Thursday, July 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៥៨ សាលារៀន១

ខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៥៨ សាលារៀន១

ខេត្តកំពត ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៥៨ខ្នង និងសាលារៀន ១ខ្នង នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកចំនួន៦ នៃខេត្តកំពត ត្រូវបានខ្យល់កន្ត្រាក់វាយប្រហារ បណ្តាលឱ្យខូចខាត។

ហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងក្រុង-ស្រុក ចំនួន៦ រួមមាន ស្រុកបន្ទាយមាស ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ក្រុងបូកគោ និងក្រុងកំពត។

លោកខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងជាប្រធានលេខាធិការដ្ឋាន (គ.ខ.គ.ម) បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តកំពត បានទទួលរងដោយសារឥទ្ធិពលនៃខ្យល់កន្ត្រាក់ នៅក្នុងក្រុង-ស្រុក ចំនួន៦ ក្នុងនោះ៥ក្រុង-ស្រុក មានស្រុកបន្ទាយមាស ស្រុកឈូក  ស្រុកដងទង់ ស្រុកទឹកឈូ ក្រុងបូកគោ ដែលបង្កឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន ៥៨ខ្នង សាលារៀន ១ខ្នង ក្នុងនោះ រួមមាន ទី១-ស្រុកបន្ទាយមាស បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៩ខ្នងផ្ទះ និងខូចខាតសាលារៀន ចំនួន១ខ្នង ប៉ះពាល់ចំនួន ៤ឃុំ គឺឃុំទូកមាសខាងលិច ឃុំសំរោងលើ ឃុំស្តេចគង់ខាងជើង និងឃុំត្នោតចុងស្រង់។ ទី២-ស្រុកឈូក ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងផ្ទះ ប៉ះពាល់ចំនួន២ឃុំ គឺឃុំត្រពាំងបី និងឃុំដូនយ៉យ។ ទី៣-ស្រុកទឹកឈូ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤៥ខ្នងផ្ទះ ក្នុងនោះខូចខាតទាំង ស្រុងចំនួន២ខ្នងផ្ទះ ប៉ះពាល់ចំនួន៥ឃុំ គឺឃុំកូនសត្វ ឃុំត្រពាំងព្រីង ឃុំត្រពាំងធំ ឃុំកំពង់ក្រែង និងឃុំកំពង់សំរោង។ ទី៤-ក្រុងបូកគោ ខូចខាតផ្ទះ ប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ។ ទី៥-ស្រុកដងទង់ ខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ១ខ្នងផ្ទះ ស្ថិតនៅឃុំមានរិទ្ធ។ ដោយឡែកកាលពីពេលល្ងាចថ្ងៃដដែលនេះ ក្រុងកំពត ក៏រងគ្រោះដោយសារខ្យល់កន្ត្រាក់ដែរ ប៉ុន្តែក្រុមការងារធ្វើរបាយការណ៍មិនទាន់រួចនៅឡើយ។

លោកខៀវ រិទ្ធិភ័ណ្ឌ បានបញ្ជាក់ថា ឥទ្ធិពលនៃខ្យល់កន្ត្រាក់នេះ មិនបានធ្វើឱ្យពលរដ្ឋ ភ្ញៀវទេសចរ ឬ សត្វចិញ្ចឹម រងរបួសនោះទេ តែលោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវចេះស្វែងរកកន្លែងជ្រកដែលមានសុវត្ថិភាព ហើយហាមចតរថយន្ត ជ្រកភ្លៀងនៅក្រោមដើមឈើ៕

RELATED ARTICLES