ភ្នំពេញ ៖ ស្រីស្អាត ជូរី ល្អហួស ដែលត្រៀមប្រកួតបវរកញ្ញាជាថ្មី នៅចុងឆ្នាំ២០២៥ នេះ នាងក៏មានស្នាដៃធំ ២ទៀត ដែលត្រៀមបញ្ចេញនៅដើមឆ្នាំ២០២៦ នោះគឺភាពយន្ដដែលថៅកែផលិតកម្មមួយ លើកនាងឲ្យលេងជាតួឯក ទាំងពីររឿងតែម្ដង ព្រោះម្ចាស់ផលិតកម្មនោះពេញចិត្តទេពកោសល្យនិងសម្រស់របស់នាង។ ប្រភពបានឲ្យដឹងថា ភាពយន្ដនោះ ល្អហួស បានថតចប់រួចរាល់អស់ហើយ គឺនៅតែត្រៀមដាក់បញ្ចាំងប៉ុណ្ណោះ ។

លោកគីម សាន្ដ ត្រូវជាពូនិងគ្រប់គ្រងការងារសិល្បៈរបស់កញ្ញាល្អហួស បានឲ្យដឹងថាភាពយន្ដខ្នាតធំទាំងពីររឿងនោះ គឺពិតជាសមិទ្ធផលធំរបស់ល្អហួស នៅឆ្នាំ២០២៥ មែននោះគឺរឿង «កញ្ចក់» និងរឿង «បណ្ដាសាភូមិកំពង់បាទូ» ។ លោករំពឹងថា ក្រោយរឿងនេះដាក់បញ្ចាំង នឹងធ្វើឲ្យក្មួយស្រីរបស់លោក កាន់តែលេចធ្លោ ក៏ដូចជាមានសកម្មភាពសិល្បៈ រឹតតែច្រើនថែមទៀតជាមិនខាន ខណៈដែលសព្វថ្ងៃ ល្អហួស រវាល់ខ្លាំងទៅលើអាជីពមួយនេះ សឹងតែដកខ្លួនមិនរួចឡើយ ។ លោកថា រឿង «បណ្ដាសាភូមិកំពង់បាទូ» ល្អហួស សម្ដែងជាមួយតារាឥណ្ឌូណេស៊ី ហេតុនេះលោកជឿថា នឹងប្លែកជាងរឿងដែលក្មួយស្រីនេះសម្ដែងពីមុនៗ ។


សូមបញ្ជាក់ថា ជូរី ល្អហួស ថ្មីៗនេះនាងទើបចាប់ដៃគូច្រៀងសម្ដែងជាមួយដៃគូចាស់របស់ខ្លួន នាយកកណ្ដុរ បទកន្ទឹ្រម Cover បទ «ផ្កាក្រវាន់» ដែលក្នុងវ័យទើបពេញក្រមុំ អាយុ១៦ឆ្នាំនេះ ស្រីស្រស់ល្អហួស ពិតជាមានសម្រស់កាន់តែទាក់ទាញដូចឈ្មោះមែន រហូតធ្វើឲ្យប្រុសទាំងក្នុងនិងក្រៅស្រុក ជ្រួលជ្រើមកាន់តែខ្លាំង បើទោះជាគេមិនធ្លាប់ឃើញនាងចាប់អារម្មណ៍រឿងប្រុសសុំស្រលាញ់ក៏ដោយ ។ ប្រភពខ្លះថា ល្អហួស ក៏ត្រូវបានផលិតករផ្សេងទៀត ចាប់អារម្មណ៍ចង់ឲ្យនាងលេងឈុតសិចស៊ីដែរ ប៉ុន្ដែស្រីស្អាតរុបនេះ មិនប្រថុយនោះទេ បើទោះជាថ្មីៗនេះ នាងបានសាកល្បងសម្ដែងជាតួស្រីចិត្តសាវ៉ា ជាលើកដំបូង ដោយចាប់ដៃជាមួយតារាជើងចាស់ លោកសាវិន ហ្វីលីព តាមរយៈបទ «ក្អែកស្លាបហង្ស» ហើយថ្វីត្បិតតែគ្មានឈុតស្នេហាក្ដៅរោលរាលមែន តែល្អហួស បារម្ភខ្លាំង ខ្លាច Fan របស់នាង រិះគន់។ ចុះទម្រាំថតឈុតកាចៗនោះ ច្បាស់ណាស់ប្រាកដជាស្រីស្អាតដេកមិនលក់ឡើយ ។


គួរបញ្ជាក់ ជូរី ល្អហួស ដែលមានឈ្មោះដើមថា សុខ គីមហ័ង ជាបវរកញ្ញា Miss Preteen Junior Idol World 2024 និងម្ចាស់មកុដ Miss Preteen International Cambodia 2023 ហើយតាមព័ត៌មានថា នាងបានត្រៀមខ្លួនប្រកួតបវរកញ្ញា កម្មវិធីមួយទៀត នៅឆ្នាំ២០២៥ នេះ ។ អ្នកជំនាញសិល្បៈ បានព្យាករណ៍ថា ល្អហួស អាចនឹងវាយលុកទីផ្សារសិល្បៈខ្លាំង នាឆ្នាំ២០២៧ ខាងមុខ ដែលពេលនោះនាងមានអាយុ១៨ឆ្នាំ ៕


