កម្ពុជា-ន័រវេយ៍ ៖ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅប្រទេសន័រវេយ៍ លោកម៉ែន ណាត បានលើកឡើងថា ជុំវិញការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី និងរហូតបង្កសង្គ្រាម ប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក របស់ភាគីថៃ មកលើទឹកដីកម្ពុជា នៅថ្ងៃទិ២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ កម្ពុជា គួរប្រើយន្តការអន្តរជាតិ ៤ទៀត បន្ថែមលើការប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោកម៉ែន ណាត បានសរសេរក្នុងគណនីនិងទំព័របណ្ទាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៥ ថា «មូលហេតុខ្លះៗនៃរឿងដៃលភាគីថៃ ឈ្លានពានកម្ពុជា បង្កស្ថានការណ៍កាន់តែអាក្រក់ រួមមាន ÷
ទី១- ថៃយកលេសនៃវិវាទនយោបាយផ្ទៃក្នុងរបស់ខ្លួន ជាពិសេសពួកយោធា ជាសេណារីយ៉ូនៃរាជវង្សថៃ ដែលចង់ដកហូតអំណាចពីត្រកូលស៊ីណាវ៉ាត់។ ដោយរាស្ត្រថៃ គាំទ្រត្រកូលនេះច្រើន និងមិនងាយស្រួលក្នុងការដកអំណាចត្រកូលនេះផងនោះ ម្ល៉ោះហើយពូកយោធា និងអ្នកនយោបាយថៃ ក៏បំផុសគំនិតជាតិនិយម គឺឈ្លាន ពានកម្ពុជា តែម្តង។ រឿងបែបនេះ ភាគីថៃ បានធ្វើមកលើកម្ពុជា ជាច្រើនដងហើយ តាំងពីឆ្នាំ២០០៨ មក។
ត្រកូលស៊ីណាវ៉ាត់ ក៏បាត់បង់អំណាច ២លើកហើយដែរ ដោយសារពួកយោធាថៃ ធ្វើរដ្ឋប្រហារ នាពេលកន្លង ទៅ គឺអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ លុះបច្ចុប្បន្ននេះ តំណែងនាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (កូនស្រីលោកថាក់ស៊ីន) ក៏កំពុងរង្គោះរង្គើ។
ទី២- ភាគីយោធា និងអ្នកនយោបាយថៃ ចោទប្រកាន់គ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត់ នៅក្រោមលេសដែលជាបងប្អូនធម៌ ជាមួយលោក ហ៊ុន សែន មេដឹកនាំកម្ពុជា ដើម្បីព្យាយាមដកហូតអំណាចនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។
ដោយឥទ្ធិពលនៃរឿងនេះ ជំរុញបង្កភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ជាពិសេសបន្ទាប់ពីមានការផ្ទុះអាវុធនៅតំបន់មុំបី ខេត្តព្រះវិហារ ដែលបានធ្វើឲ្យទាហានខ្មែរ លោក សួន រ៉ោន ស្លាប់នាពេលកន្លងទៅថ្មីៗនេះ ពោលគឺនៅប៉ុន្មានថ្ងៃក្រោយមក បានធ្វើឲ្យគ្រួសារបងប្អូនធម៌ រវាងលោក ហ៊ុន សែន និងថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏មាន ការបែកបាក់គ្នា ក្រោមហេតុផលនៃសារសំឡេងសន្ទនាបែកធ្លាយរវាងលោក ហ៊ុន សែន និងលោកស្រី ផែថងថាន។
ទី៣- វិវាទព្រំដែនកម្ពុជា-ថៃ ធ្លាក់ដល់សភាពយ៉ាប់យ៉ឺនខ្លាំង ឈានដល់បិទច្រកព្រំដែនទាំងស្រុង ហើយរឿងវិវាទព្រំដែននេះ បានបន្ថែមមួយរឿងទៀត គឺរឿងជម្លោះបុគ្គលនៃគ្រួសារលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលឈានដល់ការដំណាក់កាលមួយ គឺភាគីថៃ ព្រមានដកទូតរបស់ខ្លួនពីទីក្រុងភ្នំពេញ ផង។
ទី៤- ភាគឺថៃ កាន់តែគឃ្លើនឈ្លានពានកម្ពុជា ជាពិសេសនៅតំបន់មុំបី និងប្រាសាទតាមាន់ធំ ក្នុងបំណងបង្កើតលេសបន្ថែមទៀត មិនចង់ឲ្យកម្ពុជា លើកសំណុំរឿងព្រំដែន ទៅប្តឹងតុលាការអន្តរជាតិ (ICJ) ដោយសារខ្លួនបន្តទាមទារការចរចាទ្វេភាគីដដែល ខណៈភាគីថៃ ខ្លួនឯងក៏មិនព្រមទទួលយកយុត្តាធិការរបស់តុលាការ ICJ តាំងពីភាគីថៃ មួយនេះ ចាញ់ក្តីកម្ពុជា លើសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។
ក្រោមលេសទាំងអស់របស់ថៃ ក្នុងការឈ្លានពានកម្ពុជា នេះ យើងមានការបារម្ភកាន់តែខ្លាំងចំពោះការប្រ ឈមមុខដាក់គ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ កាន់តែតានតឹងជាងមុន។
ដូច្នេះហើយ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យប្រើយន្តការអន្តរជាតិនានា បន្ថែមទៀត ខណៈកម្ពុជា ដែលកំពុងរៀបចំឯកសារប្តឹងផ្តល់ប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នេះ។ យន្តការអន្តរជាតិ ដែលគួរប្រើបន្ថែមនោះ មាន ÷
១. យន្តការបន្តធ្វើកំណត់ទូត ទៅភាគីថៃ ឲ្យបញ្ឈប់ឈ្លានពានកម្ពុជា។
២. ជូនដំណឹងផ្លូវការទៅសមាគមអាស៊ាន (ASEAN)។
៣. ស្នើកោះប្រជុំរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ពីព្រោះភាគីថៃ ក៏ជាម្ចាស់ហត្ថលេខី ហើយបានសន្យាជាឱឡារិកថា គោរពបូរណភាពទឹកដីកម្ពុជា។

៤. ត្រូវជូនដំណឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធថៃ ឲ្យបញ្ឈប់ឈ្លានពានកម្ពុជា រួមទាំងពន្យល់អំពីរឿងទាហានខ្មែរ លោក សួន រ៉ោន បានស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធនៅមុំបី ខេត្តព្រះវិហារ និងរឿងទាហានថៃ ចូលល្បាតក្នុងទឹកដីខ្មែរ បណ្តាលឲ្យជាន់គ្រាប់មីនចាស់ៗ រងរបួសនោះផង ខណៈថៃ ក៏ចង់រាយការណ៍រឿងគ្រាប់មីននេះ ទៅអង្គការសហប្រជាតិ (UN) ដែរ»៕ ខៀវទុំ