Monday, July 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនវ៉ៃគ្នាក្នុងឡានក្រុង រេចង្កូតបុករបាំងថ្ម បាក់៤កង់

ចិនវ៉ៃគ្នាក្នុងឡានក្រុង រេចង្កូតបុករបាំងថ្ម បាក់៤កង់

ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ដឹកជនជាតិចិន ជាច្រើននាក់ មិនដឹងថាគោលដៅទៅណានោះទេ ស្រាប់តែក្រោយ មកជនជាតិចិន ដែលជិះក្នុងរថយន្តក្រុង បានផ្ទុះជម្លោះវ៉ៃតប់គ្នា រហូតធ្វើឱ្យរថយន្តក្រុងនោះ រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ៤កង់ ស្រាប់តែភ្លាមនោះ ទាំងអ្នកបើកបរថយន្ត និងជនជាតិចិន នាំគ្នាចុះរត់ប្រសាច គេចបាត់អស់ នៅសល់តែជនជាតិចិន ម្នាក់ មិនដឹងជាមានរឿងអ្វី បែរជាកាន់អំបោសជាប់ដៃ ដេញវាយអ្នកដំណើរពេញផ្លូវទៅវិញ  ទើបត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនយកទៅសាកសួរភ្លាមៗ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3E-3443 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើង ទៅត្បូង ដោយល្បឿនយ៉ាងលឿន។ បន្ទាប់មក ស្រាប់តែរថយន្តនោះរេចង្កូតទៅផ្នែកខាងឆ្វេង ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ទាំងកំរោល បណ្តាលខូចខាតអស់ចំនួន៤កង់ ហើយពេលនោះ ស្រាប់តែមានជនជាតិចិន ជាច្រើននាក់ បាននាំគ្នារត់ចុះពីលើរថយន្ត នៅសល់តែអ្នកបើកបរម្នាក់ និងជនជាតិចិនម្នាក់ បានរងរបួស។ ចំណែកអ្នកបើកបរ គេចខ្លួនបាត់បន្តទៀត ដោយនៅសល់ជនជាតិចិន ម្នាក់ បានយកដងអំបោសជ័រ ដេញវាយបងប្អូនប្រជាពលរដ្ឋអ្នកដំណើរ និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ។

ក្រោយពីសមត្ថកិច្ចនាំយកទៅសាកសួរ បុរសជាជនជាតិចិន ម្នាក់ខាងលើ បាននិយាយប្រាប់ថា គាត់ត្រូវគេវាយ ហើយជនបង្កហេតុ បាននាំគ្នារត់គេចខ្លួនអស់។

លុះក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌទួលគោក បានតាមឃាត់ជនជាតិចិន ចំនួន១១នាក់ នៅជិតកន្លែងកើតហេតុ ក្នុងនោះមានស្រី ម្នាក់ផង រួចក៏នាំយកទៅសួរនាំនៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក។ ចំណែករថយន្តបង្កហេតុខាងលើ ដែលបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតអស់ចំនួន៤កង់នោះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES