Tuesday, July 29, 2025
Homeតារាខ្មែរស៊ីន យូប៊ីន ឆ្លើយតបអ្នកជាន់ពន្លិច

ស៊ីន យូប៊ីន ឆ្លើយតបអ្នកជាន់ពន្លិច

ភ្នំពេញ ៖ ក្នុងចំណោមតារាលំដាប់ជូរមុខ មានតែស៊ីន យូប៊ីន ម្នាក់ប៉ុណ្ណោះដែលរងការិះគន់ខ្លាំងជាងគេ ថានៅពេលដែលប្រទេសជាតិ កំពុងតែរងគ្រោះ ព្រោះសៀម ឈ្លានពានទឹកដី រូបនាងបែរជានៅសម្ងំស្ងៀម អត់សកម្មភាពអ្វីទាំងអស់ ផ្ទុយពីតារាថៃ ដែលពួកគេស្រុះគ្នាបំភ្លៃការពិត មួលបង្កាច់ខ្មែរ ។ អ្នកប្រើប្រាស់បណ្ដាញសង្គម ចង់ឲ្យយូប៊ីន ដែលចេះនិយាយដល់ទៅ ៥ភាសា គឺខ្មែរ, ថៃ, វៀតណាម, ឡាវ និងអង់គ្លេស នោះ គួរតែប្រើសមត្ថភាពរបស់ខ្លួន បង្ហាញឲ្យពិភពលោកដឹងថា ថៃឈ្លានពានកម្ពុជា ហើយកម្ពុជា ជាអ្នករងគ្រោះ តែកម្ពុជា មានសិទ្ធិការពារខ្លួន ការពារដែនអធិបតេយ្យ និងប្រជាជនរបស់ខ្លួន ។ ប៉ុន្ដែយូប៊ីន បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ ទើបប្រភពខ្លះថា នាងមិនចង់និយាយពីថៃ ឈ្លានពានខ្មែរដោយសាតែខ្លាចប៉ះមុខរបរផ្ទាល់ខ្លួនរបស់នាង ដែលភាគច្រើនទិញ Franchise ពីថៃ ។

 ដោយសារតែមិនអាចនៅស្ងៀមបានតទៅទៀត ទើបកាលពីថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥ ស្រីស្អាត ស៊ីន យូប៊ីន បានចេញមកបំភ្លឺ ដោយដាក់សំណួរច្រាសទៅអ្នកវាយប្រហារនាងវិញថា «តើអ្នកវាយប្រហារខ្ញុំ ជាស្មារតីស្នេ ហាជាតិមែន ឬគ្រាន់តែចង់ឆក់ឱកាសនេះ ជាន់ពន្លិចខ្ញុំ?» ។

 ស៊ីន យូប៊ីន ដែលប្រើពណ៌សក់ ពណ៌ទង់ដែងនោះ ថ្លែងថា រូបនាងមិនមែននៅសម្ងំស្ងៀមទេ ពោលគឺបានទាក់ទងទៅស្ថាប័នព័ត៌មានអាមេរិក ល្បីៗ ដើម្បីឲ្យដឹងពីដំណឹងផ្សព្វផ្សាយពីកម្ពុជា ។ យូប៊ីន ថ្លែងថា «បងប្អូនដែលធ្លាប់តែជេរប្រមាថខ្ញុំ ព្យាយាមវាយប្រហារខ្ញុំ ចង់ប្រាប់ថា ខ្ញុំបានផ្ញើឯកសារទៅបណ្ដាញសារព័ត៌មានធំៗនៅអាមេរិក ឲ្យគាត់បានជួយ។បើសិនជាសារព័តមានទាំង៣នោះ គេទទួល (Confirm) មែន នេះហើយជាជ័យជម្នះរបស់យើង ព្រោះវាទៅដល់ពិភពលោកទាំងមូលតែម្ដង។ ប៉ុន្ដែនៅលើ Screen នោះ Confirm ហើយ គឺអស់លុយ ហើយលុយអ្នកណា គឺលុយខ្ញុំ។ មានអ្នកជួយខ្ញុំអត់? ខ្ញុំក៏មិនបានសុំជួយដែរ ប៉ុន្ដែអ្វីដែលខ្ញុំជួយ បានមកវិញ គឺជាការវាយប្រហារ និងជេប្រមាថ ប្រើសំដីនិងពាក្យពេចន៍ជេរប្រមាថ អសុរោះ។ ទោះជាខ្ញុំនិយាយអ្វីក៏ដោយ បងប្អូនគិតថា វាជាលេស ។ ខ្ញុំមានការងារជាច្រើនទៀត ពាក់ព័ន្ធបងប្អូនដែលភៀសសឹក យប់នេះ (២៧ ខែកក្កដា) ខ្ញុំត្រូវចេញទៅទាំងយប់ ទៅតាមជាយដែន  នៅតាមបន្ទាត់ក្រហមតែម្ដង ដើម្បីឲ្យជួយ។ ដូច្នេះហើយអ្វីដែលខ្ញុំធ្វើ គឺធ្វើឲ្យអស់ពីលទ្ធភាព ។ ប៉ុន្ដែសម្រាប់បងប្អូនដែលវាយប្រហារលើខ្ញុំ សាកសួរខ្លួនឯងវិញថា គ្រប់ទាំងអស់ទាំង Real Fan និង Fack Fan ថាអ្វីដែលបងប្អូនកំពុងតែជេរប្រមាថ វាយប្រហារខ្ញុំ  ក្នុងពេលនេះ តើវាជាស្មារតីស្នេហាជាតិមែន ចង់ឲ្យនាងខ្ញុំប្រើបណ្ដាញសង្គមរបស់ខ្ញុំ និយាយទៅកាន់ពិភពលោកពិត មែន  ឬមួយក៏គ្រាន់តែប្រើប្រាស់ឱកាសមួយនេះ ដើម្បីធ្វើការជាន់ពន្លិចខ្ញុំ? ខុសគ្នា ខ្ញុំអត់ខឹងទេ  ខ្ញុំក៏ខុសដូចគ្នា ព្រោះអត់បានធ្វើការងារនេះទាន់ពេលវេលា។ មិនមែនខ្ញុំស្ងាត់ ខ្ញុំអត់ធ្វើវីដេអូទេ ខ្ញុំធ្វើរួចហើយ តែមានការយឺតយ៉ាវ អ៊ីចឹងចាប់ពេលនេះតទៅ ខ្ញុំនឹងបង្ហាញវីដេអូគ្រប់ពេលវេលា»។

