Thursday, July 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចី២លាន កើនដល់៤៩លាន អត់លុយសង ប្តឹងចាប់ដាក់គុក

ខ្ចី២លាន កើនដល់៤៩លាន អត់លុយសង ប្តឹងចាប់ដាក់គុក

ខេត្តតាកែវ ៖ ស្ត្រីម្នាក់ បានអះអាងថា កូនស្រីរបស់គាត់ បានចងការប្រាក់ឯកជន ចំនួនត្រឹមតែ ២លានរៀលប៉ុណ្ណោះ តែដោយសាររកប្រាក់បង់ការមិនទាន់ ក៏ធ្វើឱ្យបំណុលកើនឡើងដល់៤៩លានរៀល រហូតម្ចាស់បំ ណុលប្តឹងចាប់កូនស្រីរបស់គាត់និងកូនប្រសា ២នាក់ប្តីប្រពន្ធ ដាក់គុក បន្សល់ទុកកូន៣នាក់ ឱ្យនៅកំព្រាឯកា ធ្លាក់បន្ទុកមកលើរូបគាត់ជាជីដូន ត្រូវរ៉ាប់រងមើលថែ។

ប្តីប្រពន្ធជាកូនបំណុលដែលត្រូវម្ចាស់បំណុលប្តឹងចាប់ដាក់គុកនោះ ស្ត្រីជាប្រពន្ធ មានឈ្មោះធីដា អាយុ៣៥ឆ្នាំ ចំណែកបុរសជាប្តី មានឈ្មោះផាន់ សុផាត អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ចំណែកម្ចាស់បំណុល មានឈ្មោះអេង សុខា មានលំនៅក្នុងភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់។

តាមប្រភពស្ត្រីជាម្តាយរបស់កូនបំណុល បានរៀបប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ថា ដើមហេតុដំបូង កូនស្រីរបស់គាត់ ឈ្មោះធីដា បានទៅចងការប្រាក់ ពីឈ្មោះអេង សុខា ចំនួន២លានរៀល ដោយត្រូវបង់ចុងការ ក្នុង១ថ្ងៃ ១៦ម៉ឺនរៀល ហើយកូនស្រីគាត់ តែងតែបង់ការ ដោយមិនឱ្យម្តាយ ឬគ្រួសារបានដឹងឡើយ ហើយអាជ្ញាធរភូមិ-ឃុំ ក៏មិនបានដឹងឮដែរ គឺលក្ខណៈចងការឯកជនស្ងាត់ៗតែម្តង។

ស្ត្រីជាម្តាយ បានបន្តថា ស្រាប់តែកន្លងទៅថ្មីៗនេះ សមត្ថកិច្ចស្រុកត្រាំកក់ បានដាក់លិខិតកោះហៅកូនគាត់ទាំងប្តីប្រពន្ធ (ប្រពន្ធឈ្មោះ ធីដា និងប្តីឈ្មោះផាន់ សុផាត) ដែលជាកូនបំណុល ឱ្យចូលទៅបំភ្លឺនៅអធិការស្រុកត្រាំកក់ ក្រោយមានពាក្យបណ្តឹងពីឈ្មោះអេង សុខា ជាម្ចាស់បំណុល។ ក្រោយចូលទៅបំភ្លឺរួចរាល់ហើយ កូនគាត់បានប្រាប់គាត់ថា ម្ចាស់បំណុល គេឱ្យផ្តិតមេដៃទទួលស្គាល់ថា នៅជំពាក់ប្រាក់ សរុប៤៩លានរៀល ហើយបានបោះពាក្យថា “បើមិនផ្តិតមេដៃទទួលស្គាល់នៅជំពាក់ប្រាក់ ៤៩លានរៀលនេះ គេនឹងប្តឹងចាប់ដាក់ គុកហើយ”។ ហេតុតែកូនរបស់គាត់ខ្លាចគេប្តឹងចាប់ដាក់គុក ក៏ព្រមផ្តិតមេដៃទទួលស្គាល់ថា នៅជំពាក់ប្រាក់ ៤៩លានរៀល ហើយកូនគាត់បានប្រាប់ថា ក៏បានសងគេអស់ចំនួន ១លានរៀលទៅហើយ។

ស្ត្រីជាម្តាយ បានបន្តថា លុះ១០ថ្ងៃក្រោយមក កូនគាត់បានទទួលលិខិតកោះហៅពីស្នងការរងទទួលផែនព្រ ហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យចូលទៅបំភ្លឺ ដោយមានលិខិតកោះហៅ ២នាក់ប្តីប្រពន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាកសួរ តាមពាក្យបណ្តឹង។ ក្រោយពេលខាងសមត្ថកិច្ចបានសាកសួរកូនគាត់ទាំង២នាក់ប្តីប្រពន្ធរួចហើយ កូនគាត់ក៏ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ហើយក្រោយសាលាដំបូងបានសាកសួរចប់ ខាងសាលាដំបូង បានសម្រេចឃុំខ្លួនកូនគាត់ទាំង២នាក់ ជាបណ្តោះអាសន្ន រង់ចាំការសើបអង្កេតនៅពេលក្រោយ ដោយគិតមកដល់ពេលនេះ កូនៗគាត់ ត្រូវឃុំខ្លួន រយៈពេល ១០ថ្ងៃហើយ។

ស្ត្រីជាម្តាយ បានសំណូមពរទៅដល់លោកវ៉ី សំណាង អភិបាលខេត្តតាកែវ លោកធាម ចន្ទពិសិដ្ឋ ប្រធានសា លាបូងខេត្តតាកែវ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមជួយរកយុត្តិធម៌ជូនកូនគាត់ផង ព្រោះគ្រាន់តែរឿងជំពាក់លុយ ហើយប្រពន្ធអ្នកខ្ចី បែរជាចាប់ទាំងប្តីដាក់គុកបន្ថែមទៀត បន្សល់ទុកកូន៣នាក់ ឱ្យនៅកំព្រាឯកា ត្រូវធ្លាក់បន្ទុកមកលើរូបគាត់ជាអ្នកមើលថែ។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានឱ្យដឹងថា សមត្ថកិច្ចធ្វើទៅតាមនីតិវិធីច្បាប់ រឿងឆបោកប្រាក់ និងយោងទៅតាមភ័ស្តុតាងមួយចំនួនប៉ុណ្ណោះ។

ដោយឡែក លោកឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៥ ថា រឿងនេះមិនមែនដូចការរៀបរាប់របស់ស្ត្រីជាម្តាយខាងលើទាំងស្រុងទេ សូមសួរនាំគាត់ឡើងវិញ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់បំណុលឈ្មោះអេង សុខា បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES