲ្យមានការគិតផ្ទុយគ្នា ហើយមិនបានអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងច្បាប់នៃយើងទាំងអស់គ្នា ក្រៅតែពីច្បាប់អនុវត្តតែគំនុំបុគ្គលនយោបាយ អ្នកជំនាន់ចាស់ យើងមើលឃើញដូចជាច្បាប់ឯកពន្ធភាព ប្រពន្ធមួយ ប្រពន្ធពីរ តើមានបានយកមកអនុវត្តទេ រយៈពេលជាង១០ឆ្នាំនេះ? ក្រៅតែពីសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា ហើយច្បាប់នេះគឺហាក់បីដូចជាមានគំនុំនយោបាយ គុំកួនទៅដល់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី នៅឯក្រៅប្រទេសទៅទៀត ។ អ៊ីចឹងហើយ អាទាំងអស់ហ្នឹងវាពាក់ព័ន្ធ ។ ខ្ញុំឯកភាព បើសិនជាច្បាប់មួយ គោរពបានស្មើភាពគ្នា អនុវត្តដោយមិនរើសអើងនិន្នាការបក្ស មិនប្រើឥទ្ធិពលនយោបាយគ្រប់ដណ្ដប់ស្ថាប័ន ជាពិសេសនីតិរដ្ឋហ្នឹង គឺថាខ្ញុំមិនគាំទ្រ បក្សជំនាន់ថ្មី គោលការណ៍ទាំង១០ហ្នឹង គឺថា មិនគាំទ្រនូវមនោគមន៍វិជ្ជាជ្រុលនិយម ឬហិង្សាណាដែលធ្វើឲ្យជាតិបែកបាក់ ធ្វើឲ្យខ្មែររងគ្រោះ ហើយប្រព្រឹត្តនូវអ្វីដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ គឺថា បក្សជំនាន់ថ្មីអត់គាំទ្រទេ ប៉ុន្តែសុំឲ្យមានយុត្តិធម៌ត្រឹមត្រូវ ចៀសវាងបំផ្លាញអ្នកប្រជាធិបតេយ្យ គណបក្សនយោបាយណាផ្សេង ដែលគេអនុវត្តគោរពតាមនីតិរដ្ឋ គោរពច្បាប់នៅក្រសួងមហាផ្ទៃ ច្បាប់បង្កើតគណបក្សនយោបាយ ច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដោយមិនប្រព្រឹត្តនូវអ្វីដែលធ្វើឲ្យជាតិរងគ្រោះ ភាពបែកបាក់ ប្រជារាស្រ្តឈឺចាប់ ភាពអយុត្តិធម៌អីហ្នឹងជាដើម“ ។

គួរបញ្ជាក់ថា សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយគប់គិតជាមួយបរទេស ត្រូវបានរដ្ឋសភា អនុម័តជាឯកច្ឆន្ទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ និងព្រឹទ្ធសភា អនុម័តទាំងស្រុង នៅក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ៥៨សំឡេង ក្នុងកូរ៉ុម ៦០រូប។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា នាថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩និង៣០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៦០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើសេចក្តី ស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីស្នើច្បាប់ធម្មនុញ្ញនះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេស ការតម្កល់ផលប្រយោជន៍ជាតិជាធំ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិ ត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
ទន្ទឹមនឹងនេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញនះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដើម្បីធានានិង ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិត ជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជានេះ បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ ក្នុងការពង្រឹងកិច្ចការពារជាតិ ស្របតាមស្តង់ដារ និងនិយាមអន្តរជាតិ។
គួរធ្វើការកត់សម្គាល់ផងដែរថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងតែប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្តែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។
ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ ក៏មិនមែនជារឿងចម្លែក ឬជារឿងថ្មីដែលទើបកើតមានលើកទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា នោះទេ។ ផ្អែកតាមការសិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជា ក៏មានច្បាប់កំណត់អំពីការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពីបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។ មិនតែប៉ុណ្ណោះ នៅបណ្តាប្រទេសជាច្រើន ដូចជា បារាំង អាម៉េរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្សិក ឥណ្ឌា សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ ។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ព្រះបាទព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការច្បាប់ដកសញ្ជាតិ ។
យោងតាមព្រះរាជក្រម ចុះថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារថា “បានប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖
ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
មាត្រាមួយ
មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
មាត្រា៣៣ (ថ្មី)
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
មាត្រាពីរ
ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់។ នេះជាខ្លឹមសានៃមាត្រាពីរ នៃច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា “ ៕
កុលបុត្រ