ដើម្បីកុំឲ្យគេថាចេះតែថា ស៊ីន យូប៊ីន បានបង្ហោះវីដេអូរបស់ខ្លួន និយាយពីបញ្ហាព្រំដែន ត្រូវសៀម ឈ្លានពាន ដោយនាងនិយាយជាភាសាអង់គ្លេស អមដោយរូបភាពសង្រ្គាមបង្កដោយទាហានសៀម ឈ្លានពាន នៅលើបណ្ដាញសង្គមទិកតុក របស់នាង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ តែអ្នកខ្លះនៅតែបន្ដដៀមដាមនាងដដែល។

សូមបញ្ជាក់ថា ស៊ីន យូប៊ីន Freshie លេខ១ ឆ្នាំ២០១៣ នាងបានផ្អាកផុសកម្មភាពសិល្បៈទាំងស្រុងរបស់ខ្លួន នៅលើផេកជាផ្លូវការ រយៈពេលជាងមួយខែទៅហើយ ដោយមិនដឹងមូលហេតុ ។ ប៉ុន្ដែមុនបាត់ខ្លួនលើហ្វេសប៊ុក យូប៊ីន បាននិយាយប្រាប់អ្នកកាសែតថា ភាពយន្ដខ្មែរ លែងមានអ្នកមើល ទូរទស្សន៍ លែងមានអ្នកមើល ដែលការលើកឡើងចំៗបែបនេះ ទោះជាអ្វីដែលនាងនិយាយជាការពិត តែធ្វើឲ្យអ្នករកស៊ីពាក់ព័ន្ធវិស័យនេះ មិនសប្បាយចិត្តឡើយ។ ប្រភពថា ស្រីស្អាតវ័យ២៩ឆ្នាំ រូបនេះ មានមុខរបរមួយចំនួន ក្រៅពីសិល្បៈ ដូចជាហាងអាហារជប៉ុន ដែលទិញ Franchise ពីថៃ, ហាង Yuzu ទិញ Franchise ពីថៃ និងមានហាងតែគជ់ Fire Tiger លំដាប់ Premium ដែលមានទីតាំងនៅផ្សារជីបម៉ុង ណូរ៉ូម៉ល ជាន់ទី២ ជាដើម ។ ប៉ុន្ដែរឿងស្នេហា យូប៊ីន នៅតែបិទជិត មិនព្រមបង្ហាញមុខគូស្នេហ៍ពិតឡើយ ខណៈដែលរឿងគេសង្ស័យថា នាងនិងលោកខាត់ វ៉ៃហាំង ជាដៃគូស្នេហានិងគ្នានោះ គឺគ្រាន់តែសម្តែងប៉ុណ្ណោះ ៕

RELATED ARTICLES